អង់គ្លេស៖ គ្រូពេទ្យចាញ់បញ្ឆោត ក្នុងរឿងម្ចាស់ក្សត្រីមានផ្ទៃពោះ បានស្លាប់
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 08, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នាក់ស៊ើបអង្កេត របស់ប្រទេសអង់គ្លេស សង្ស័យថា ករណីរបស់ស្ត្រីពេទ្យនោះ ជាការសម្លាប់ខ្លួន កើតចេញពីការបោកបញ្ជោតមួយ របស់អ្នកកាសែតប្រចាំវិទ្យុអូស្ត្រាលីពីរូប។ បណ្ដាញផ្សព្វផ្សាយរបស់អង់គ្លេស បានចេញផ្សាយព្រោងព្រាតពីបញ្ហានេះ ធ្វើអោយបណ្ដាជនដែលបានដឹងរឿង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែនៅមួយថ្ងៃក្រោយ វិទ្យុអូស្ត្រាលីនោះ បានចេញមកការពារខ្លួន ដោយនិយាយថាខ្លួន មិនបានធ្វើអ្វីអោយខុសច្បាប់ទេ។
ខេត មីលើតុន មហេសីមានផ្ទៃពោះ របស់ព្រះអង្គម្ចាស់ វីលីយ៉ាម រាជបុត្រស្នងរាជ្យរបស់ រាជរង្សអង់គ្លេស។
ស្ត្រីគ្រូពេទ្យ នៃមន្ទីពេទ្យស្ដេចអេវាដ ទី៧ (Edward VII) បានរងគ្រោះនឹងការបោកបញ្ចោតមួយ ពីសំណាក់វិទ្យុអូស្ត្រាលី ខណៈពេលដែលមានទូរស័ព្ទបានហៅចូលមកសាកសួរ ពីសុខទុករបស់ ខេត មីលើតុន (Kate Middleton) ភរិយារបស់អនាគតអ្នកស្នងរាជបល្ល័ង្គ របស់រាជវង្សនៃប្រទេសអង់គ្លេស អំពីការមានផ្ទៃពោះរបស់នាង។ ស្ត្រីគ្រូពេទ្យនោះ បានស្លាប់នៅថ្ងៃសុក្រទី៧ធ្នូ កន្លងមក បើតាមការប្រកាសអោយដឹងរបស់មន្ទីនេះដដែល។ ភ្នាក់ងារនគរបាល ស្កុតលេន យ៉ាដ (Scotland Yard) ទទួលបន្ទុកទៅលើការស៊ើបអង្កេត បានសង្ស័យថាជាករណីសម្លាប់ខ្លួន។
ប្រភពពីខាងនគរបាល ដែលដកស្រង់ដោយកាសែតអង់គ្លេស TMZ បានអោយដឹងថា ស្ត្រីគ្រូពេទ្យនេះបានត្រូវគេរកឃើញ ថាបានស្លាប់ នៅក្នុងអាគារមួយ នៃមន្ទីពេទ្យ ប្រមាណជាម៉ោង ៩ម៉៣០នាទីព្រឹក។ ការជួយសង្គ្រោះ បានមកដល់ភ្លាមនោះ តែមិនអាចជួយអ្វីបាន។ អ្នកនាំពាក្យ របស់នគរបាល ស្កុតលេន យ៉ាដ បាននិយាយថា ការស៊ើបអង្កេត នៅកំពុងបន្តទៅមុខទៀត នៅឡើយ។
រងគ្រោះ នឹងការកុហកបោកប្រាស តាមទូរស័ព្ទ
ពីថ្ងៃពុធមុន ស្ត្រីគ្រូពេទ្យនេះ បានរងគ្រោះនឹង ការបោកបញ្ជោតតាមទូរស័ព្ទមួយ ដែលធ្វើឡើងតាមទូរស័ព្ទ។ អ្នកកាសែត និងជាពិធីករ ពិធីការិនី ពីររូប របស់វិទ្យុធូដេ អេហ្វអិម (2DAY FM) របស់ប្រទេសអូស្ត្រាលី បានហៅទូរស័ព្ទចូលមក មន្ទីពេទ្យ ហើយបានបន្លំខ្លួន ដោយនិយាយតាមទូរស័ព្ទនោះ ជាព្រះមហាក្សត្រី អលីហ្សាប៊ែត ទី២ (Elizabeth II) និងព្រះអង្គម្ចាស់ ឆាល (Charles) ហើយបានសាកសួរស្ត្រីគ្រូពេទ្យ ពីសុខទុក្ខរបស់ ខេត ដែលពិភពលោកផ្អើល នឹងការមានផ្ទៃពោះរបស់នាង។ ស្ត្រីគ្រូពេទ្យអ្នកថែជម្ងឺ របស់ខេត បានឆ្លើយតាមទូរស័ព្ទ និយាយរៀបរាប់ពីសុខភាពរបស់ម្ចាស់ក្សត្រីខេត ហើយថានាងស្ថិតនៅក្នុង សភាពធម្មតា មិនមានអ្វីប្លែកទេ។
