ភ្នំពេញ អាចនឹងបំពាក់ដោយ ខ្សែររថ ត្រាមវេយ៍ នៅឆ្នាំក្រោយ

ខ្សែរដំបូងរបស់ ត្រាមវេយ៍ នឹងភ្ជាប់តំបន់ពីជើងទៅត្បូង នៃរាជធានីភ្នំពេញ ពោលគឺពីស្ពានព្រះមុន្នីវង្ស ទៅដល់ព្រែកភ្នៅ។ បន្ថែមជាមួយ​ និងខ្សែរដំបូងរបស់ត្រាមវេយ៍នេះ គំរោង រថយន្ដក្រុង ផ្សេងទៀត ក៏នឹងត្រូវគេដាក់អោយរត់ផងដែរ ដោយត្រូវចំនាយទឹកប្រាក់ ប្រមាណជា ពី ២៤០ ទៅ២៨០លានដុល្លាអាមេរីក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះមុខ សុបិន្តអាក្រក់ដែលចេះ តែតាមលងរាជធានីភ្នំពេញ នៅពេលដែលគេនិយាយ ពីការស្ទះចរាចរណ៍ ជារៀង រាល់ថ្ងៃនោះ សាលាក្រុងភ្នំពេញបានបង្កើនល្បឿន ទៅលើគំរោងអភិវឌ្ឍន៍មួយ ដែលនឹងបង្កើតអោយមាន នូវខ្សែរយាន-យន្ដមួយប្រភេទ មានឈ្មោះ ថា ត្រាមវេយ៍។ គំរោងនេះ មានការជួយឧបត្ថម្ភ ពីសំណាក់ប្រទេសបារាំង។

-------------------------------------------------------------------------------------


គំរោងប្លង់ ដែលនឹងដាក់អោយមាន ខ្សែររថ ត្រាមវេយ៍ នៅលើដងផ្លូវ។ រូបថត៖​​ phnompenh.gov.kh។

ឆ្នាំ១២១៣ គេអាចនិយាយបានថា ជាឆ្នាំរបស់ត្រាមវេយ៍ (tramway) នៅរាជធានីភ្នំពេញ។ នេះជាអ្វីដែល គេហទំព័ររបស់ សាលាក្រុងភ្នំពេញ បានផ្សាយអោយដឹង ពីដំណឹងដែលថា កិច្ចប្រជុំការងារបច្ចេកទេសជាច្រើនមួយ ត្រូវបានធ្វើតាំងពីខែ កុម្ភះ រហូតមកទល់ខែមិថុនានេះ ស្ដីពីគំរោងត្រាមវេយ៍នេះ។ សាលាក្រុងបានបញ្ជាក់ថា កំពុងធ្វើការជាមួយ អ្នកជំនាញ ជនជាតិបារាំង ដែលមកពីក្រុមហ៊ុនបារាំងមួយឈ្មោះ ស៊ីស្ត្រា (Systra) មានឯកទេសខាងការដឹកជញ្ជូន តាមតំបន់ទី- ប្រជុំជន តាមបែប ត្រាមវេយ៍ រថភ្លើង និងរថយន្ដក្រុង។ គេបានរំពឹងថា ខ្សែរដំបូងរបស់ ត្រាមវេយ៍ នឹងភ្ជាប់តំបន់ពីជើង ទៅត្បូង នៃរាជធានីភ្នំពេញ ពោលគឺពីស្ពានព្រះមុន្នីវង្ស ទៅដល់ព្រែកភ្នៅ។ បន្ថែមពីលើខ្សែរដំបូងរបស់ត្រាមវេយ៍នេះ គំរោង រថយន្ដក្រុង ផ្សេងទៀត ក៏នឹងត្រូវគេដាក់អោយរត់ផងដែរ ដោយនឹងត្រូវចំនាយទឹកប្រាក់ ប្រមាណជាពី ២៤០ ទៅ ២៨០ លានដុល្លាអាមេរីក។

អ្នកតំណាងម្នាក់ មកពីទីភ្នាក់ងារជប៉ុន ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនោះ បានកត់ ចំណាំថា «វា ជាចំនុចគន្លឹះ ដែលត្រូវយកមកដោះស្រាយ បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ និងដើម្បីធ្វើទំនើបកម្ម ដល់ ជីវភាព និងវប្បធម៌របស់ ប្រជាជនដែលរស់នៅក្នុងទីក្រុង។» ដោយទទួលបានការគាំទ្រផង ពីសំណាក់រដ្ឋាភិបាលបារាំង សាលាក្រុងភ្នំពេញបានសំរេចចិត្តជ្រើសរើស យកមធ្យោបាយដឹកជញ្ជូនរួមមួយ ដោយមានរបៀប និងគំរូតាមប្រព័ន្ធ ដឹក- ជញ្ជូនសារធារណៈ នៃទីក្រុងបារីសប្រទេសបារាំង។


