អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: April 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមអ្នកនាំពាក្យ គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(LND) ដែលជាគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី បាននិយាយថា លោកស្រី ស៊ូជី បានឈ្នះកៅអី សភាជាលើកដំបូង ក្នុងអាជីពនយោបាយរបស់គាត់ នៅមណ្ឌល «កាវមូ» ស្ថិតនៅក្នុងតំបន់ជនបទមួយ ចំងាយប្រមាណជា ពីរម៉ោង ពីទីក្រុងរ៉ុងហ្គូន។ ជាលទ្ធផលមិនផ្លូវការ នៃការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យទី១ ខែមេសា​ កន្លងមក ហើយលទ្ធផលជាផ្លូវការ ត្រូវគេរំពឹងថា នឹងចេញនៅមួយសប្តាហ៍ទៀត។ ប៉ុន្តែពួកអ្នកមានសមានចិត្ត ជិតស្និតនឹង គណបក្សប្រឆំាង បានប្រញ៉ាប់ប្រញ៉ាលប្រកាស ទទួលស្គាល់ ជ័យជំនះនេះ រួចទៅហើយ។

ទាំងនេះយោងតាម ភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)  ហើយត្រូវបានដកស្រង់ យកទៅចុះផ្សាយ ព្រោងព្រាត ដោយកាសែតបារាំងផ្សេងៗទៀត  ។

ក្រោមការទះដៃ យ៉ាងកងរំពងរបស់អ្នកគាំទ្រ អ្នកទទួលខុសត្រូវម្នាក់បាន ឧទានឡើងថា «ដាវ អ៊ុងសាន ស៊ូជី បានជាប់ឆ្នោតហើយ» ។ ណាវ អ៊ុនជី (Naw Ohn Kyi) ជាកសិករម្នាក់ នៅវ៉ាត់ធីនខា(Warthinkha) បាននិយាយថា « គ្រួសាររបស់ខ្ញុំទាំងមូល បានបោះឆ្នោតឲ្យអ្នកមីង ស៊ូ ហើយខ្ញុំក៏ជឿជាក់ផងដែរថា អ្នកជិតដិតទាំងអស់របស់ខ្ញុំ ក៏នឹងធ្វើ ដូចគ្នានេះដែរ»។ ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ១៩៩១ រូបនេះទំនង ជាទទួលបានសន្លឹកឆ្នោត ដល់ទៅ៨២%។

កៅអីចំនួន ៤៥កៅអី​ ត្រូវបានគេបែងចែក  សំរាប់ការបោះឆ្នោត នៅក្នុងប្រទេសទាំងមូល ដែលក្នុងនោះមានអាសនៈ ចំនួន៤៤ ត្រូវបានឈរដោយ បេក្ខជនមកពី គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុង សាន ស៊ូជី រួមមាន ៣៧អាសនៈ នៅសភាថ្នាក់ក្រោម ៦អាសនៈ នៅសភាពថ្នាក់ខ្ពស់ និង ២អាសនៈទៀត ជារបស់សភាតំបន់។ គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ និយាយថា បានឈ្នះ​នៅក្នុង១៩ មណ្ឌល ពីចំណោម ៤៥​ មណ្ឌល ដែលត្រូវប្រកួតប្រជែង។ ចំណែកឯ គណកម្មាធិការរៀបចំការបោះឆ្នោត ឯណោះវិញ មិនទាន់បានផ្តល់ នូវលទ្ធផលអ្វីទេ ។

ភាពមិនប្រក្រតី

ថ្ងៃបោះឆ្នោតដំបូង គណបក្សសម្ពន្ធ័ជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ បានធ្វើការរិះគន់ពីភាពមិនប្រក្រតី នៅក្នុងការិយាល័យ បោះឆ្នោតមួយចំនួន។ អ្នកនាំពាក្យគណបក្សសម្ពន្ធ័ជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ លោកនីយ៉ាន់ វីន បាននិយាយថា «ភាពមិនប្រក្រតីនេះ កើតមានសឹងតែ នៅទូទាំងប្រទេស ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកទទួលខុសត្រូវចំពោះអ្វី ដែលបានកើតឡើង»។ គាត់បានបន្ថែមថា «ការប្តឹងតវ៉ាពី ប្រឡោះគូសសំរាប់បេក្ខជន មកពីគណបក្សសម្ពន្ធ័ជាតិ សំរាប់លទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានគេលាប ក្រមួនពីលើ » ហើយគាត់បានធ្វើ សេចក្ដីសន្និដ្ឋានថា ក្រមួននេះអាចនឹងត្រូវគេ កោសចេញ បន្ទាប់មកសន្លឹកឆ្នោតនោះ នឹងត្រូវទុកជាមោឃៈ។

