រ៉ុង ឈុន៖ GMAC គួររៀបចំខ្លួនឆ្លើយចំពោះមុខរដ្ឋសភា
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានស្នើសុំឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នោះ ត្រឡប់ទៅមើលសេចក្តីថ្លែងការណ៍របស់លោកឲ្យបានច្បាស់ មុននឹងធ្វើប្រតិកម្មមករូបលោក។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកបានរំលឹកថា អ្វីដែលលោកបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៨ ខែតុលានោះ ជាការអះអាងរបស់ GMAC ដោយផ្ទាល់ខ្លួនឯង ជាមួយសារព័ត៌មានក្នុងស្រុកមួយ កាលពីដើមសប្តាហ៍មុន។
លោក រ៉ុង ឈុន បាននិយាយថា៖ «យើងមិនចេះតែចោទប្រកាន់អ្នកណា ឥតមានមូលដ្ឋានទេ។ សេចក្តីថ្លែងការណ៍នេះ គ្រាន់តែយើងដកស្រង់ ពីសារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះរបាយការណ៍ហិរញ្ញវត្ថុរបស់ GMAC។ ក្នុងរបាយការណ៍នោះ បានចង្អុលបង្ហាញថា បានផ្តល់លុយទៅក្រសួងពាណិជ្ជកម្ម ៥០០០ (ប្រាំពាំន់ដុល្លារអាមេរិក) [...]