
នៅពេលរដ្ឋមន្ត្រីថវិកាបារាំង កុហកពីគណនីធនាគារខ្លួននៅស្វីស
តើនេះ ជាការរលំដួលរបស់មនុស្សម្នាក់ ឬជាសំនុំរឿងរបស់រដ្ឋមួយទាំងមូល?
នៅបន្ទាប់ពីការឆ្លើយសារភាព របស់អតីតរដ្ឋមន្ត្រីទទួលបន្ទុកថវិកាបារាំង ពិភពអ្នកនយោបាយ ក្នុងប្រទេសបារាំង ទាំងស្របទាំងប្រឆាំង កំពុងតែស្វែងរកចម្លើយ អំពីការពិតមួយ។ ការសួរដេញដោលនៅសភាជាតិ ការវាយលុករបស់ក្រុមគណបក្សប្រឆាំង ... សព្វគ្រប់បែបយ៉ាង កំពុងតែចំអក ឲ្យស្ថាប័នដ៏កំពូលរបស់ប្រទេស រាប់ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងត្រូវបាន គេយកមកធ្វើជាផ្ទាំងស៊ីប។
តំណាងរាស្ត្រមួយរូប មកពីគណបក្សជំទាស់ ស្ដាំនិយម (UMP) បានចោទជាសំនួរឡើងថា «គេហទំព័រសារព័ត៌មានមួយ ដឹងរឿងច្បាស់ជាង ប្រមុខរដ្ឋ ...»? រីឯអ្នកខ្លះទៀត ស្នើសុំអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ពីជែ ម៉ូស្កូវីស៊ី (Pierre Moscovici) អោយលាលែងពីតំណែង ដោយចោទរដ្ឋមន្ត្រីរូបនេះ ថាធ្លាប់ទំនុកបំរុងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac)។ អ្នកខ្លះទៀត [...]