តម្លៃប្រេងសាំង៖ ឯណាទៅនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា?
បណ្តាប្រទេសទាំងអស់ក្នុងពិភពលោកត្រូវការ ប្រេង ជាចាំបាច់មិនអាចខ្វះបាន ក្នុងការផ្គត់ផ្គង់ ដល់គ្រប់ហេដ្ឋារចនា សម្ពន្ធ័ទាំងអស់របស់ប្រទេស ជាពិសេសគឺតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចញ្ចឹមជីវិត។ នរណាក៏ដោយ ត្រូវវការជាចាំបាច់ណាស់ នូវថាមពល ជាពិសេសគឺ «ប្រេង» នេះតែម្ដង ដែលគេអាចនិយាយបានថា ជាចំណុចស្នូលនៃដំណើរទៅមុខរបស់សេដ្ឋកិច្ច គ្រួសារ សង្គម និងប្រទេសជាតិ។ ដូច្នេះតម្លៃប្រេង គឺជាកត្តាស្លាប់រស់ សំរាប់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងរបររកទទួលទាន និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ស៊ូគីម៉ិច។ រូបថត D.KEO/MONOROOM.info
លោក ភុំ រ៉ា ដែលជាកសិករម្នាក់មានស្រុកកំណើតខេត្តកំពង់ធំ សព្វថ្ងៃមកប្រកបរបរនៅភ្នំពេញ ជាអ្នករត់ម៉ូតូឌុប ។ លោក បានបញ្ជាក់ថា ឥឡូវនេះវាមានការលំបាកណាស់ ក្នុងការរកលុយ ព្រោះតែសាំងឡើងថ្លៃ ហើយអ្នកជិះនៅតែឲ្យតម្លៃដ៏ដែល ទំនិញក៏ឡើងថ្លៃ ហើយគាត់ក៏រកមិនបាន សំរាប់ការទិញហូបចុកប្រចាំថ្ងៃផង ។
រីឯលោក ញឹម ស៊ីថា មុខរបរជាអ្នករត់ទុកទុក គាត់មានចំណាប់អារម្មណ៍ចំពោះសាំងឡើងថ្លៃយ៉ាងដូច្នេះថា «បញ្ហាសាំង ឡើងថ្លៃ ជាការលំបាកមួយចំពោះប្រជាពលរដ្ឋ ជាពិសេសដូចជាខ្ញុំប្រកបរបររត់ទុកទុក ចំណូលដែលទទួលបាន ពីមុន រកបានក្នុងមូយថ្ងៃ៣០ ០០០រៀល ឬ៤០ ០០០រៀល ចំណាយលើសាំងអស់តែ៥ ០០០រៀល ឬ៦ ០០០រៀល គឺ២លីត្រ ក្នុងមួយថ្ងៃ។ តែក្នុងបច្ចុប្បន្ននេះ ចំណូលដែលទទួលបានមូយថ្ងៃ៣០ ០០០រៀល ឬ៤០ ០០០រៀល ដូចគ្នា ត្រូវចំណាយ លើសាំងអស់១៥ ០០០រៀល តុល្យភាពនៃការខុសគ្នាគឺជិត១០ ០០០រៀល។ ១០ ០០០រៀលនេះសំរាប់គ្រួសារ គឺអាចបាន មួយថ្ងៃ (រស់បានមួយថ្ងៃ)។» បញ្ហាសាំងឡើងថ្លៃ បានក្លាយជាបញ្ហាបារម្ភចំពោះមុខ ហើយក៏ជាការដាក់បន្ទុក ដល់សង្គម គ្រូសាររបស់គាត់ផងដែរ។ លោកបានបន្តទៀតថា៖ «បើយើងតម្លើងថ្លៃទុកទុក នោះគាត់ (ភ្ញៀវ) ប្រាកដជាមិនជិះទេ ព្រោះ គាត់ (ភ្ញៀវ) ក៏ពិបាកក្នុងការរកលុយ។ នេះជាបញ្ហា។ ហេតុអ្វីសាំងអាចឡើងថ្លៃបាន តែយើងមិនអាចឡើងថ្លៃបាន។»
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង តេឡា។ រូបថត D.KEO/MONOROOM.info
