អង្គការ​អន្តរជាតិ​ចំនួន​ពីរ ប្រតិកម្ម​នឹង​ការ​បណ្ដេញ អាឡិច ចេញ​ពី​កម្ពុជា

អង្គការអន្តរជាតិចំនួនពីរ ដែលមានកម្មវិធីរួមគ្នាមួយ ហៅថា«កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស» បាន​ប្រតិកម្ម​ភ្លាមៗ ទៅនឹងការបណ្ដេញចេញពីប្រទេស ដោយបង្ខំ ទៅ​លើ​សកម្ម​ជន​បរិស្ថាន ជាតិ​អេស្ប៉ាញ ដោយ​អាជ្ញាធរ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមួយថ្ងៃក្រោយការចាប់ខ្លួន សកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) និងបញ្ជូនខ្លួនតាមយន្ដហោះ ចេញពីប្រទេសកម្ពុជាដោយបង្ខំ ដោយអាជ្ញាធររដ្ឋាភិបាលរួចនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) និងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលមានកម្មវិធីរួមគ្នា មានចំណងជើងថា «កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស (The Observatory for the Protection of Human Rights Defenders)» បានចេញរបាយការណ៍មួយ ប្រតិកម្ម​នឹង​ការ​សម្រេចចិត្ត របស់អាជ្ញាធរខ្មែរនេះ។

ក្នុងរបាយការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលក្នុងយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ មានសរសេរ​ពន្យល់​ពី​ហេតុការណ៍ នៃការចាប់ខ្លួនលោក អាឡិច ជាអាថ៌ថា បន្ទាប់ពីត្រូវបាន​អាជ្ញាធរ​កម្ពុជាបដិសេធ ទិដ្ឋាការ មិនឲ្យបន្ត​រស់​នៅ​ក្នុងប្រទេសតទៅទៀត និងបន្ទាប់ពីទិដ្ឋាការចុងក្រោយ បានផុត​កំណត់​នៅថ្ងៃទី២០ ខែកុម្ភៈ កន្លងមក សកម្មជន​បរិស្ថាន​រូបនេះបានជំនៈ បន្តរស់នៅក្នុងប្រទេស ដើម្បីបន្ត​ការងារ​របស់​ខ្លួន តទៅទៀត ជាមួយនឹងសហគមន៍ពាក់ព័ន្ធ ក្នុង​ស្រុក។

ការជំនៈបន្តរស់នៅក្នុងប្រទេសកម្ពុជា របស់លោក អាឡិច នេះ បានធ្វើឡើង ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់​ប្រទេសនេះ ដែលបានផ្ដល់សិទ្ធិឲ្យជនបរទេស ដែលមានលក្ខណៈសម្បត្តិដូចលោក អាឡិច អាចរស់នៅក្នុង​ប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។

ហើយការចាប់បញ្ជូនខ្លួន និងបណ្ដេញចេញពីប្រទេសនេះ ក៏បានធ្វើឡើង នៅក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះដែរ ពីការ​ថ្លែងរបស់លោក ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលថ្លែងជាសាធារណៈ ឲ្យចាប់ខ្លួនលោក អាឡិច រួចបណ្ដេញចេញ ព្រមទាំងដាក់ឈ្មោះលោក អាឡិច ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាម មិនឲ្យចូលមកក្នុងទឹកដីកម្ពុជាវិញ។ លោក ហ៊ុន សែន ដែលសម្រាប់ស្ថាប័នឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិធំៗទាំងនោះ មិនដែលមានពិន្ទុល្អ នៅ​ក្នុង​វិស័យ​«សិទ្ធិមនុស្ស»នោះឡើយ។

