ផៃ ស៊ីផាន៖ សមាជិកសភាអ៊ឺរ៉ុបកំពុងបង្ក«ភាពអាម៉ាស់»មួយ!
«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភាអ៊ឺរ៉ុប ដើម្បីទាមទារឲ្យមានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពីថ្ងៃទី៨ ខែមិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញ។ សេចក្ដីប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ននីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ ហៅកាត់ជាភាសាបារាំងថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប [...]