បង្ក្រាប​ភេវរជន​សម្លាប់​បាន​ពីរ​នាក់​ទាំង​យប់ នៅ​ប៊ែលហ្សិក (vdo)

កងកម្លាំងរបស់អាជ្ញាធរ ក្រុងវ៉េវីយ៉ែ (Verviers) ភាគខាងកើតនៃប្រទេសប៊ែលហ្សិក បានបើក​ការ​វាយ​ប្រហារ​សម្លាប់​បុរស​ពីរ​នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជនទាំងបី ដែលត្រូវបានសង្ស័យជាភេវរជន បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​នគរបាល ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ។
រូបភាពដំបូង ពីទីកន្លែងកើតហេតុ នៅក្នុងក្រុង វ៉ែវីយ៉ែ ប្រទេសប៊ែលហ្សិក។ (រូបថត AFP)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី១៥ មករា ២០១៥
  • កែប្រែចុងក្រោយ: January 15, 2015
  • ប្រធានបទ: ភេវរនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត បាន​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទុះ​អាវុធ​មួយ របស់​កង​កម្លាំង​នគរបាល ប្រឆាំង​នឹង​ជន​មួយ​ក្រុម ដែល​សង្ស័យ​ជា​ភេវរជន នៅ​ក្នុង​ក្រុង វ៉េវីយ៉ែ នា​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៥ ខែ​មករា ឆ្នាំ​២០១៥។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ នៃ​ប្រទេស​ប៊ែលហ្សិក។ បើ​តាម​សាក្សី​នៅ​នឹង​កន្លែង ដែល​ស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក RTBF បាន​ឲ្យ​ដឹង​ថា គេ​បាន​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង និងផ្ទុះ​គ្រាប់​ តាំង​ពី​ក្បាល​ព្រលប់​មក។

នៅ​មុន​ការ​ប្រកាស​តុល្យភាព​ជា​ផ្លូវ​ការ របស់​ក្រុម​អ្នក​ស៊ើប​អង្កេត ទូរទស្សន៍​ដដែល​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ដល់​ទៅ​បី​នាក់​បាន​ស្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​នេះ។ ប៉ុន្តែ​ទូរទស្សន៍​បាន​រាយការណ៍​ថា តាំង​ពី​ម៉ោង​១៩​យប់​នោះ​មក កង​កម្លាំង​របស់​អាជ្ញាធរ បាន​«ត្រួត​ស្ថានការណ៍»​បាន​ទាំង​ស្រុង។

បើតាមអ្នកនាំពាក្យនៃការិយាល័យស៊ើបអង្កេត របស់ប្រទេសប៊ែលហ្សិក បានបញ្ជាក់ថា ការផ្ទុះអាវុធនេះ បាន​ធ្វើឡើងនៅក្នុងយុទ្ធនាការប្រឆាំងបណ្ដាញភេវរនិយម ដែលអាចមាននៅក្នុងប្រទេសប៊ែលហ្សិក ហើយជំរុញ​ឲ្យអាជ្ញាធរបានធ្វើការឆែកឆេរ លំនៅដ្ឋាននានា នៅក្នុងតំបន់ជាច្រើនលើផ្ទៃប្រទេស។ អ្នកនាំពាក្យបាន​និយាយ​ទៀតថា៖ «ការចូលឆែកឆេរ នៅយប់នេះ ក៏បានធ្វើឡើងនៅក្នុងរង្វង់នៃការស៊ើបអង្កេត ទៅលើ​មនុស្ស​ជា​ច្រើន​នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសស៊ីរីវិញ។ ការតាមដាន បានធ្វើឲ្យអាជ្ញាធររកឃើញថា ក្រុម​នេះ​កំពុង​រៀបចំ​សកម្មភាព​ដ៏​ធំ​មិនអាចស្មានដល់មួយ នៅប្រទេសប៊ែលហ្សិក។»

នៅពេលមានអន្តរាគមន៍របស់កងកម្លាំងអាជ្ញាធរ ក្រុមជនសង្ស័យទាំងបី បានបើកការបាញ់ប្រហារមកលើ កម្លាំង​នគរបាលមុន ដែលបង្ខំឲ្យក្រុមអាជ្ញាធរត្រូវបាញ់តបតរវិញ។ អ្នកនាំពាក្យរបស់ការិយាល័យស៊ើបអង្កេត​ដដែលបានបន្តទៀតថា៖ «ជនសង្ស័យពីរនាក់ ត្រូវបានសម្លាប់ ខណៈជនទីបីបានរងរបួស។ ប៉ុន្តែគ្មានកង​កម្លាំង ឬអ្នកនៅជុំវិញនោះណាម្នាក់ បានរងរបួសឡើយ។»

បើតាមអ្នកនាំពាក្យដដែលបាននិយាយថា យុទ្ធនាការបង្ក្រាបផ្សេងទៀត កំពុងបើកធ្វើនៅលើផ្ទៃប្រទេស ប៉ុន្តែ​មិនបានបញ្ជាក់លំអិតថា យុទ្ធនាការនោះនឹងមាននៅទីណា ឬបែបណានោះឡើយ។ យ៉ាងណាក៏ដោយ សន្និសីទ​សារព័ត៌មានមួយ នឹងបើកធ្វើទៀត នៅព្រឹកថ្ងៃសុក្រស្អែកនេះ។

បើតាមទូរទស្សន៍បារាំង LCI យុទ្ធនាការប្រឆាំងភេវរនិយមនៅក្រុង វ៉ែវីយ៉ែ នេះទំនងជាមានជាប់ពាក់ព័ន្ធជា​មួយ​ជនសង្ស័យជាភេវរជន អាមេឌី គូលីប៉ាលី (Amedy Coulibaly) ដែលបានបាញ់សម្លាប់នគរបាលបារាំង​ម្នាក់ និងសម្លាប់មនុស្សបួននាក់ទៀត ក្នុងព្រឹត្តិការណ៍ចាប់ធ្វើចំណាប់ខ្មាំង នៅរដ្ឋធានីប៉ារីសប្រទេសបារាំង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកជំនាញបារាំងឯកទេសខាងសន្តិសុខជាតិ លោក គ្រីស្ដូហ្វ៍ មូឡាំង (Christophe Moulin) បាននិយាយថា៖ «នេះជាក្រុមតែមួយ ដែលទទួលបន្ទុកចាកចេញពីប្រទេសស៊ីរី ដើម្បី​ផ្គត់ផ្គង់អាវុធទៅឲ្យបណ្ដាញភេវរកម្ម និងក្រុមអ៊ីស្លាមនិយមតឹងផ្សេងទៀត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...