ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលស្គាល់ជនជាតិវៀតណាមក្នុងបញ្ជីបោះឆ្នោត ថាត្រឹមត្រូវ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 18, 2014
- ប្រធានបទ: អន្តោប្រវេស្សន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតំកល់ការសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទុកជាបានការ ទាក់ទងនឹងការផ្តល់សិទ្ធិ ឬចុះឈ្មោះឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតនៅកម្ពុជា។ ការសម្រេចនេះ បន្ទាប់ពី គ.ជ.ប បានបដិសេធរួចហើយ នូវរាល់ពាក្យបណ្ដឹងទាំងឡាយ ដែលបានធ្វើដោយគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន ដោយ គ.ជ.ប គ្រាន់តែសំអាងហេតុថា ជនទាំងនោះធ្លាប់បានចូលរួមបោះឆ្នោត ឆ្នាំ២០០៣។
ក្នុងថ្ងៃទី១៧ ខែធ្នូនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួល«សេចក្តីសម្រេច»មួយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធនឹងការស្នើឲ្យលុបឈ្មោះជនបរទេស ជាពិសេសជនជាតិវៀតណាមមួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ បើទោះជាសេចក្ដីសម្រេចនេះ ត្រូវបានធ្វើជាសាធារណៈមែន តែមានប្រជាពលរដ្ឋភាគតិចបំផុត ដែលបានដឹង និងបានអាន។
ផ្នែកមួយនៃសេចក្ដីសម្រេចនោះ បានសរសេររបៀបជារបាយការណ៍ថា តាមដើមបណ្តឹងមកពីគណបក្សប្រឆាំងលើកឡើង ដោយស្នើសុំឲ្យមានការលប់ឈ្មោះ ជនជាតិបរទេស ចំនួន៥៨នាក់ ពីក្នុងបញ្ជីបោះឆ្នោតស្ថិតក្នុងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ជាលទ្ធផលមាន ១៩នាក់ប៉ុណ្ណោះដែលបានលប់ ព្រោះគ្មានវត្តមាននៅក្នុងឃុំនោះ តែប៉ុណ្ណោះ។
លោក ឯម សូផាត តំណាងឲ្យ គ.ជ.ប នៅចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញា បានបង្ហាញថា មូលហេតុដែលរក្សាទុកឈ្មោះជនបរទេសទាំងនោះ ក្នុងបញ្ជីបោះឆ្នោតព្រោះពួកគេ ធ្លាប់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០០៣។ ពួកគេបានកំពុងរស់នៅក្នុងឃុំកំពុងលួង គ្មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងជនអន្តោប្រវេស្សន៍ និងបានបំពេញតាមល័ក្ខខ័ណ្ឌនៃមាត្រា៥៤ថ្មី (ពីរ) ចំណុច គ ត្រង់ត្រេទីប្រាំ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថា មានឈ្នោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងសៀវភៅបញ្ជីបោះឆ្នោតឃុំ សង្កាត់ប៉ុណ្ណោះ។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាត្រា៥៤ថ្មី (ពីរ) ដដែល ក៏បានបញ្ជាក់ថា ខ្លួនជាជនពលរដ្ឋខ្មែរ អាចចុះឈ្មោះបោះឆ្នោតបាន ត្រូវតែមានសំអាងតាមរយៈឯកសារផ្សេងៗ ដែលបញ្ជាក់បានថាខ្លួនពិតជាជនជាតិខ្មែរ ស្របតាមច្បាប់។ ឯកសារទាំងនោះ រូមមានការផ្តល់សញ្ជាតិជាខ្មែរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។
មុនដំណាក់កាលនៃសេចក្តីសម្រេច បន្ទាប់ពីទទួលស្តាប់ការបកស្រាយ និងការទាញហេតុផលនៃគូភាគីទាំងសងខាងរួចមក ក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញការយល់ឃើញរបស់ខ្លួនយ៉ាងដូច្នេះថា «ការបញ្ជាក់អំពីធាតិពិត នៃអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ មិនមែនជាសមត្ថកិច្ច របស់ក្រុមប្រឹក្សាធម្មនុញ្ញទេ»។
ចុងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសម្រេចជាស្ថាពរ ដោយអនុញ្ញាតិឲ្យ គ.ជ.ប រក្សាឈ្មោះជនបរទេស (វៀតណាម) ក្នុងបញ្ជីបោះឆ្នោតទុកជាបានការ និងបិទផ្លូវតវ៉ា ក្រោមអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាមួយនឹងការចុះផ្សាយក្នុងរាជកិច្ចផងដែរ។
សូមអានសេចក្តីសម្រេចទាំងស្រុង (ចុចលើរូប ដើម្បីពង្រីកអាន)៖