កីឡាករបាល់ទាត់ បោកក្បាលប្រេះលលាដ៏ពីរកន្លែង ក្នុងពេលប្រកួត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 10, 2015
- ប្រធានបទ: គ្រោះបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប៉ះទង្គិច ដោយសារការប្រជែងបាល់គ្នា រវាងកីឡាករទាំងសងខាង នៅក្នុងការប្រកួតបាល់ទាត់ តែងតែកើតមានឡើង មិនលែងឡើយ។ ទាស់តែ នៅក្នុងការប្រកួតលើកនេះ ជញ្ជាំងថ្មមួយ បានស្ថិតនៅជាប់បង្កើយ នឹងទីលានប្រកួត ដោយទុកចន្លោះ ប្រមាណជា១ម៉ែត្រប៉ុណ្ណោះ ពីខ្សែបាល់ចេញ។ អញ្ចឹង ប្រសិនបើមាន ការរុញច្រានគ្នាតែបន្តិច ហេតុការណ៍ទៅប៉ះនឹងជញ្ជាំងថ្មនេះ អាចនឹងក្លាយជាគ្រោះអាសន្នធំ។
នេះជាហេតុការណ៍ ដែលបានកើតឡើង នៅក្នុងការប្រកួតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងក្រុមបាល់ទាត់ San Martín Burzaco និងក្រុម Juventud Unida ក្នុងប្រទេសអាហ្សង់ទីន។ កីឡាករ Emanuel Ortega បានរងគ្រោះ ពីការច្រានរបស់កីឡាករគូប្រជែង ហើយដួលពេញមួយទំហឹង ដោយបោកក្បាលទៅលើ ជញ្ជាំងបេតុង ដែលដាក់ខណ្ឌចែក ទីលានប្រកួត។
បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យ Buenos Aires កីឡាករ Emanuel Ortega ដែលមានអាយុ២១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់ កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍ដដែល ដោយប្រើរយៈពេល ដល់ទៅ៣ម៉ោង ទៅលើមុខរបួស ប្រេះលលាដ៏ក្បាល ពីរកន្លែង។ គ្រូពេទ្យ បានវាយតម្លៃ លើរបួសរបស់កីឡាករ ថាមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែមកទល់នឹងពេលនេះ ស្ថានភាពរបស់កីឡាករ មានលក្ខណៈនឹងនរ ជាធម្មតានៅឡើយទេ រហូតមកដល់ពេលនេះ៕
-----------------------------------
ប៉ុន្តែដំណឹងបន្ថែមចុងក្រោយ នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា បានប្រកាសពីមរណភាពរបស់កីឡាករ ហើយបង្កឲ្យពិភពបាល់ទាត់ នៃប្រទេសអាហ្សង់ទីន ធ្លាក់ក្នុងសភាពក្រៀមក្រំ ដ៏ធ្ងន់ធ្ងរ មិនដែលធ្លាប់ជួបក្នុងពេលកន្លងមក។