ផ្ទុះរោងចក្រផលិតជីនៅតិចសាស៖ នគរបាលថាមាន១២នាក់ស្លាប់ (Video)
នគរបាលប្រចាំតំបន់ បានអោយដឹងនៅ ព្រឹកថ្ងៃសុក្រនេះថា សាកសពចំនួន១២ ត្រូវបានរកឃើញ នៅបន្ទាប់ពីការផ្ទុះរោងចក្រផលិតជី កាលពីយប់ថ្ងៃពុធទី១៧ខែមេសា នៅសង្កាត់វេស្ត៍ (West) ជិតទីក្រុងវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas,)។
ទិដ្ឋភាពនៅក្រោយ ការផ្ទុះ និងពេលអគ្គិភ័យត្រូវបានពន្លត់រួចរាល់។
នគរបាលមួយរូប មកពីការិយាល័យសន្តិសុខសាធារណៈ ប្រចាំរដ្ឋតិចសាស លោកចាក់សុន រ៉ឺយ៉េស (Jason Reyes) បានថ្លែងបញ្ជាក់ថា មនុស្សប្រមាណជាជាង២០០នាក់ បានរងរបួសដោយការផ្ទុះដ៏ខ្លាំងមួយ ចេញពីរោងចក្រផលិតជី ស្ថិតក្នុងសង្កាត់មួយ ចម្ងាយ៣២គីឡូម៉ែត្រពីទីក្រុងវ៉ាកូ។ វិនាសកម្មដែលបានបំផ្លាញអាគាររោងចក្រ អាគារសាធារណៈ (រួមមានសាលារៀនមួយ និងផ្ទះសម្រាប់ជនជរា) និងលំនៅដ្ឋានច្រើនជាង១០ខ្នង។
លោករ៉ឺយ៉េស មិនបាននិយាយផងទេ ថាតើអ្នកលត់អគ្គិភ័យចំនួនប៉ុន្មាននាក់ ដែលបានរងគ្រោះថ្នាក់នេះដែរ បន្ទាប់ពីបានធ្វើអន្តរគមន៍ភ្លាម នៅពេលការផ្ទុះបានចាប់ផ្ដើមដំបូង។ តែអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះ ដែលអាចនៅជាប់គាំងនៅក្រោមគំនរបាក់បែក នៃអាគារទាំងនោះរហូតមកទល់នឹងថ្ងៃនេះ។ ភ្នាក់ងារនគរបាលបានពន្យល់ថា រហូតមកទល់នឹងព្រឹកថ្ងៃសុក្រទី១៩ខែមេសានេះ អាគារចំនួន១៥០កន្លែងត្រូវបានរើកកាយ និង២៥កន្លែងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ។
សូមអញ្ជើញទស្សនាវីដេអូទាំងពីរ ដែលបង្ហាញពីការផ្ទុះដ៏ខ្លាំងនេះ៖
មនុស្សមួយចំនួន បានទៅមើលកន្លែងដែលមានការផ្ទុះនោះ បានថ្លែងថា ទ្វា និងបង្អួចដែកជាច្រើន បានត្រូវកម្ទេច និងប៉ើងខ្ទាតចេញ ទៅគ្រប់ទិស។ កញ្ចក់បង្អួចនៃអាគារ នៅសាលាមធ្យមសិក្សាវ៉េស្ដ៍ បានបែកម៉ត់។
អ្នកទទួលខុសត្រូវទាំងឡាយប្រចាំតំបន់ បានសង្កត់ធ្ងន់ថា វាជាគ្រោះថ្នាក់តាមធម្មជាតិនៃឧស្សាហកម្មរបៀបនេះ ដែលបានបង្កឡើងដោយអគ្គិភ័យតូចមួយ។ តែសមាជិកនៃការិយាល័យគ្រប់គ្រងគ្រឿងស្រវឹង ថ្នាំជក និងជាតិផ្ទុះរបស់សហរដ្ឋអាមេរិក កំពុងរងចាំដោយក្ដីទន្ទឹង ក្នុងដំណើរទៅធ្វើការស៊ើបអង្កេត នៅនឹងទីកន្លែងផ្ទាល់៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