របាយការណ៍៖ ឡាវ​រំលោភ​កិច្ច​ព្រមព្រៀង រឿង​ទំនប់​វារីអគ្គីសនី​«ដនសាហុង»

មានរបាយការណ៍ជាច្រើន បានបង្ហាញថា រដ្ឋាភិបាលឡាវ បានរំលោភទៅលើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែល​បានចុះហត្ថលេខា ដោយប្រទេសចំនួនបួនក្នុងតំបន់ទន្លេមេគង្គក្រោម ដែលទទួលស្គាល់ពី «សារៈសំខាន់​នៃការប្រើ​ប្រាស់ទន្លេរួមគ្នានេះ ឲ្យប្រកបដោយចីរភាព»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានរបាយការណ៍ជាច្រើន បានបង្ហាញថា រដ្ឋាភិបាលឡាវ បានរំលោភទៅលើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែល​បានចុះហត្ថលេខា ដោយប្រទេសចំនួនបួនក្នុងតំបន់ទន្លេមេគង្គក្រោម ដែលទទួលស្គាល់ពី «សារៈសំខាន់​នៃការប្រើ​ប្រាស់ទន្លេរួមគ្នានេះ ឲ្យប្រកបដោយចីរភាព»។


រូបបង្ហាញពីទីតាំង នៃទំនប់វារីអគ្គិសនី ដែលត្រូវសង់នៅចម្ងាយ២ចំអាម ពីព្រំដែនខ្មែរឡាវ។

វិបត្តិសង្គម - ក្នុងខែតុលា ឆ្នាំ២០១៣ រដ្ឋាភិបាលឡាវបានជូនដំណឹង ទៅគណកម្មការទន្លេមេគង្គ (MRC) ថាទំនប់ ដនសាហុងនេះ មិនស្ថិតនៅលើ «តួទន្លេមេនៃទន្លេមេគង្គ»ទេ ដែលគ្រាន់តែតម្រូវ ឲ្យមានការ«ជូនដំណឹងជាមុន» ជំនួសទៅនឹងការ«ពិគ្រោះយោបល់»។ ជំទាស់ទៅនឹងការលើកឡើងនេះ លេខាធិការដ្ឋាននៃគណកម្មការទន្លេមេគង្គ (MRC) បានបង្ហាញថា ដនសាហុង ជាទំនប់ ស្ថិតនៅលើតួ«ទន្លេមេនៃទន្លេមេគង្គ» ដែលមានទាំងក្នុង​ការអភិវឌ្ឍន៍​អាង (BDP) និងការវាយតម្លៃហេតុផលប៉ះពាល់ បរិដ្ឋានជាយុទ្ធសាស្រ្ត (SEA) នៃទំនប់ស្ថិតលើតួទន្លេមេនៃទន្លេមេគង្គ ដែលកាលនោះ ក៏មានការយល់ព្រមដោយរដ្ឋាភិបាលឡាវផងដែរ។

តាមទស្សនទានរបស់អង្គការក្រៅរដ្ឋាភិបាលបានរំលឹកថា រដ្ឋាភិបាលឡាវ វិស្វករជនជាតិម៉ាឡេស៊ី និងក្រុមហ៊ុន​វិនិយោគ មេហ្គាហ្វឺស ខូបូរ៉េសិន បឺហេត(Mega First Corporation Berhad,MFCB) ចុះហត្ថលេខាលើអនុសារណៈ​យោគយល់(MoU)ទៅលើការស៊ើបអង្កេតនៃសេដ្ឋកិច្ច បរិដ្ឋាន និងលទ្ធភាពបច្ចេកទេស របស់គម្រោងទំនប់​វារីអគ្គីសនី ដនសាហុង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៧។

លុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៧ ការសិក្សាពីគម្រោង និងពង្រាងរបាយការណ៍វាយតម្លៃ​ពីការប៉ះពាល់បរិដ្ឋាន​នៃគម្រោងទំនប់វារីអគ្គីសនី ដនសាហុង ត្រូវបានផ្សាយចេញដោយអ្នកពិគ្រោះយោបល់ វាយតម្លៃពីផល​ប៉ះពាល់​បរិដ្ឋាន(EIA) PEC Konsult Sdn Bhd និងក្រុមហ៊ុនថាមពល និង ទឹក របស់ប្រទេសអូស្ត្រាលី(Austrian Power and Water) បន្ទាប់ពីបានទទួលសិទ្ធិពីក្រុមហ៊ុនវិនោយោគ MFCB មក។

