ប្រធាន USAID ថាជម្លោះរវាងកម្មករនិងនិយោជក ជារឿងធម្មតា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: ការងារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នៅសហរដ្ឋអាមេរិក យើងមានបញ្ហាក្នុងការងារ អស់រយៈពេល រាប់សតវត្សមកដែរ។ ជាលទ្ធផល នៅពេលនេះ យើងមានក្រុមអាជ្ញាកណ្តាល មួយចំនួន ដើម្បីជួយដោះស្រាយជម្លោះ ជៀសជាងការធ្វើកូដកម្ម និងការដែលថៅកែបិទរោងចក្រ ហើយកម្មករ មិនព្រមធ្វើការ។» នេះជាការលើកឡើង របស់អ្នកស្រី រីបាកា ប្លេក (Rebacca Black) ប្រធានភ្នាក់ងារ USAID នៅក្នុងកម្មវិធីប្រកាស ស្តីពីជំនួយឧបត្ថម្ភរបស់ USAID ផ្តល់ជាមូលនិធិ ដល់ក្រុមប្រឹក្សា អាជ្ញាកណ្តាលកម្ពុជា សម្រាប់កម្មវិធី «លើកម្ពស់សិទ្ធការងាររបស់ស្ត្រី និងបុរសនៅកម្ពុជា» នារសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ នេះ។
នៅក្នុងការពិភាក្សា លើការផ្តល់នូវការស្វែងរក ដំណោះស្រាយ នៃជម្លោះ ប្រកបដោយយុត្តិធម៌ តម្លាភាព និងសន្តិភាពនោះ អ្នកស្រី រីបាកា ប្លេក បានសម្ដែងនូវសេចក្តីសង្ឃឹមថា មូលនិធិរបស់ USAID ជូនដល់ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ ត្រូវបានចាត់ទុកជាគំរូ និងជាក្តីសង្ឈឹម ដល់ប្រទេសកម្ពុជា ពិសេសកម្មករ និងនិយោជក ប្រកបដោយការប្រើប្រាស់ នូវសិទ្ធិសេរីភាព ជាមួយនឹងការទំនាក់ទំនងល្អ ក្នុងការងារ។
អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិន ខេមរា បានថ្លែងរំលឹកថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នជាតិមួយ កើតឡើងនៅឆ្នាំ២០០៣ ដែលបានដើរតួនាទីយ៉ាងចម្បង ក្នុងការជួយភាគីកម្មករនិយោជត និងនិយោជក ក្នុងការដោះស្រាយវិវាទការងាររួម។
លោក ខេមរា បានបន្តថា មកដល់ពេលនេះ សំណុំរឿងវិវាទ ដែលទទួលបាន មានចំនួន ២.២៧៥ ដែលក្នុងនោះវិវាទ មកពីវិស័យផ្សេងៗដូចជា វិស័យវាយណភណ្ឌកាត់ដេរ និងស្បែកជើង, សេវាកម្មដឹកជញ្ជូន, សេវាកម្មសន្តិសុខ, ក្រុមហ៊ុនផលិតភេសជ្ជៈ, ក្រុមហ៊ុនប្រេងឥន្ធនៈ, ក្រុមហ៊ុនផលិតស៊ីម៉ងត៍, ក្រុមហ៊ុនដំណាំកៅស៊ូ, ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជាដើម។
អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ បានបញ្ជាក់ថា៖ «ពង្រឹងយន្តការដោះស្រាយវិវាទការងារ តាំងពីចាប់ផ្តើម រហូតដល់ការដោះស្រាយ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ (...) រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈការដោះស្រាយវិវាទការងារ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល សិទ្ធិរបស់កម្មករ និងនិយោជិក ត្រូវបានលើកកំពស់ ស្របតាមបទបញ្ញត្តិច្បាប់ ស្តីពីការងារ។»
ឯនាយកប្រតិបត្តិស្តីទី នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ម៉ែន និម្មិត បានថ្លែងថា ក្នុងរយៈកាលកន្លងមកនេះ ជំនួយរបស់ USAID បានចូលរួម ក្នុងការលើកកំពស់សិទ្ធិការងារ នៅកម្ពុជា ពិសេសដល់ស្រ្តីនៅកម្ពុជា។ លោកបានទទួលស្គាល់ថា តាមរយៈមូលនិធិនេះ នាពេលលកន្លងមក ក៏បានជម្រុញ ទ្រទ្រង់ និងស្ថាបនា នូវដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះឡើង។
លោក ម៉ែន និម្មិត បានថ្លែងឲ្យដឹងថា៖ «បន្តជំនឿទុកចិត្តរបស់ USAID មកលើប្រព័ន្ធដោះស្រាយវិវាទការងារ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឯករាជភាព។ ការជួយជ្រោមជ្រែង ដើម្បីឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល អាចសម្រេចបាននូវនិរន្តរភាព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានមោទនភាព ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ USAID ព្រមទាំងក្រសួងការងារ សហជីពកម្មករ សមាគមនិយោជក និងភាគីពាក់ព័ន្ធជាច្រើនទៀត។»
សូមបញ្ជាក់ថា គម្រោង «លើកម្ពស់សិទ្ធិការងារ របស់ស្ត្រី និងបុរសនៅកម្ពុជា» មានរយៈពេល ៣ឆ្នាំ និងត្រូវចំណាយប្រាក់ ចំនួន៧សែនដុល្លារអាមេរិក។ គម្រោងនេះ ធ្វើការទៅលើ ដំណោះស្រាយជម្លោះ ក្នុងការងារ, តស៊ូមតិដើម្បីសិទ្ធិ និងសេរីភាព លទ្ធភាពរបស់កម្មករ និយោជិតទទួលសេវានានា ជាទីទុកចិត្ត, និងនិរន្តរភាពស្ថាប័ននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម។
រីឯក្រុមប្រឹក្សាអាជ្ញាកណ្តាលវិញ ក្នុងឆ្នាំ២០១៤ ទទួលបានពាក្យបណ្តឹង ចំនួន៣៦០។ មកដល់ខែសីហា ឆ្នាំ២០១៥ ពាក្យបណ្តឹងជិត២០០ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាល ទទួលមកដោះស្រាយ ក្នុងនោះភាគច្រើន ជាវិវាទបែបប្រាក់ខែ និងវិវាទ នៃការបញ្ឈប់បុគ្គលិកជាដើម៕