បទយកការណ៍៖ អ្នកដំណើរសប្បាយចិត្ត ពេលបក្សប្រឆាំងផ្អាកដង្ហែក្បួន
ចរាចរណ៍ក្នុងក្រុង - «អស់រយៈពេលពីសប្តាហ៍ហើយ ខ្ញុំពិបាកធ្វើដំណើរនៅវេលាល្ញាច ដោយសារគណបក្សសង្គ្រោះជាតិគេហែក្បួនជាប់រហូត ឥឡូវឮថា គេផ្អាកហែក្បួន ខ្ញុំពេញចិត្តណាស់ ព្រោះលែងចំណាយសាំង និងពេលវេលាយូរទៀតហើយ» នេះគឺជាការត្អួញត្អែ និងការស្វាគមន៍របស់ លោក ពូ សុខ មានមុខរបជាអ្នករត់ម៉ូតូឌុបប្រចាំថ្ងៃនៅរាជធានីភ្នំពេញ នៅលើដងវិថីព្រះមុនីវង្ស។
បុរសមានមាឌធំ សម្បុរខ្មៅ សក់រួញអង្គារដីរូបនេះ បានបន្តថា នៅក្នុងពេលបាតុកម្មគណបក្សសង្គ្រោះជាតិ ជាកន្លះខែមកនេះ លោកមិនសូវរកចំណូលបាននោះទេ ដោយសារផ្លូវនៅភ្នំពេញកក់ស្ទះខ្លាំងពេក ដែលធ្វើឲ្យភ្ញៀវដែលធ្លាប់ជិះម៉ូតូលោក គេលែងធ្វើដំណើរចេញក្រៅ ឬក៏ខ្លះគេចេញដែរ តែគេធ្វើដំណើរដោយជើងផ្ទាល់តែម្តង ព្រោះវាលឿនជាង។ ក៏ប៉ុន្តែអាជីពអ្នករត់ម៉ូតូឌុបជាង ១០ ឆ្នាំរូបនេះអះអាងថា លោកមិនខឹងសម្បារនឹងគណបក្សសង្គ្រោះជាតិនោះទេ ព្រោះពួកគេធ្វើដើម្បីយុត្តធម៌ [...]