ភរិយាសព កែម ឡី ដាក់បណ្ដាសាពេជ្ឈឃាដសម្លាប់ប្ដី
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៦
- កែប្រែចុងក្រោយ: August 12, 2016
- ប្រធានបទ: ជីវិត-ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាចនិយាយបានថា នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់ភរិយាសពលោក កែម ឡី។ បើទោះជាមរណភាពរបស់លោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅកណ្ដាលបេះដូងប្រទេស បានកន្លងទៅ តាំងពីជាងមួយខែមុនទៅហើយក្ដី តែសម្រាប់អ្នកស្រី ប៊ូ រចនា ជាភរិយា វាហាក់នៅថ្មីៗនៅឡើយ។
សារប៉ុន្មានឃ្លានោះ ត្រូវបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុន នៅលើគណនីរបស់អ្នកស្រី ប៊ូ រចនា ដោយដាក់អម ជាមួយរូបភាពអនុស្សាវរីយ៍ ជាច្រើនសន្លឹក ដែលអ្នកស្រីបានសាងជាមួយនឹងលោក កែម ឡី។ តែប៉ុន្មានម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាង៥០០០នាក់ ធ្វើការចែករំលែកសារនោះ និងបន្តចូលរួមមរណទុក្ខយ៉ាងច្រើន។
អ្នកស្រីបានចោទសួរ នៅក្នុងសារនោះថា៖ «តើប្តីខ្ញុំធ្វើខុសអី បានជាមកសម្លាប់គាត់បែបនេះ? ចុះបើគេសម្លាប់(ប្ដី)អ្នក ឲ្យព្រាត់ពីប្រពន្ធកូនវិញ តើអ្នកឯងឈឺចាប់ (ឬ)អត់?»។
អ្នកស្រី ប៊ូ រចនា ដែលទំនងជាទ្រាំមិនបញ្ចេញកំហឹង ជាច្រើនថ្ងៃមកនោះ បានសរសេរដាក់បណ្ដាសារ លើនរណាក៏ដោយ ដែលបានសម្លាប់លោក កែម ឡី។ អ្នកស្រីបានសរសេរថា៖ «ខ្ញុំសូមដាក់បណ្តាសាអ្នកដែលសម្លាប់ប្តីរបស់ខ្ញុំ ឲ្យវិនាសអន្តរាយ ព្រាត់ប្រាស់ចោលគ្រួសារ។ ខ្ញុំឈឺចាប់ខ្លាំងណាស់។ គាត់ជាប្តីល្អ ជាប៉ាល្អសម្រាប់កូនៗរបស់ខ្ញុំ៚»។
លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយខ្មែរដ៏ល្បីឈ្មោះ ត្រូវបានសម្លាប់ បន្ទាប់ពីលោកបានធ្វើពន្យល់ ពីរបាយការណ៍មួយ របស់អង្គការឃ្លាំមើលពិភពលោក (ហៅជាភាសាអង់គ្លេស Global Witness) ដែលនិយាយពីការរកស៊ីមានបាន របស់ក្រុមគ្រួសារលោក ហ៊ុន សែន នៅក្នុងវិស័យធំៗសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។ មកដល់ថ្ងៃនេះ មានជនសង្ស័យតែម្នាក់គត់ រហស្សនាម ជួប សម្លាប់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈរឿងរ៉ាវស៊ើបអង្កេត ចេញពីសំនុំរឿងដ៏ធំនេះ ត្រូវបានគេដឹងតិចតួចជាទីបំផុត។
អ្នកស្រី ប៊ូ រចនា បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងពេលកន្លងមកថា អ្វីដែលលោក កែម ឡី ធ្វើ គឺបម្រើឲ្យបុព្វហេតុជាតិ និងប្រជាជនខ្មែរ ហើយអ្នកស្រីតែងគាំទ្រ និងលើកទឹកចិត្តឲ្យស្វាមី ធ្វើនូវកិច្ចការទាំងនោះ៕
-----------
រូបភាពអនុស្សាវរីយ៍មួយចំនួន ដែលអ្នកស្រី ប៊ូ រចនា ថតជាមួយស្វាមី តាំងពីគ្រាចាប់ដៃគ្នាដំបូង៖
» រូបភាពអនុស្សាវរីយ៍ផ្សេងទៀត សូមចុចនៅលើទំព័របន្ទាប់។