ឆែលស៊ី លត់ឥណ្ឌូនេស៊ី ៨-១ មុនចាកចេញពីអាស៊ី
ក្រុមតោខៀវឆែលស៊ី (Chelsea) បានបំបាក់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីអលស្តា (Indonesia All Stars) របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៨-១ ក្នុងការប្រកួតមិត្តភាពចុងក្រោយបង្អស់របស់ខ្លួន នៅតំបន់អាស៊ី នាទីក្រុងចាកាតា កាលពីយប់ថ្ងៃព្រហស្បតិ៏។
ក្រុមកីឡាករឆែលស៊ី សប្បាយរីករាយ នៅពេលបានជ័យជំនះ នៅឥណ្ឌូនេស៊ី។ (រូបថត football365.com)
ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក អេដិន ហាស្ស៊ាដ (Eden Hazard) បានរកគ្រាប់ទី១ បើកឆាកឲ្យឆែលស៊ីនាំមុខ នៅនាទីទី២២ ដោយការទាត់បាល់ពិន័យប៉េណាល់ទី បន្ទាប់ពីកីឡាករ ហ្វឺឌីណាន់ ស៊ីណាហ្គា (Ferdinand Sinaga) និងកីឡាករ ហាំកា ហាំសា (Hamka Hamsah) របស់ឥណ្ឌូនេស៊ី ធ្វើឲ្យមានកំហុសឆ្គងទៅលើកីឡាករប្រធានក្រុម ចន ថឺរី (John Terry) នៅក្នុងប្រអប់គ្រោះថ្នាក់។
[...]