ទស្សនទានខាងលើបន្តថានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៨ កិច្ចព្រមព្រៀងសម្បទានមួយចំពោះទំនប់វារីអគ្គីសនី ដនសាហុង នេះត្រូវបានកើតឡើង ដែលចុះហត្ថលេខារវាងប្រទេសឡាវ និង MFCB ទោះជា EIA មិនត្រូវបានទទួល​ស្គាល់ជាមួយនឹងសញ្ញាព្រមានមួយក៏ដោយ។ ការអនុញ្ញាតិឲ្យ MFCB ឈានទៅដល់ការចចារ«ទុំជោរ»មួយ រួមទាំង​ការបញ្ចប់ ការបង្ហើយនូវព័ត៌មានលំអិតនៃគម្រោងនេះជាមួយរដ្ឋាភិបាលឡាវ និងមុខសញ្ញាអ្នកទិញ​អគ្គីសនីដែលត្រូវ​ធ្វើនៅមុនដំណាច់ខែកញ្ញា ឆ្នាំ២០០៩។

អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធ នឹងបញ្ហាខាងលើបានបន្ថែមថា តាមការសិក្សាថ្មីៗរបស់ IFReDL បញ្ជាក់​ច្បាស់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការនេសាទត្រីទឹកសាប ដោយសារតែការអភិវឌ្ឍន៍ទំនប់វារីអគ្គីសនី លើតួទន្លេមេ​នៃទន្លេមេគង្គ ដែលអាចប៉ះពាល់«អវិជ្ជមាន»លើសន្តិសុខស្បៀង អាហាររូបត្ថម្ភ និងសុខភាពសាធារណៈ។

ក្នុងរបបគំហើញថ្មី នៃការស្រាវជ្រាវដដែលស្តីពី «ទន្លេសាបនាពេលបច្ចុប្បន្ន និងអនាគត» ក៏បានបង្ហាញនូវ​ផល​ប៉ះពាល់ពីការអភិវឌ្ឍន៍ នៃទំនប់វារីអគ្គីសនីលើតួទន្លេមេនៃទន្លេមេគង្គ ទៅលើបរិដ្ឋាន សង្គម សេដ្ឋកិច្ច និងប្រព័ន្ធបឹង​ទន្លេសាបដែរ។

យោងតាមការលើកឡើងដោយឡែកមួយទៀត ពីបញ្ហានៃការធ្វើចរាចរណ៍របស់ត្រី ពាក់ព័ន្ធកត្តាអេកូឡូស៊ី និង​កម្រិតខ្ពស់នៃការបំលាស់ទីកន្លែងរបស់ត្រី មជ្ឍមណ្ឌលត្រីពិភពលោក(World Fish Center) ក្នុងឆ្នាំ២០០៧ បាន​លើកពីទំនប់ដនសាហុង និងជនផលទន្លេមេគង្គ ដែលបញ្ជាក់ថា តាមការស្រាវជ្រាវមិនបានបង្ហាញៀ្យឃើញថា ក្នុងអាងទន្លេមេគង្គ ពុំឃើញមានឧទាហរណ៍នៃផ្លូវត្រីឆ្លងកាត់ ដែលប្រកបដោយប្រសិទ្ធិភាពឡើយ។

អង្គការ WWF ក្នុងឆ្នាំ២០០៧ តាមសេចក្តីសង្ខេបតាមបែបវិទ្យាសាស្រ្ត ពីទំនប់ដនសាហុង និងសត្វផ្សោត​អ៊ីរ៉ាវ៉ឌី (Irrawaddy) បង្ហាញថា ទំនប់នេះអាចគម្រៀមកំហែងការរស់នៅនៃហ្វូងសត្វផ្សោតអ៊ីរ៉ាវ៉ឌី នៅអន្លង់ទឹក អន្លង់​ឈើ​ទាល ដែលជាហ្វូងសត្វផ្សោតអចិន្ត្រៃយ៍តែមួយគត់ របស់ប្រទេសកម្ពុជា។

តាមការបញ្ជាក់នៃរបាយការណ៍របស់សម្ព័ន្ធទន្លេកម្ពុជា(RCC) ស្តីពីគម្រោងវារីអគ្គីសនីដនសាហុង បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០០៧ នៅពេលផែនការនៃគំរោងទំនប់នេះត្រូវបានដឹងលឺជាលើកដំបូង អង្គការក្រៅរដ្ឋាភិបាល​ចំនួន២៨ បានដាក់លិខិតចំហរមួយទៅរដ្ឋាភិបាលឡាវ គណកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិក​គណៈកម្មការទន្លេមេគង្គ ដោយអំពាវនាវឲ្យស្នើសុំឲ្យ«ពិចារណាគម្រោងនេះឡើងវិញ»។

