ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល
នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅកម្ពុជា មិនត្រឹមតែប្រតិកម្ម ទៅនឹងការថ្លែងឡើង របស់មេដឹកនាំគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ តែបើសូម្បីសំដីចំអក របស់អ្នកគាំទ្រគណបក្សប្រឆាំង ក៏លោកត្រូវប្រតិកម្មតបវិញដែរ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែឧសភានេះ លោក ហ៊ុន សែន បានលើកឡើងដោយមិនចំឈ្មោះ តបទៅនឹងពាក្យសំដីនោះ ដែលលោកចាត់ទុកថា ជាការប្រមាថដ៏ធ្ងន់ សម្រាប់អ្នកគាំទ្រគណបក្សលោក។ លោកបានពន្យល់ថា គណបក្សប្រជាជនកម្ពុជារបស់លោក បានខំអត់ធ្មត់ ដោយមិនបានទៅដុតផ្ទះ របស់ម្ចាស់សំដីនោះទេ។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទច្រើនរយនាក់ នៅក្នុងសាលមហោស្រពកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «ថ្ងៃមុន នៅតាមហ្វេសប៊ុកផេកមួយ ខ្ញុំមិនដឹងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការបែបណាទេ ក៏ប៉ុន្តែគឺជាការប្រមាថដ៏ធ្ងន់ [...]