ភេវរកម្មនៅប៊ូស្តុន៖ ជនសង្ស័យម្នាក់ត្រូវបានបាញ់ស្លាប់ និងតាមប្រមាញ់ម្នាក់ទៀត
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ពីចំណោមជនសង្ស័យទាំងពីរនាក់ ដែលទំនងជាបានដាក់បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុងប៊ូស្តុនកាលពីថ្ងៃច័ន្ទនោះ បានស្លាប់ក្នុងពេលបាញ់តតាំងគ្នា ជាមួយនឹងកម្លាំងសមត្ថកិច្ច កាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ចំណែកឯជនសង្ស័យម្នាក់ទៀត កំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់នគរបាល នៅព្រឹកថ្ងៃសុក្រនេះ។
ពីឆ្វេងមកស្ដាំ ជ័កហារ ត្សាណី ជាប្អូន និងតាមើឡាន ត្សាណី ជាបង។ (រូបថតរបស់នគរបាល)
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យទាំងពីរជាបងប្អូនបង្កើតជនជាតិឆេកឆិន ដែលបានចូលមករស់នៅក្នុងសហរដ្ឋអាមេរិក តាំងពីមួយឆ្នាំមុន។ ជនសង្ស័យទីមួយដែលត្រូវបានបាញ់ស្លាប់នោះ មានឈ្មោះថា តាមើឡាន ត្សាណី (Tamerlan Tsarnaev) អាយុ២៦ឆ្នាំ។ រីឯម្នាក់ទៀតឈ្មោះ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ កំពុងរត់គេចពីការប្រមាញ់របស់នគរបាល ហើយទំនងជាកំពុងលាក់ខ្លួន នៅក្នុងតំបន់ វ័តធើថោន (Watertown) ស្ថិតនៅ១៦គីឡូម៉ែត្រខាងលិចទីក្រុងប៊ូស្តុន។
អាជ្ញាធរបានសុំទៅបណ្ដាជនអ្នករស់នៅក្នុងតំបន់ ឲ្យសម្ងំនៅក្នុងផ្ទះ និងផ្អាកជាបណ្ដោះអាសន្ន នូវដំណើរការក្នុង មន្ទីរការិយាល័យសហគ្រាស។ បណ្ដាញគមនាគមសាធារណៈ ត្រូវបានបញ្ឈប់រហូតដល់មានបញ្ជាជាថ្មី ខណៈអ្នកដែលបានមកចាំរថយន្ដក្រុង ឬនៅក្នុងរន្ធរថភ្លើងក្រោមដី ត្រូវបានសុំអោយត្រឡប់ទៅផ្ទះវិញ។
ស្នងការនគរបាលក្រុងប៊ូស្តុន លោកអេដ ដេវីស (Ed Davis) បាននិយាយថា អាជ្ញាធរកំពុងខ្វល់នឹងសំនុំរឿង ទាក់ទងនឹងភេវរជនម្នាក់ ដែលមានគម្រោងចង់ធ្វើអោយមាន ជនរងគ្រោះផ្សេងទៀត។ នគរបាលបានផ្សាយរូបជនសង្ស័យ ពាក់មួកកាស្កែតពណ៌ស ដែលកំពុងរត់គេចខ្លួននោះ និងកំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ។ ក្នុងពេលនេះ កម្លាំងការពារសន្តិសុខ ប្រមាណជា៩០០០នាក់ ត្រូវបានដាក់ពង្រាយ នៅក្នុងនិងនៅជុំវិញតំបន់នោះ។
សូមរំលឹកឡើងវិញ ថាជនទាំងពីរ ត្រូវបានគេសង្ស័យថា បានបាញ់សម្លាប់នគរបាលម្នាក់ នៅក្នុងអន្តេវាសិកដ្ឋានសកលវិទ្យាល័យ (វិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាឈូសេត) កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ហើយបានលួចរថយន្ដមួយជិះចេញពីទីនោះ។ ជនទាំងពីរនេះទំនងជាបានធ្វើអោយរបួស អ្នកបើកបររថយន្ដក្រុងម្នាក់ទៀត នៅទីក្រុងប៊ូស្តុន។ អាជ្ញាធរបាននិយាយថា គេទាំងពីរបានបោះគ្រឿងផ្ទុះចុះមកជាច្រើន នៅពេលនគរបាលដេញតាមពីក្រោយ រហូតដល់ក្រុងវ័តធើរថោន។ ជនម្នាក់ពីក្នុងចំណោមនោះ បានត្រូវគ្រាប់កាំភ្លើងរបួសធ្ងន់ នៅក្នុងការបាញ់តតាំងគ្នា ជាមួយនឹងនគរបាល ខណៈពេលដែលម្នាក់ទៀតបានរត់គេចខ្លួន។
ជនរងរបួសធ្ងន់នេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅមណ្ឌលវេជ្ជសាស្ត្រមួយ នៅទីក្រុងប៊ូស្តុន ហើយបានស្លាប់នៅទីនោះ។ គ្រូពេទ្យបាននិយាយថា បុរសនេះរងរបួសជាច្រើនកន្លែង ដោយគ្រាប់កាំភ្លើង និងអំបែកគ្រាប់ផ្ទុះ។ សារព័ត៌មានក្នុងស្រុក បានអះអាងថា សាកសពនេះ ពិតជារាងកាយរបស់ជនសង្ស័យទីមួយ ដែលនៅក្នុងរូបថតស្វែងរកដោយអេហ្វប៊ីអាយ ពាក់មួកកាស្កែតពណ៌ខ្មៅ និងវែនតាការពារពន្លឺ។
សាក្សីដែលរស់នៅក្រុងវ័តធើថោន បានបញ្ជាក់ពីការលឺសូរ ស្នូកាំភ្លើង និងការផ្ទុះគ្រាប់ នៅវេលាម៉ោង០១ព្រឹកទាបភ្លឺ ថ្ងៃសុក្រទី១៩ខែមេសានេះ។ កងកម្លាំងដែលបំពាក់នៅនឹងខ្លួន ដោយអាវុធយ៉ាងសន្ធឹកសន្ធាប់នោះ បានកំពុងដើរចុះវែករកជនសង្ស័យ ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយមានជំនួយពីឆ្កែ និងឧទ្ធម្ភាគចក្រ៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