១១ ឆ្នាំ នៅតែគ្មាន«ពន្លឺ»យុត្តិធម៌សម្រាប់ ជា វិជ្ជា
អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ដែលត្រូវបានជនដៃដល់បាញ់ប្រហារ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពី១១ឆ្នាំមុននោះ មកទល់ពេលនេះ នៅមិនទាន់មានការអះអាងណាមួយ ឲ្យ«ច្បាស់លាស់» ក្នុងការស្វែងរកចាប់ខ្លួនជនល្មើស ពីក្រុមសមត្ថកិច្ចរបស់កម្ពុជានៅឡើយទេ។ នេះបើទោះជាមានលិខិតចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយលោក សុខ រឿន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ អគ្គស្នងការនគរបាលជាតិ ប្រមូលភស្តុតាងនានា ដែលពាក់ព័ន្ធនឹងការលបលួចធ្វើឃាត លើលោក ជា វិជ្ជា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ក៏ដោយ។
បន្ទាប់ពីលិខិតខាងលើ និងរហូតមកទល់ពេលនេះ អគ្គស្នងការនគរបាលជាតិ នៅមិនទាន់មានការឆ្លើយតបណាមួយឡើយ [...]