ចាក់ថ្នាំពង្រីកសាច់ដុំ ដើម្បីឲ្យដូចមនុស្សយក្ស «Hulk» ក្នុងកុន
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 10, 2015
- ប្រធានបទ: កីឡាគ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាក្ដីសុបិន្ដ ដែលមានគ្រោះថ្នាក់ដល់ជីវិត។ យុវជន Romario Dos Santos Alvers ជាតិប្រេស៊ីល អាយុ២៥ឆ្នាំ ដែលចូលចិត្តសាច់ដុំធំៗនោះ បានបង្កឲ្យមានហនិភ័យ មិនអាចនឹកស្មាន ទៅដល់ជីវិតរបស់ខ្លួន៖ នោះគឺធ្វើខ្លួន ឲ្យក្លាយជាមនុស្សយក្សសម្បុរបៃតង ឬ Hulk ដែលជាកំពូលតួអង្គ នៅក្នុងភាពយន្ដហូលីវូដ។
ហើយដើម្បីសម្រេច នូវបំណងខុសគេនេះ យុវជនអ្នកលេងសាច់ដុំ បានប្រើប្រាស់ នូវវិធីសាស្ត្រមួយ ប្រកបដោយប្រសិទ្ធិភាព រាប់ចាប់តាំងពីឆ្នាំ២០១២កន្លងមក។ សារព័ត៌មាន «Daily Mail» របស់អង់គ្លេស បានរាយការណ៍ថា យុវជនបានចាក់ថ្នាំ លាយបញ្ចូលគ្នា នូវសារជាតិបំបោងសាច់ រួមមានជាតិប្រេងនិងអាល់កុល ចូលទៅក្នុងសាច់ដុំរបស់ខ្លួន ដើម្បីឲ្យសាច់ដុំប៉ោងឡើង។ ផ្នែកខ្លះនៃសាច់ដុំរបស់យុវជន បានរីកធំឡើង រហូតមានអង្កត់ផ្ចិតដល់ទៅ ២៣សង់ទីម៉ែត្រ។
ឆ្លើយតបនឹងសារព័ត៌មានអង់គ្លេស យុវជន បានរៀបរាប់ថា ខ្លួនបានចាប់ផ្ដើម អនុវត្តការពង្រីកមាឌ របស់ខ្លួននេះ បន្ទាប់ពីខ្លួនបានស្គាល់រាប់អាន ជាមួយមនុស្សជាច្រើន ដែលចូលចិត្តលេងសាច់ដុំ។ យុវជនបាននិយាយថា៖ «ក្រោយពីដឹងពីវិធីសាស្ត្រ ក្នុងការចាក់ថ្នាំ ពង្រីកសាច់ដុំនេះ ខ្ញុំលែងគ្រប់គ្រងខ្លួនឯង បានតទៅទៀត ដោយឃើញលទ្ធផលចេញមក គួរឲ្យចាប់អារម្មណ៍ណាស់»។
ពេលខ្លះ យុវជនចាំបាច់ត្រូវប្រើម្ជុល ដែលគេយកមកចាក់ គោឡើងក ដោយសារតែសាច់ដុំរបស់យុវជន បានឡើងរឹង ដូចថ្ម។ យុវជនបានពន្យល់ទៀតថា៖ «សាច់ដុំខ្ញុំ បានឡើងរឹងខ្លាំង វាមានសភាពដូចដុំថ្មអញ្ចឹង»។
ការប្រព្រឹត្តិរឿងនេះ បានឈានឡើងដល់កំពូល និងបានធ្វើឲ្យយុវជន ត្រូវចូលទៅក្នុងមន្ទីរពេទ្យ ហើយបង្កឲ្យមានការភិតភ័យ យ៉ាងខ្លាំងមួយ។ ដើម្បីកាត់បន្ថយការឈឺចាប់ ដែលមានជាប្រចាំ និងធ្វើឲ្យយុវជន ទ្រាំមិនបាននោះ ក្រុមគ្រូពេទ្យបានគ្រោងថា នឹងកាត់អវៈយវៈរបស់យុវជនចោល។ ប៉ុន្តែជាសំណាងល្អ ដែលក្រុមគ្រូពេទ្យបានបញ្ជៀសជំហាន ដែលឈានទៅកាត់ដៃជើង របស់យុវជននេះ ដោយគ្រាន់តែដក សារជាតិបំប៉ោងសាច់ដុំទាំងអស់ ចេញពីខ្លួនយុវជនប៉ុណ្ណោះ។
តាំងពីពេលនោះមក មានរយៈពេល២ឆ្នាំហើយ យុវជនបានធូរស្រាលជាងមុនច្រើន ហើយបានត្រឡប់មកអនុវត្ត កីឡាតម្លើងសាច់ដុំនេះ តាមក្បួនខ្នាតឡើងវិញ៕