ជប៉ុន៖ ដូនចាស់ម្នាក់ ជាប់ទោស«ឆរបោក» ក្នុងអន្ទាក់ស្នេហ៍ខុសរឿង
ការផ្ដោះប្ដូរទល់នឹងការបំពេញចិត្តផ្លូវភេទ ស្ត្រីចំណាស់ម្នាក់អាយុ៧៧ឆ្នាំ បានសម្រេច នូវការដកយកសាច់ប្រាក់ ចំនួនជាង៣លានអ៊ឺរ៉ូ ពីប្រុសស្នេហ៍របស់គាត់ ដើម្បីទិញផ្ទះដ៏ប្រណិត និងរថយន្ដដ៏ទំនើបៗ។
ដូនចាស់យើង ចូលចិត្តប្រាក់ និងរថយន្ដទំនើបៗខ្លាំងសម្បើមណាស់។ ប៉ុន្តែគាត់ទើបនឹងត្រូវបានតុលាការបង្ខំ ឲ្យគាត់សងប្រាក់បីលានអ៊ឺរ៉ូ (ឬ៣,៥លានដុល្លាអាមេរិក) ដែលគាត់បានយកពីបុរសចំណាស់ម្នាក់ ដើម្បីដូរនឹងចំណងស្នេហ៍ល្អូកល្អើន ព្រមទាំងទំនាក់ទំនងផ្លូវភេទ។ នេះជាការផ្សាយអោយដឹង របស់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក។
កាសែតប្រចាំថ្ងៃ ស្ពរនីប៉ុន (Sports Nippon) បញ្ជាក់ថា ការសម្រេចចេញសាលក្រមរបស់តុលាការ បាននិយាយថាស្ត្រីចំណាស់អាយុ ៧៧ឆ្នាំរូបនេះ បានគម្រាមទាមទារប្រាក់រវាងពីឆ្នាំ២០០០ មកដល់ឆ្នាំ២០០៧ នូវទឹកប្រាក់ចំនួន ៤០០លានយ៉េន (ច្រើនជាង៣លានអ៊ឺរ៉ូ ឬ៣,៥លានដុល្លាអាមេរិក) ពីប្រុសស្នេហ៍របស់គាត់ម្នាក់ មានអាយុលើសគាត់ពីរឆ្នាំ។
អន្ទាក់ស្នេហ៍វ័យចំណាស់
សាលាក្ដីប្រចាំនៅតំបន់ ស៊ីស៊ូយ៉ូកា (Shizuoka) ផ្នែកកណ្ដាលនៃប្រទេសជប៉ុន បានរកឃើញថា ស្ត្រីចំណាស់នេះ បានចាប់បុរសវ័យចំណាស់ម្នាក់ ដាក់ក្នុង«អន្ទាក់ស្នេហ៍»របស់គាត់ ជាពិសេស ថាបានទាក់ទាញលោកតា នៅក្នុងបន្ទប់សណ្ឋាគារមួយ ហើយលោកយាយបាន«ស្រាតននល» នៅចំពោះមុខលោកតា រូចសុំអោយលោកតា«ដុស»ខ្លួន អោយគាត់នៅក្នុងចានងូតទឺក។
កាសែតដដែលបាននិយាយថា លោកយាយបានសម្រេច នូវការបញ្ចុះបញ្ចូលគូស្នេហ៍របស់គាត់ ឲ្យប្រគល់ប្រាក់មកគាត់ ដើម្បីសងទៅទៅបុរសម្នាក់ទៀត ដើម្បី«បញ្ជៀស»អាពាហ៍ពិពាហ៍ ជាមួយបុរសនោះ។ តែមិនមានរឿងបែបនេះទេ។ ផ្ទុយទៅវិញ លោកយាយបានយកប្រាក់ទៅទិញរថយន្ដប្រភេទ ចាគ័រ (Jaguar) មួយគ្រឿង ប៊េអ៊ឹមដូលេវ៉េ (BMW) មួយគ្រឿង ម៊ែសឺដេស (Mercedes-Benz) មួយគ្រឿង និងទិញលំនៅដ្ឋានមួយ យ៉ាងប្រណិត។
ហួសពីនេះទៅទៀត កាសែតបានរាយការណ៍ថា ដើម្បីផ្គាប់ចិត្តស្រីស្នេហ៍របស់គាត់ ទេវបុត្រស្នេហ៍អាយុ៧៩ឆ្នាំ បានសុខចិត្តជំពាក់ប្រាក់គេវ័ណ្ឌករ ប្រមាណជា៤០០លានយ៉េន និងត្រូវលកដីជាច្រើនកន្លែង ដែលជាមរតកពីដូនតារបស់គាត់ថែមទៀត៕
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