មន្ត្រីសង្គមស៊ីវិលសង្ស័យលិខិត ហោ ណាំហុង រឿងដីតាមព្រំដែន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 10, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីលិខិតរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឆ្លើយទៅរដ្ឋសភា នៅមិនទាន់ឲ្យពលរដ្ឋមួយចំនួន បានស្ងប់ចិត្តនៅឡើយ។ ប្រតិកម្ម នៅតែចេញមក ជាបន្តបន្ទាប់ និងរហូតមកដល់ពេលនេះ មន្ត្រីជាមេដឹកនាំ អង្គការសង្គមស៊ីវិលម្នាក់ ក៏នៅតែសម្ដែងចំងល់ថា តើលិខិតដែលមានលក្ខណៈ ជាផ្លូវការរបស់លោក ហោ ណាំហុង បានឆ្លុះបញ្ចាំង ពីការពិតបានប៉ុណ្ណា?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានថ្លែងឡើងថា ករណីនៃការចេញលិខិត របស់លោក ហោ ណាំហុង ជាករណីមួយ ដែលត្រូវដាក់«ការសង្ស័យ»។ លោកបន្តថា ក្នុងនាមរដ្ឋាភិបាល គួរធ្វើការពន្យល់ ឲ្យបានត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ជាងនេះ ដើម្បីជៀសវាង នូវការរិះគន់ពីសាធារណៈមតិ។ លោកបានបង្ហាញ នូវការសោកស្តាយ និងហួសចិត្តថា លោក ហោ ណាំហុង មិនគួចេញលិខិត ដែលគ្មានលក្ខណៈការទូត បែបម៉ាក់ងាយពលរដ្ឋខ្លួនឯង យ៉ាងដូច្នោះឡើយ។
មន្រ្តីសង្កមស៊ីវិលរូបនេះ បានថ្លែងប្រាប់ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា មនុស្សគ្រប់រូប បានបង្ហាញ ឬដាក់ការសង្ស័យ និងមើលឃើញថា «មានតែវៀតណាមទេ ដែលតែងលោភបំពាន មកលើកម្ពុជា»។ លោក បានសម្ដែងចំងល់ថា៖ «តែបើកម្ពុជារំលោភលើទឹកដី វៀតណាមវិញ នោះពិតជារឿងមួយ ដ៏ចម្លែកមែនទែន។ (…) វៀតណាម មិនដែលអនុញ្ញាតឲ្យកម្ពុជា រំលោភបំពានលើខ្លួនទេ តាំងពីយូរយាណាស់មកហើយ។»
លិខិត របស់លោក ហោ ណាំហុង ទំនងជាបានឆ្លើយតប ទៅនឹងលិខិតស្នើឲ្យធ្វើអន្តរាគមន៍ របស់លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ទៅលើករណី ពលរដ្ឋនិងអាជ្ញាធរវៀតណាម បានចូលមកបាញ់ថ្នាំ ធ្វើឲ្យដំណាំងកសិផល របស់ពលរដ្ឋខ្មែរ ងាប់អស់ នៅក្នុងតំបន់ជាប់ព្រំដែន កាលពីពាក់កណ្ដាល ខែមេសា កន្លងទៅ។ តបទៅនឹងលិខិត របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ម៉ៅ មុន្នីវណ្ណ បានសម្ដែងការហួសចិត្ត និងការចំអកថា៖ «វាជាប្រវត្តិសាស្រ្តមួយហើយ ដែលខ្មែរយើង ចូលទៅឈ្លានពាន ចូលទៅរំលោភយកដីយួន បាននោះ។ មានតែសម័យនេះទេ ដែលអាចធ្វើទៅបាន!»
ប្រហែលគ្នានេះ លោក យ៉ង់ គឹមអេង បានថ្លែងការហួសចិត្តដែរថា តាំងតែពីតូច មកទល់អាយុសព្វថ្ងៃ លោកមិនដែលដឹងថា កម្ពុជារំលោភទឹកដីវៀតណាម កន្លែងណានោះទេ។ លោកបញ្ជាក់ថា៖ «កន្លងមក ខ្ញុំមិនដែលឃើញកម្ពុជា រំលោភបំពានដីវៀតណាមសោះ ប៉ុន្តែបើវៀតណាមរំលោភបំពានកម្ពុជា មានច្រើន»។ មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានលើកជាចំណោទសួរថា តើការចេញលិខិត ដែលមានលក្ខណៈ ជាផ្លូវការយ៉ាងដូច្នេះនោះ បានឆ្លុះបញ្ចាំង ពីការពិតបានប៉ុណ្ណា? តែផ្ទុយមកវិញ លិខិតនេះអាចធ្វើឲ្យប៉ះពាល់ និងអាប់អោនមុខមាត់ របស់ប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជា បើការអះអាងនោះ គ្មានមូលដ្ឋានត្រឹមត្រូវ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅតែមិនអាចសុំប្រតិកម្ម ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានដដែលក្នុងថ្ងៃនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែបើយោងតាម ការអះអាងក្នុងលិខិត ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃទី៤ ខែឧសភា បានបញ្ជាក់ប្រាប់លោក ហេង សំរិន ប្រធានរដ្ឋសភាថា មូលហេតុដែលនាំឲ្យប្រជាជន និងសមត្ថកិច្ចវៀតណាម ប្រតិកម្ម និងចូលបាញ់ថ្នាំពុល បំផ្លាញដំណាំកសិករខ្មែរ (ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ) នោះ ដោយសារតែកសិករខ្មែរ បាននាំគ្នាចូលទីដាំដំណាំ ក្នុងទឹកដីវៀតណាម ចំនួនជាង១៦,៦ហិកតា។
ស៊ូប្រឈមមុខ...
ដំណឹងចុងក្រោយ ដែលទស្សនាវដ្ដីបានទទួល កាលពីថ្ងៃទី០៨ ខែឧសភា បានឲ្យដឹងថា ខណៈ«វិវាទ» ដែលហាក់ដូចជា គ្មានដំណោះស្រាយនេះ ប្រជាពលរដ្ឋភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រកាសជាថ្មីថា ពួកគាត់នឹងចូលទៅដាំដុះ បង្កបង្កើនផល លើផ្ទៃដីកេរ្តិ៍ដូនតាជាបន្ត។ ពួកគាត់បានថ្លែងឲ្យដឹង ពីភូមិជើងមកថា «ស៊ូ»ប្រឈមមុខគ្មា តែមិននៅ«ស្ងៀម» ដោយបោះបង់ដីដូនតា ឲ្យទៅប្រទេសវៀតណាម ដោយស្រួលនោះឡើយ។ ឯប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា លោក ម៉ៅ ពិសេស បានអះអាងថា នឹងដឹកនាំក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា ចុះទៅពិនិត្យមើលដោយផ្ទាល់ លើតំបន់ដំណាំរបស់ពលរដ្ឋ ដែលបានរងនូវការបំផ្លាញ ដោយថ្នាំបំពុលនោះ នាថ្ងៃទី១៧ ខែឧសភា ខាងមុខ៕