គ្រោងតម្លើងប្រាក់ឈ្នួលកម្មករកាត់ដេរ ចុះកម្មករនៅវិស័យផ្សេង?
ខណៈកិច្ចប្រជុំជួបជាមួយរបស់សហជីបកម្មករទាំងអស់ បានសម្រេចយករូបមន្ត នៃការដំឡើងប្រាក់ខែអប្បរមា រវាងពី១៥៧ ទៅ១៧៧ដុល្លារ សំរាប់កម្មកររោងចក្រកាត់ដេរនៅកម្ពុជានោះ កម្មករនយោជិកនៅវិស័យផ្សេងៗវិញ ដូចជា កម្មករសំណង់ នារីម៉ាសស្សា ស្រ្តីបំរើការតាមផ្ទះជាដើម នៅមានកំរិតប្រាក់ខែគោល«ទាប»នៅឡើយ ដែលធ្វើឲ្យពួកគាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពបាន។ ពួកគាត់បានសំណូមពរថា បើមានការតម្លើងប្រាក់ខែឲ្យកម្មកររោងចក្រកាត់ដេរនោះ ហេតុអ្វីមិនអាចមានការតម្លើងប្រាក់ខែ សម្រាប់កម្មករនយោជិកនៅវិស័យផ្សេង?
រូបជំនួស បង្ហាញពីភាពសប្បាយរីករាយ របស់កម្មការិនី បន្ទាប់ពីការតវ៉ារបស់គេបានសម្រេច។
សេដ្ឋកិច្ចកម្មករ - ជាទូទៅប្រាក់ខែគោលនៅក្នុងប្រទេសកម្ពុជា មានភាពមិនស្របគ្នានោះទេ ដូចជាកម្មករកាត់ដេរទទួលបានប្រាក់ខែគោល ៨០ដុល្លារអាមេរិក ស្ត្រីបម្រើតាមផ្ទះមានប្រាក់ខែ៦០ដុល្លារជាមធ្យម កម្មករសំណង់ទទួលបាន១១០ដុល្លារនោះជាដើម។ ប៉ុន្តែកាលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រជុំត្រីភាគី រវាងតំណាងកម្មករ រដ្ឋាភិបាល និងភាគីរោងចក្រ បានសម្រេចនូវគម្រោងតម្លើងប្រាក់ខែគោល សំរាប់កម្មករនយោជិករោងចក្រ ដើម្បីអាចឆ្លើយតបទៅនឹងការរស់នៅប្រចាំថ្ងៃ និងការធានារ៉ាប់រងផ្នែកសុខភាព។
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទតែមួយនេះ ដោយចុចលើទីនេះ។
តែមិនមែនតែកម្មករនយោជិក នៃរោងចក្រកាត់ដេរប៉ុណ្ណោះទេ ដែលមានតម្រូវការដូចនេះ តែកម្មករនយោជិកដែលធ្វើការក្នុងវិស័យផ្សេងទៀត ក៏ពួកគាត់ត្រូវការចំណាយដើម្បីចិញ្ចឹមជីវិត និងការមើលជម្ងឺតម្កាត់ផ្សេងៗ មានលក្ខណៈដូចគ្នានេះដែររ។ ហេតុនេះហើយ តើពួកគាត់បានលើកជាសំនួរថា ហេតុអ្វីមិនមានការអន្តរាគមន៏ណាមួយ សំរាប់ពួកគាត់?
ស្រីណា អាយុ ១៨ឆ្នាំ ដែលត្រូវទទួលបន្ទុកចិញ្ចឹមគ្រួសារ ហើយកំពុងធ្វើការឲ្យហាងម៉ាស្សាមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានប្រាប់មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា «សំរាប់ប្រាក់ខែគោលរបស់ខ្ញុំ គឺបាន៦០ដុល្លា បើថែមម៉ោងទៀតបាន ៧០ ដុល្លា វាមិនគ្រប់គ្រាន់សំរាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំទេ។ ខ្ញុំគិតថាបើធ្វើការនៅទីនេះ រកលុយមិនបាន ខ្ញុំប្តូរទៅធ្វើការនៅរោងចក្រវិញ។»
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រតិកម្មថា «ការតម្លើងប្រាក់ឈ្នួលនេះ គួតែតម្លើងគ្រប់វិស័យទាំងអស់ មិនត្រឹមតែវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងតែប៉ណ្ណោះទេ គួតែតម្លើងគ្រប់វិស័យទាំងអស់ ដើម្បីធ្វើអោយជីវភាពកម្មករ ធូរធារ និងសមរម្យ។»
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ ពីបំណងចង់បាននូវសមភាពរវាងប្រាក់ឈ្នួល នៃកម្មករទាំងអស់។ លោកក៏មានវិធានមួយចំនួនដែរ «សំរាប់ឆ្នាំ ២០១៤ ខាងមុខនេះ យើងនឹងរៀបការងារនេះ ជាមួយសហព័ន្ធផ្សេងៗទៀត ដើម្បីធ្វើរឿងណ្ណឹង។ ជំហ៊ានទីមួយ យើងនឹងសិក្សាទៅលើផលប៉ះពាល់ នៃការទទួលបានប្រាក់ខែតិចរបស់កម្មករ។ ទីពីរ យើងនឹងស្នើរទៅកាន់រដ្ឋាភិបាល បើគ្មានដំណោះស្រាយទេនោះ ជម្រើសចុងក្រោយ គឺការធ្វើបាតុកម្ម៕»
------------------------------------------------
ដោយ៖ ចាន់នីតា - ភ្នំពេញ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរម្យអំាងហ្វូ