មនុស្ស៣៣នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ផ្ទុះរថយន្ដក្រុង នៅម៉ារ៉ុក
គ្រោះថ្នាក់បានកើតឡើង នៅព្រឹកព្រហាមថ្ងៃសុក្រ ទី១០ ខែមេសា នៅក្នុងតំបន់ ឈប៊ីកា (Chbika) នៃខេត្ត តានតាន ដែលស្ថិតនៅ១០០០គីឡូម៉ែត្រ ភាគនារតីពីរាជធានី រ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក និងបានបណ្ដាលឲ្យមនុស្ស៣៣នាក់ ស្លាប់បាត់បង់ជីវិត ព្រមទាំង៩នាកផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក ហៅថា MAP ដែលបានស្រង់ប្រភព របស់អាជ្ញាធរតំបន់ មកបញ្ជាក់។
គ្រោះថ្នាក់រវាងរថយន្ដក្រុង និងរថយន្ដស៊ីទែនដឹកប្រេងនេះ បានបង្កឲ្យមានការផ្ទុះឆេះ ជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ រូបភាពដំបូងៗ ដែលត្រូវបានថតដោយបណ្ដាជនក្នុងតំបន់ ដែលត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត បានបង្ហាញឲ្យឃើញពី សភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះ៖ រថយន្ដក្រុងស្ថិតក្នុងអណ្ដាតភ្លើង ខណៈមួយផ្នែករបស់រថយន្ដ បានខ្លោចទៅជាធ្យូងទៅហើយ។
បើតាមអាជ្ញាធរតំបន់ដដែល បាននិយាយថា គ្រោះថ្នាក់បានសម្លាប់មនុស្ស ៣៣នាក់ ដែលពីក្នុងនោះភាគច្រើន [...]