រដ្ឋាភិបាលគ្មានសមត្ថភាពរកឃាតករ«ពិត» ដែលបាញ់សម្លាប់ ជា វិជ្ជា?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤-ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤» ជាខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា។ ការអតីតប្រធានសហជីពខាងលើ ដោយជនប្រដាប់អាវុធមួយក្រុម ដែលជាឃាតករបាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅពេលដែលលោក កំពុងឈរអានកាសែតមុខតូបមួយ ខាងលិចអែបរបងវត្តសង្កា ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកកងមួយ ចំការមន រាជធានីភ្នំពេញ។
ពិធីរំលឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់មេដឹកនាំសហជីព នៅទីតំកល់រូបចម្លាក់របស់លោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ក្រោយការបាញ់សម្លាប់លោកជា វិជ្ជា ដែលគិតមកត្រឹមថ្ងៃនេះ មានរយៈពេល១០ឆ្នាំគត់នោះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ស្វែងរកមុខឃាតករ«ពិត» ឃើញនៅឡើយទេ ក្រៅពី«ឃាតករ» សិប្បនិម្មិត ដែល ក្រុមអ្នករិះគន់ចោទថា ត្រូវបានបង្កបង្កើតឡើង ដោយអាជ្ញាធរមានសមត្ថកិច្ចខ្លួនឯង។
នាព្រឹកថ្ងៃទី២២ ខែមករា ដែលជាថ្ងៃរំលឹកខួបទី១០ នៃការបាញ់សម្លាប់លោក ជា វិជ្ជា នេះ វត្តមានកម្មករ សហជីព សង្គមស៊ីវិល និងមេដឹកនាំគណបក្សប្រឆាំងបានចូលរួម យ៉ាងច្រើនកុះករ ដោយឡែក ពុំមានវត្តមាន នៃមន្រ្តីមកពី គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងតែកាន់អំណាចសព្វថ្ងៃនោះឡើយ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា ដែលជាប្អូនប្រុសបង្កើត របស់លោក ជា វិជ្ជា បានបង្ហាញនូវភាពគ្មានជំនឿចិត្តលើរដ្ឋាភិបាល ពិសេសស្ថាប័ន«តុលាការ» ដែលមកទល់នឹងពេលនេះ មិនអាចស្វែងរកឃាតករ«ពិត»មកផ្តន្ទាទោសបាន។ លោកក៏បានបញ្ជាក់ថា ការស្វែងរកឃាតករ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវស្វែងរកអ្នកបាញ់សម្លាប់។ «ប្រទេសមានច្បាប់ ការបាញ់សម្លាប់មនុស្ស អ្នកទទួលខុសត្រូវនៃការបាញ់ អ្នកនៅពីក្រោយខ្នងត្រូវតែវែកមុខ និងត្រូវតែបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។ (...) ប្រទេសមានច្បាប់ មិនធ្វើការអនុវត្តច្បាប់ មិនដឹងជាប្រទេសស្អីទេ?»
«យើងមានសភស្តុតាងចង្អុលទៅរករដ្ឋាភិបាល»
កញ្ញា សេង ធារី ប្រធានមជ្ឃមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ បានលើកឡើងថា រដ្ឋាភិបាលមានតួនាទីកំពូល ជាតួនាទីផ្លូវការក្នុងការតាមដាន ស្រាវជ្រាវ និងស្វែងរកឃាតករដែលបានបាញ់សម្លាប់លោក ជា វិជ្ជា។ កញ្ញាបានបន្តរដោយក្តីអស់សង្ឃឹមថា «យើងមានភាពសង្ស័យលើរដ្ឋាភិបាលដែរថា រដ្ឋាភិបាលអាចមានដៃចូលរួមក្នុងការធ្វើឃាតលើគាត់(ជា វិជ្ជា)។ យើងមានសភស្តុតាងចង្អុលទៅរករដ្ឋាភិបាល។ យើងជាសង្គមស៊ីវិលត្រូវការដាក់សម្ភាធលើអាជ្ញាធរ ឲ្យគាត់ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ជូនគ្រួសារនៃជនរងគ្រោះ។»
ប្រធានបច្ចុប្បន្ន នៃសហជីពសេរីកម្មករនៃព្រះរាជជាណាចក្រកម្ពុជា លោក ជា មុន្នី បានបន្ថែមថា លោកសូរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នករាយការពិសេសេពីសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលថ្មីៗ ព្រមទាំងបានលើកពីការកែទម្រង់ប្រព័ន្ធតុលាការនេះ។ លោកបន្តរឲ្យដឹងថា បើលោក ហ៊ុន សែន ទទួលយកអនុសាសន៍ ក្នុងការកែទម្រង់ប្រព័ន្ធតុលាការឲ្យ«យុត្តិធម៌ ឲ្យឯករាជ្យ» លោកនឹងបន្តរដាក់ពាកបណ្តឹងសារជាថ្មីទៅកាន់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ សម្រាប់អ្នកដែលបានស្លាប់ ដោយការបាញ់ប្រហារនាពេលកន្លងមក។
លោកស្រី មួរ សុខ ហួរ បេក្ខនារីជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងប្រហាក់ប្រហែល នឹងអ្នកទាំងពីរខាងលើថា ក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា កូនរបស់លោក ជា វិជ្ជា បានសួរកមុខថា អ្នកណាជាអ្នកបាញ់សម្លាប់? លោកស្រីបានបន្ថែមថា «យើងនៅតែទាមទារកយុត្តិធម៌ជានិច្ច។ តែយើងគ្មានសង្ឃឹមទេ បើអ្នកដឹកនាំនៅតែដដែលៗ នឹងមិនរកយុត្តិធម៌ជុនដល់លោក ជា វិជ្ជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ដែរ។ (...) លោកជា វិជ្ជា ជាវីរៈកម្មករ។ »
«ឃាតករ» សិប្បនិម្មិត ជាប់ទោសក្នុងពន្ធនាគារ ១០ឆ្នាំ ដោយគ្មានកំហុស!
ចំពោះបញ្ហានៃការចោទប្រកាន់ខាងលើនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់ស្វែងរកប្រតិកម្មតបត ពីមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នរដ្ឋាភិបាលនៅឡើយទេនាល្ងាចនេះ។
សូមរម្លឹកថា ក្រោយពីឃាតកម្មលើរូបលោក ជា វិជ្ជា ប៉ុន្មានថ្ងៃ លោក ប៊ន សំណាង និង សុខ សំអឿន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពី«បទឃុបឃិតប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន» លើរូបលោក ជា វិជ្ជា ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ។
បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិមនុស្ស បានបញ្ជាក់អំពីភាពគ្មានទោសកំហុសរបស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏ដោយ ក៏កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧ សាលាឧទ្ធរណ៍បានចេញសាលដីកាសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដោយឱ្យជនគ្មានកំហុសទាំងពីរ ជាប់ពន្ធនាគារបន្តទៅទៀត។
តែកាលពីម្សិលម៉ិញនេះ តុលាការកំពូលក៏បានចេញសេចក្តីសម្រេច លើកលែងការចោទប្រកាន់ខាងលើនេះ ដែលធ្វើឲ្យឃាតករសិប្បនិមិត្តទាំងពីរ បានត្រលប់មករកសេរីភាពជាថ្មី ដូចប្រជាពលរដ្ឋទូទៅវិញ។ នេះជាការបញ្ជាក់ដោយលោក ជា មុន្នី។ តែជាសេរីភាព ដែលត្រូវបានគេឆក់យក់ទៅបាត់ ទទេរៗ អស់រយៈពេលជិត១០ឆ្នាំ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