ការឆ្លើយតាមទូរស័ព្ទនេះ បានបន្តចាក់ផ្សាយជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ ពាសពេញពិភពលោក និងបង្កអោយមានមន្ទឹលសង្ស័យមួយឡើង ទាក់ទងនឹងអាថ៌កំបាំងរបស់អ្នកជម្ងឺ ដែលមន្ទីពេទ្យត្រូវចាត់ទុក ជាលក្ខការណ៍។ ការិយាល័យគ្រប់គ្រងរបស់មន្ទីពេទ្យ បានចេញសុំទោសជាផ្លូវការ ហើយទទួលស្គាល់ថា ជាកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយស្ត្រីគ្រូពេទ្យអ្នកថែជម្ងឺ ហើយថានឹង«ពង្រឹងរបៀបរបប នៃការទទួលជជែកតាមទូរស័ព្ទ»។
វិទ្យុធូដេ អេហ្វអិម បានចេញមកការពារខ្លួន
រូបសញ្ញារបស់វិទ្យុ ធូដេអេហ្វអិម
នៅថ្ងៃសោរ៍នេះ វិទ្យុធូដេ អេហ្វអិម របស់ប្រទេសអូស្ត្រាលី បានចេញមកការពារខ្លួន នៅបន្ទាប់ពីការស្លាប់របស់ ស្ត្រីគ្រូពេទ្យនោះ ដោយថាខ្លួន មិនបានធ្វើអ្វីខុសច្បាប់នោះទេ។ ម្ចាស់បណ្ដាញវិទ្យុនេះ បានអោយដឹងតាមរយះនាយក គ្រប់គ្រងវិទ្យុ លោក រីស ហូល័ររ៉េន (Rhys Holleran) ថា វិទ្យុបានសហការជាមួយ នឹងរាល់ការស៊ើបអង្កេតទាំងអស់។ លោកនិយាយថា វិទ្យុរបស់លោក មិនបានធ្វើអ្វីខុសនោះទេ និងពិធីករ និងពិធីការីនី ទាំងពីររូបរបស់វិទ្យុ ស្ថិតក្នុងសភាពភ្ញាក់ផ្អើល នឹងការស្លាប់របស់ស្ត្រីគ្រូពេទ្យ។
ដៃគូរផ្សាយពាណិជ្ជកម្ម ពីរ របស់វិទ្យុធូដេ អេហ្វអិម បានផ្អាកកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់ខ្លួន រហូតដល់ថ្ងៃច័ន្ទក្រោយ ខណៈដែលទំព័ររបស់វិទ្យុធូដេ អេហ្វអិម នៅលើគេហទំព័រហ្វេសប៊ុក (Facebook) បានពេញប្រៀបដោយ ពាក្យយោបល់ ជេប្រទេសផ្ដាសារ និងការស្អប់ខ្ពើមនោះ។ គណនីរបស់ពិធីករទាំងពីរ នៅលើគេហទំព័រទ្វីធ័រ (Twitter) ក៏ត្រូវបានបិតចោលដែរ នៅក្រោយបន្ទាប់ពីផ្ទុះរឿងដ៏អភ័ពនេះឡើង។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ វិទ្យុធូដេ អេហ្វអិមនេះធ្លាប់ត្រូវបាន អាជ្ញាធរនៃប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ស្តីបន្ទោសម្ដងរួចមកហើយ ទៅលើសំនុំរឿងមួយ ដែលពិធីករបានបង្ខំអោយ ក្មេងស្រីជំទង់ម្នាក់អាយុ ១៤ឆ្នាំ និយាយតាមការផ្សាយបន្តផ្ទាល់ ថានាងត្រូវបានគេរំលោភ សេពសន្ធវះ៕
-------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