របាយការណ៍នោះបានបន្តថា ក្នុងខែឧសភា ឆ្នាំ២០០៧ អ្នកវិទ្យាសាស្រ្តចំនួន៣៤រូប ក៏បានដាក់លិខិតទៅ​រដ្ឋាភិបាល​ឡាវ ដោយជំរុញឲ្យអ្នកធ្វើសេចក្តីសំរេច ពិចារណានូវទំងន់នៃភស្តុតាងវិទ្យាសាស្រ្ត ដែលនឹងបង្ហាញថា «គម្រោង​ដន​សាហុង មានលក្ខណៈវិនាសដ៏ធំធេង ដែលសូម្បីតែថ្លៃចំណាយសេដ្ឋកិច្ច និងជីវភាព ក៏មានទំងន់ជាង​អត្ថ​ប្រយោជន៍​សុទ្ធដែរ»។

មកទល់នឹងពេលនេះទាំងក្រុមហ៊ុន MFCB និងភាគីប្រទេសឡាវ នៅមិនទាន់បានបញ្ចេញជាសាធារណៈ នូវឯកសារ​គម្រោងសំខាន់ៗទាក់ទិននឹងបរិដ្ឋាន និងសង្គម។ ឯប្រជាពលរដ្ឋវិញក៏មិនទាន់បានទទួលនូវព័ត៌មានត្រឹមត្រូវ និង​គ្រប់គ្រាន់ពីផលប៉ះពាល់«អវិជ្ជមាន»នៃទំនប់ដែលអាចនឹងកើតមាន។ សម្រាប់ភាគីប្រទេសកម្ពុជា ក៏នៅមិនទាន់​មានការជួបពិគ្រោះយោបល់គ្នាជាមួយភាគីឡាវ និងក្រុមហ៊ុន MFCB នោះនៅឡើយដែរ។ នេះបើតាមការបញ្ជាក់​របស់រដ្ឋលេខាធិការក្រសួងបរិដ្ឋានកម្ពុជា លោក ទា ជុប។ ជាមួយគ្នានេះ តាមការណែនាំ និងបង្ហាញពី​បច្ចុប្បន្នភាព​នៃទំនប់ ដនសាហុង លោក តែ ណាវុធ អគ្គលេខាធិការគណកម្មការជាតិទន្លេមេគង្គកម្ពុជា បានទទួលស្គាល់ដូច​គ្នា​ពីបញ្ហាខាងលើ។ ឯបញ្ហាការវាយតម្លៃពីផលប៉ះពាល់នៃទំនប់នេះលោក ដាញ់ សេរី អនុប្រធាននាយកដ្ឋាន EIA នៃ​ក្រសួងបរិដ្ឋាន ក៏បានបញ្ជាក់ថានៅពុំទាន់មានការធានា និងបង្ហាញច្បាស់លាល់ណាមួយលើគម្រោង​នៃទំនប់នេះ​ឡើយ។

ហេតុផលខាងលើនេះបានជំរុញ ឲ្យវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សហការជាមួយសម្ព័ន្ធ​ទន្លេ​កម្ពុជា បង្ហាញនូវការព្រួយបារម្ភ ចមពោះការកសាងទំនប់ដនសាហុងនេះ។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ​វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលបីថ្ងៃទី១១ -១២ ខែមីនា ឆ្នាំ២០១៤នេះ បានធ្វើការមូលមតិ និងសម្រេចចម្លើយមួយថា«ទេ» ទៅកាន់ការសាងសង់ទំនប់វារីអគ្គីសនី«ដនសាហុង» និង«ទេ» ទៅកាន់ការ​សាង​សង់ទំនប់វារីអគ្គីសនីនៅលើ«តួទន្លេមេនៃទន្លេមេគង្គ» បើសិនជាមិនបានបំពេញទៅតាមលក្ខខណ្ឌមួយចំនួន ដែល​បានរកឃើញដោយអង្គការសង្គមស៊ីវិល ដែលតំណាងឲ្យប្រជាពលរដ្ឋ និងប្រយោជន៍សាធារណៈ។ លក្ខខណ្ឌ​ទាំង​នោះ ស្នើឲ្យរដ្ឋាភិបាលឡាវ ធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ពីធនធានជលផល លំហូរទឹក ប្រព័ន្ធកសិកម្ម​អាងទន្លេមេគង្គ ទន្លេសាប និងដែនដីសន្តរទន្លេមេគង្គ ការធ្វើចរាចណ៍ត្រី ជិវិតសត្វផ្សោត បរិដ្ឋាន ជីវចម្រុះ។ ពិគ្រោះ​យោបល់ជាមួយប្រទេសផ្នែកខាងក្រោម ពីគុណភាពទឹកសម្រាប់ប្រើប្រាស់ ជីវិតប្រជាពលរដ្ឋ សង្គមវប្បធម៌ជា​ដើម៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...