ប្រតិកម្មប្រឆាំងអាជ្ញាធរ ដែលធ្វើទារុណកម្ម និងចាប់ព្រះសង្ឃនៅសៀមរាបដាក់គុក
ហេតុការណ៍ចាប់ខ្លួននេះ ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនសន្ធឹកសន្ទាប់ យកមកចុះផ្សាយ ដោយភាគច្រើនគ្រាន់តែ«បន្ទរតាម» ការចោទប្រកាន់របស់អាជ្ញាធរ ឬតាមការបកស្រាយរបស់ក្រុមមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការបកស្រាយ របស់ព្រះសង្ឃ ហួ សុផាត ដែលគង់នៅវត្តជាមួយព្រះសង្ឃ ពេជ្រ ដេវីត (ព្រះសង្ឃដែលត្រូវបានចាប់ឃាត់ព្រះកាយ) បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទព័ត៌មាន ថ្ងៃទី៣០ ខែកញ្ញានោះ ថាហេតុការណ៍ពិតប្រាកដ នៅយប់ថ្ងៃទី ១៨ ខែកញ្ញា មិនពិតជាដូចការចោទប្រកាន់ឡើយ។
ព្រះសង្ឃ ហួ សុផាត មានសង្ឃដីការថា ដោយសារសាច់ញោមធម៌របស់ព្រះសង្ឃ ពេជ្រ ដេវីត ស្លាប់នៅកៀនស្វាយ ទើបព្រះសង្ឃ ពេជ្រ ដេវីត បានប្រើកូនសិស្សពីនាក់ឈ្មោះ ហួត ចាន់ត្រា និងឈ្មោះ សំអាត ឲ្យទៅទិញសំបុត្ររថយន្ដ ដើម្បីនិមន្តមករាជធានីភ្នំពេញ។ ប៉ុន្តែរហូតដល់ម៉ោង ១១:០០យប់ ទើបឃើញកូនសិស្សត្រឡប់មកវិញ។ [...]