លោកស្រី ម៉ាល់ហ្គ័រហ្សាតា វ៉ាស៊ីលេវស្គី អ្នកទទួលខុសត្រូវ មកពីសហភាពអឺរ៉ុប ដែលត្រូវបានគេអញ្ជើញ ឲ្យចូលរួមសង្កេតការបោះឆ្នោត គាត់បាននិយាយថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា​ ឬភូមា លើកនេះបានបង្ហាញពី «សញ្ញាគួរឲ្យលើកទឹកចិត្ត» នៅក្នុងការិយាល័យបោះឆ្នោត មួយចំនួន ដែលគាត់បានទៅមើល ក្នុងទីក្រុងរ៉ង់ហ្គូន បើទោះបីជា «វាមិនគ្រប់គ្រាន់ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានជាទូទៅ  សំរាប់ផ្នែកផ្សេងទៀតនៃប្រទេស» នោះក៏ដោយ។ ទីក្រុងប្រ៊ុយស៊ែល (តំណាងអោយ ការិយាល័យកណ្ដាល របស់សហភាពអ៊ឺរ៉ុប) មិនបានចាត់ទុកការអញ្ជើញ ឲ្យចូលរួមសង្កេតការ បោះឆ្នោតនេះថា «ជាភាពសុទ្ធចិត្ត» របស់អាជ្ញាធរមីយ៉ាន់ម៉ា​ ឬភូមានោះទេ ហើយ អ្នកតំណាងរាស្រ្តអឺរ៉ុប លោក អ៊ីវ៉ូ បឺឡេ សន្យា «នឹងធ្វើការវាយតម្លៃ» ជាលក្ខណៈទូទៅមួយ ក្នុងអំឡុងមួយសប្ដាហ៍ទៀត។

ការបោះឆ្នោតជានិមិត្តរូប ?

លោកស្រី អ៊ុងសាន ស៊ូជី បានបរិហាអំពីយុទ្ធនាការរកសម្លេងឆ្នោត ពោរពេញដោយ ភាពមិនប្រក្រតី ប៉ុន្តែលោកស្រីក៏បានយល់ដែរថា «តំរូវការចូលរួម អោយស៊ីជំរៅ និងធ្វើអោយមានភាពស្របច្បាប់ ជាភាពចាំបាច់ ដើម្បីធ្វើអោយមាន ការផ្លាស់ប្ដូ ក្នុងដំណើរការទាំងអស់នេះ» ។ លោកស្រីបានបញ្ជាក់ កាលពីថ្ងៃសុក្រថា «ក្រោយពីយើងបានចូល ទៅអង្គុយក្នុងសភាហើយ យើងនឹងអាចធ្វើការ តាមបែបលទ្ធិប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួយ »។

រដ្ឋាភិបាលកែទម្រង់ ដែលមានសមសភាពមកពី អតីតយោធា បានកាន់អំណាច តាំងពីមួយឆ្នំាមកហើយ បានខិតខំដើម្បីបង្ហាញថា ទាំងនេះគឺជាកំណែទំរង់នយោបាយ មួយដ៏ពិតប្រាកដ ហើយវាគ្រប់គ្រាន់នឹង សុំអោយដកចេញ នូវទណ្ណកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់ទៅលើ សេដ្ឋកិច្ចមីយ៉ាន់ម៉ា​ ឬភូមា ។ ហើយ បើទោះជា​លទ្ធផលចេញមក យ៉ាងណាក៏ដោយ ក៏អំណាចនិតិប្រតិប័ត្តមួយនេះ មិនមានការព្រួយបារម្ភ ឬយកចិត្តទុកដាក់ នឹងការបោះឆ្នោត ដ៏តូចតាចនេះ ។ គណបក្ស ស្ម័គ្រស្មោះ និងការអភិវឌ្ឍសហភាព (USDP) ដែលមានហេដ្ឋារេចនាសម្ព័ន្ធ គ្រប់គ្រងដោយពួកយោធា គណបក្សនេះទទួលបាន អាសនៈប្រហែលជា៨០% កាលពីការបោះឆ្នោត​ក្នុងឆ្នំា២០១០។ តាមរដ្ឋធមនុញ្ញរបស់ប្រទេសនេះ មួយភាគបួន នៃសមាជិកសភាទាំងអស់ ត្រូវបានជ្រើសចេញពីស្ថាប័នយោធា ហើយពួកនេះ មានតួនាទីយ៉ាងសំខាន់ ចំពោះរាល់ ដំណើរការបោះឆ្នោត។

ប្រហែលជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តហើយ ដែលមើលទៅ ទំនងជាអាចបញ្ចុះបញ្ចូល បណ្ដាប្រទេសលោកខាងលិច ឲ្យលើកចេញ នូវទណ្ណកម្មសេដ្ឋកិច្ច ប្រឆាំងរបបយោធាផ្ដាច់ការ ដែលគ្រប់គ្រងប្រទេស តាំងតែពីកន្លះសតវត្សមក ហើយទើបតែ ប្រែក្លាយជារបប គ្រប់គ្រង តាមបែប ស៊ីវីល កាលពីមួយឆ្នាំ ទៅមិញនេះប៉ុណ្ណោះ។ ការជាប់ឆ្នោតរបស់ អ៊ុង សាន ស៊ូជី លើកនេះ មានសារសំខាន់ណាស់ ដើម្បីធ្វើអោយគេមើលឃើញពី សុក្រិតភាព នៃការបោះឆ្នោត តែតាមទំនង នៅខាងក្រោយ ដូចជាគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ ៕

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ០២​ មេសា ឆ្នាំ ២០១២
Crédit Photo : Reuters /Daily Telegraph /edmontonjournal.com
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...