រូបភាពគំរោង និងត្រាមវេយ៍ នៅក្រោយពេលធ្វើរួច នៅទីក្រុងបារីសប្រទេសបារាំង។ រូបភាព៖ Ville de Paris។

ត្រាមវេយ៍ ជាយានយន្ដវែងមួយប្រភេទ មានលក្ខណៈដូចជារថភ្លើង ដែលមានល្បឿនលឿនគួរសម មានសម្លេងស្ងាត់ ភាគច្រើនដើរដោយចរន្ដអគ្គិសនី និងរត់នៅលើដី ដែលផ្លូវរត់របស់វា នឹងត្រូវគេកំណត់រួចជាស្រេច។ បើទោះជាគោលដៅ នៃទិសទាំងសងខាង របស់គំរោងខ្សែរដំបូងនេះ ត្រូវបានគេកំណត់រួចហើយក៏ដោយ ក៏រហូតមកដល់ពេលនេះ នៅមិនទាន់ មានការនិយាយលំអិត ត្រូវបានគេបញ្ចេញអោយដឹង លើគំរោងត្រួសត្រាយផ្លូវថ្នល់ ដើម្បីអោយយានយន្ដ មួយប្រភេទនេះ រត់ដំណើរការ និងពីរបៀបរបបនៃការប្រើប្រាស់ ក៏ដូចជាការបើកបរវា​ នៅឡើយទេ ។

លោកអភិបាលក្រុង កែវ ជុតិមា បានលើកឡើងថា «បើទោះជាយើងប្រឈមនឹងបញ្ហាសង្គម បច្ចេកទេសយ៉ាងណា ក៍ដោយ យើងប្តេជ្ញាបង្កើតប្រព័ន្ធដឹកជញ្ជូនរួម មួយឱ្យបាន។ ហើយបើយើងមិនសម្រេចចិត្តពេលនេះ ថ្ងៃមុខ ភ្នំពេញនឹង ពិបាក ដោះស្រាយពីបញ្ហាចរាចរ ដូចបណ្តាប្រទេសធំៗលើពិភពលោក។» រីឯលោករដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន  ត្រាំ អ៊ីវតឹក បានបកស្រាយបន្ថែមដូចគ្នាដែរថា «ចំនួនរថយន្ដ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើយើង មិនរកអោយឃើញ នូវដំណោះស្រាយទេ ស្ថានភាពចរាចរណ៍នៅភ្នំពេញ នឹងកាន់តែអាក្រក់ ដូចទីក្រុងបាងកក និងទីក្រុង ធំៗមួយចំនួនទៀត។»

អ្នកវិភាគម្នាក់ បានផ្ដល់ជាទស្សនទានឡើងថា «ភាពស្មុគ្រស្មាញ ដែលជាបញ្ហាដល់ចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ សព្វថ្ងៃ មានជាប់ទាក់ទងយ៉ាងខ្លាំង ទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ និងផ្នត់គំនិតរបស់ របស់បណ្ដាជន ដែលរស់នៅ ក្នុងទីក្រុង និងបានប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គ្នា។ ខ្ញុំមិនគិតថា ការបង្កើតយានយន្ដ ប្រភេទដូចត្រាមវេយ៍នេះ នឹងអាច ដោះស្រាយអ្វី បានច្រើនឡើយ នៅពេលដែលអ្នករស់នៅក្នុងទីក្រុង ចូលចិត្តជិះឡានធំៗទំនើបៗ ដើម្បីគ្រាន់តែជា ការបង្អួតបង្ហាញគ្នា ហើយពួកគេមិនបានយកចិត្តទុកដាក់ ពីការគោរពច្បាប់ទម្លាប់អ្វីនោះ។» អ្នកវិភាគនោះ បានបញ្ជាក់ បន្ថែមថា «ការបង្កើតយានយន្ដពិសេស ដូចយ៉ាងត្រាមវេយ៍នេះ គេត្រូវតែគិតបន្ថែមទៀត ពីការបង្កើតច្បាប់ពិសេស សំរាប់ដំណើរប្រព្រឹត្តិទៅ នៃយានយន្ដទាំងនេះ ហើយនេះ គេត្រូវព្យាករណ៍និងត្រូវបញ្ជៀស នូវរាល់គ្រោះថ្នាក់ទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុ ជាមួយនឹង យានយន្ដប្រភេពថ្មីនេះ។ តែបើមនុស្សភាគច្រើន គេមិនគោរពច្បាប់ និងគេចូលចិត្តប្រើ តែយានយន្ដផ្ទាល់ខ្លួន ដូចជាឡាន ឬម៉ូតូរបស់ពួកគេ តើអ្នកដែលមានគំនិតបង្កើតត្រាមវេយ៍នេះ មានបានគិតដល់ ពីភាពមានជោគជ័យ ឬអត់ ក្នុងការប្រើប្រាស់ ក៏ដូចជាការប្រព្រឹត្តទៅ របស់យានយន្ដនេះ?»

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...