អង់ទីប៊ីយ៉ូទីក ប្រើលើទារកអាយុក្រោម៦ខែ នឹងបង្កអោយមានរោគចុកខ្លាញ់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសិក្សាស្រាវជ្រាវមួយ បានសំយោគសេចក្ដី កាលពីថ្ងៃអង្គាទី ២២សីហានេះថា ការអោយថ្នាំដែលមានលក្ខណៈ ប្រឆាំងនឹងជីវះ (អង់ទីប៊ីយ៉ូទីក antibiotiques) ទៅអោយទារកមានអាយុ តិចជាង៦ខែប្រើប្រាស់នៅថ្ងៃនេះ នឹងបង្កអោយ ទារកនេះ មានរោគធាត់ចុក ខ្លាញ់ នៅពេលធំឡើង។
កុមារដែលធាត់ចុកខ្លាញ់ម្នាក់នេះ កំពុងលេងបាល់របស់ខ្លួន។
អ្នកសហស្រាវជ្រាវម្នាក់ គឺលោក ឡេអូណាដូ ត្រាសានដេ (Leonardo Trasande) មកពីសកលវិទ្យាល័យ ញ៉ូយក នៃ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងធ្លាប់តែបានគិតថា រោគធាត់ចុកខ្លាញ់ មានកើតតែនៅលើមនុស្សធំ នៅពេល ដែលមនុស្សនោះទទួលទានអាហារច្រើនជ្រុល និងមិនធ្វើកីឡាអោយបានគ្រប់គ្រាន់។ តែការសិក្សាស្រាវជ្រាវ កាន់តែ ច្រើនឡើងៗ បានពន្យល់ថា វាមានភាពស្មុគ្រស្មាញ ជាងអ្វីដែលយើងគិតនេះ។»
លោកបានបន្ថែមថា «អង្គការពារដែលមានវត្តមាន នៅក្នុងពោះវៀនរបស់យើង វាអាចដើរតួយ៉ាងសំខាន់ នៅក្នុងបរិបទ មួយ ខណៈពេលដែលយើងស្រូបយកថាមពល (កាឡូរី)។ តែការលេបចូលទៅក្នុងពោះ នូវប្រភេទថ្នាំ អង់ទីប៊ីយ៉ូទីកនេះ វានឹងអាចសម្លាប់អង្គការពារទាំងនោះ ដែលមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការទប់កាឡូរី ដែលមាននៅក្នុងអាហារ នៅពេល ដែលយើងញ៉ាំចូលទៅក្នុងខ្លួន។ ម្យ៉ាងទៀតអង្គការពារទាំងនោះ នឹងអនុញ្ញាតិអោយយើងគ្រប់រូប នៅរក្សារូបរាងបាន ស្គមល្អ។» បណ្ដាអ្នកសិក្សាស្រាវជ្រាវ បានពិសោធន៍ និងពិនិត្យករណីនេះ ទៅលើទារក ចំនួន ១១ ៥៣២នាក់ ដែលទើប នឹងចាប់កំណើត នៅទីក្រុង អេវុន (Avon) ប្រទេសអង់គ្លេស កាលពីឆ្នាំ១៩៩១ និង ១៩៩២កន្លងទៅ។ អ្នកស្រាវជ្រាវបាន រកឃើញថា ទារកអាយុតិចជាងប្រាំខែ ដែលបានទទួលថ្នាំ អង់ទីប៊ីយ៉ូទីក បានឡើងទំងន់រីកមាឌខ្លាំង និងច្រើនជាង បើ ប្រៀបធៀបទៅនឹងកុមារផ្សេងទៀត ដែលមិនបានប្រើថ្នាំប្រភេទនេះ។
អ្នកចិញ្ចឹមគោបានប្រើប្រាស់ ថ្នាំប្រភេទនេះ ដើម្បីអោយគោធាត់
បើទោះជាមានការខុសគ្នា ថាមានការឡើងទំងន់ មានទំហំតិចតួច រវាងពី ១០ខែ ទៅ២០ខែក៏ដោយ ក៏ការឡើងទំងន់នេះ មានភាពគួរអោយកត់សំគាល់ នៅពេលកុមារមានអាយុ៣ឆ្នាំនិង២ខែ។ ជាពិសេសមកដល់អាយុនេះ កុមារដែលទទួល ការព្យាបាល ជាមួយនឹងប្រភេទថ្នាំអ៊ង់ទីប៊ីយ៉ូទីក នៅអំឡុងពេលទើបនឹងកើតពីពោះម្ដាយនេះ មានសង្ឃឹមថា នឹងអាច ឡើងទំងន់ប្រមាណជា ២២%បន្ថែមទៀត។ តែសំរាប់ទារកដែលមានអាយុលើសពីប្រាំខែ ហើយបានទទួលការប្រើប្រាស់ ថ្នាំប្រភេទនេះ គេមិនបានសង្កេតឃើញថា មានសកម្មភាពឡើងទំងន់អ្វីខ្លាំងក្លាឡើយ។
អ្នកស្រាវជា្រវម្នាក់ទៀត លោក ហ្សាង់ ប្លូស្តេន (Jan Blustein) មកពីសកលវិទ្យាល័យញ៉ូយកដូចគ្នា បានសង្កត់ធ្ងន់ថា «ជាយូរយារណាស់មកហើយ ដែលអ្នកចិញ្ចឹមគោដឹងថា ប្រភេទថ្នាំអង់ទីប៊ីយ៉ូទីក មានសារសំខាន់ខ្លាំងណាស់ ក្នុងការ ធ្វើអោយគោធាត់ឡើងទំងន់ ដើម្បីលក់បានថ្លៃ និងចំណេញប្រាក់ បានច្រើននោះ។ បើទោះជាយើង ត្រូវបន្ថែមការសិក្សា ស្រាវជ្រាវណាផ្សេងទៀត ដើម្បីបញ្ជាក់ពីទិន្នន័យនេះក៏ដោយ ក៏ការសរុបលទ្ធផលក្នុងពេលនេះ បានបញ្ជាក់ថា ប្រភេទ ថ្នាំនេះ មានឥទ្ធិពលដូចគ្នា ទៅលើការធាត់ចុកខ្លាញ់ នៅក្នុងជីវិតមនុស្ស និងជាពិសេស នៅក្នុងជីវិតកុមារ៕»
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