របាយការណ៍ បានសរសេរទៀតថា លោក អាឡិច បានធ្វើការងាររបស់ខ្លួន យ៉ាងសកម្ម នៅក្នុងការទប់ស្កាត់ មិនឲ្យ​មាន​ការសាងសង់គម្រោងទំនប់វារីអគ្គិសនី នៅក្នុងតំបន់ស្ទឹង ឆាយអារ៉ែង ក្នុងខេត្តកោះកុង។ លោក និងសកម្មជន​១១នាក់​ទៀត ធ្លាប់ត្រូវបានឃាត់ខ្លួន ក្នុងរយៈពេលខ្លីមួយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីពួកគេទាំងនោះ រួមជា​មួយ​នឹងពលរដ្ឋ ក្នុងសហគមន៍ជាច្រើននាក់ទៀត បានធ្វើបាតុកម្មរារាំង មិនឲ្យអភិបាលខេត្ត និងអ្នកជំនាញចិនច្រើននាក់ ចូល​ទៅ​ពិនិត្យ​តំបន់ ដែលស្ថិតក្នុងគម្រោងសាងសង់ វារីអគ្គិសនី នោះ។

«កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស» បានសម្ដែងការព្រួយបារម្ភរបស់ខ្លួន ថាការបដិសេធមិនបន្ត​ទិដ្ឋាការ​ឲ្យលោក អាឡិច និងការបណ្ដេញលោកចេញពីប្រទេសនេះ គឺជាការប៉ុនប៉ងដោយផ្ទាល់មួយ ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បីរារាំងលោក អាឡិច ក្នុងនាមជាសកម្មជនសិទ្ធិមនុស្ស ហើយមានបំណង់ចង់ដាក់ទណ្ឌកម្ម ទៅលើ​យុទ្ធនាការ​ការពារបរិស្ថាន នៅតំបន់អារ៉ែង របស់ក្រុមអ្នកការពារបរិស្ថាន ដែលផ្ទុយពីគម្រោងអភិវឌ្ឍន៍ រួមសហការ រវាងរដ្ឋាភិបាល និងក្រុមហ៊ុនចិន។

របាយការណ៍ដដែល បានសំណូមពរដោយទទូច ទៅកាន់រដ្ឋាភិបាលនៃប្រទេសកម្ពុជា ឲ្យពិនិត្យស៊ើរើឡើងវិញ ពីការ​សម្រេច​ចិត្ត​របស់ខ្លួន ហើយអនុញ្ញាតឲ្យលោក អាឡិច អាចធ្វើការងាររបស់លោក ក្នុងនាមជាសកម្មជនបរិស្ថាន ដើម្បី​ជួយ​ទៅ​ដល់​សហគមន៍ពាក់ព័ន្ធក្នុងស្រុក ជាបន្តទៀត។

បន្ថែមពីលើនេះ របាយការណ៍ បានទាមទារឲ្យមានប្រតិកម្មជាច្រើនទៀត ពីសំណាក់ស្ថាប័នអន្តរជាតិ ឬពីប្រទេស​ពាក់​ព័ន្ធ ធ្វើសំដៅទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសនេះ បញ្ឈប់ការគម្រាមកំហែង ទៅលើសកម្មជន​សិទ្ធិ​មនុស្ស និងត្រូវធានាឲ្យបាន ថាពួកគេអាចធ្វើការងារបាន ដោយសេរី។ ជាពិសេស រដ្ឋាភិបាលកម្ពុជា ត្រូវគោរព​ឲ្យ​បានពីចំណុច​សំខាន់ៗ ដែលមានចែង នៅក្នុងសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្ស សម្រេចដោយ​មហាសន្និបាត​អង្គការ​​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ១៩៩៨។

ក្នុងយប់ថ្ងៃទី២៤ ខែកុម្ភៈ នេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើការទាក់ទង មន្ត្រីអ្នកទទួលខុសត្រូវ ឬអ្នកនាំ​ពាក្យ​​របស់រដ្ឋាភិបាល ដើម្បីធ្វើការប្រតិកម្ម ទៅនឹងរបាយការណ៍នេះបាននៅឡើយ។ ទស្សនាវដ្ដី​នឹងព្យាយាមស្វែង​រក​ប្រតិកម្ម នៅ​ពេលក្រោយទៀត ដើម្បីយកមកចុះផ្សាយ ក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។

សូមបញ្ជាក់ដែរថា អង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) មានទីស្នាក់ការកណ្ដាល នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។ រីឯសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) មានទីស្នាក់កណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេស​បារាំង និង​មានទីស្នាក់ការជាសាខា សឹងតែនៅគ្រប់ជ្រុង នៃពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...