មិនត្រឹមតែ ពលរដ្ឋជាអ្នករកទទួលទាន ខាងម៉ូតូឌុប ឬអ្នករត់ទុកទុកនោះទេ តែពលរដ្ឋដែលមានអាជីពជាសិស្សនិស្សិត ជាគ្រូបង្រៀន ជាមន្ត្រីរាជការផ្សេងៗ និងអ្នកដែលអាជីវកម្មលក់បាយ គុយទាវ កាហ្វេ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត បានត្អូញត្អែរពីតម្លៃសាំង ហើយបានប្រតិកម្មថា ល្មមដល់ពេលត្រូវធ្វើការដោះស្រាយ ពីបញ្ហាប្រេងឡើងថ្លៃហើយ។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែងរកការជួបតាមទូរស័ព្ទ ទៅអ្នកតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា តែមានការពិបាកក្នុងការទាក់ទងភ្លាមៗ។ លោក ជាម យៀប អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជន មិនអាចសុំធ្វើការបំភ្លឺលើបញ្ហានេះបាន ដោយទូរសព្ទ័លោកពុំអាចទំនាក់ទំនងបាន ។
តែលោក ស៊ុន ឆ័យ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញមកពីគណបក្សសមរង្ស៊ី លោកបានលើកទូរស័ព្ទ ហើយបានបង្ហាញ ចំណាប់អារម្មណ៍ អំពីបញ្ហាតម្លៃប្រេងសាំងឡើងថ្លៃថា «យើងប្រៀបធៀបប្រទេសជិតខាងរបស់យើង តម្លៃប្រេងយើង តែងមានតម្លៃខ្ពស់ជាងប្រទេសថៃ និងប្រទេសវៀតណាម យ៉ាងតិចពី៣០% ទៅ៣៥ %។ បញ្ហាឡើងថ្លៃនេះ មិនមែនមក ពីការឡើងថ្លៃប្រេងនៅទីផ្សារអន្តរជាតិទេ។ តម្លៃនៃការយកពន្ធ និងការយកចំណេញហួសហេតុពីក្រុមហ៊ុន។ ភាគច្រើន កម្ពុជានាំប្រេងចូលពីប្រទេសវៀតណាមមក ហើយការដែលលក់មានតម្លៃខ្ពស់ជាង តម្លៃប្រទេសជិតខាងនេះ គឺធ្វើឲ្យមាន ការរត់ពន្ធប្រេង ជាពិសេសគឺខែវស្សានេះ រត់ពន្ធប្រេងចូលក្នុងប្រទេសយ៉ាងច្រើន ហើយមានមន្ត្រីខ្លះពាក់ពន្ធ័ ក្នុងការកាង ប្រេងរត់ពន្ធ ដូច្នេះហើយរដ្ឋបាត់ចំណូល ហើយរដ្ឋនៅបន្តយកពន្ធច្រើន ។» លោកបានសំណូមពរសុំអោយ រដ្ឋាភិបាល ពិនិត្យឡើងវិញ ទៅលើតម្លៃប្រេង កុំអោយថ្លៃហួសពីប្រទេសជិតខាងច្រើនពេក ដើម្បីធ្វើឲ្យប្រជារាស្រ្តមានលទ្ធភាព ប្រើប្រាស់ ដោយគ្មានបញ្ហាចោទដល់ជីវភាព។ លោកបានបន្ថែមថា «ប្រេងវានាំឲ្យមានប៉ះពាល់ដល់ការផលិត ផលិតផល ផ្សេងៗ ជាពិសេសការដឹកជញ្ជូន ធ្វើឲ្យទំនិញឡើងថ្លៃ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ ដោយសារការផលិត និងការដឹក ជញ្ជូនថ្លៃ វាធ្វើឲ្យប្រទេសជិតខាងមានប្រៀប ទៅលើផលិតផល ជាកសិកម្ម ទាំងឧស្សាហកម្ម។»
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង ភីធីធី។ រូបថត D.KEO/MONOROOM.info
ឆ្លើយតបនឹងសំនួរ របស់អ្នកយកពត៌មានរបស់ មនោរម្យព័ងអាំងហ្វូ ដែលសួរថា ហេតុអ្វីបានជាបញ្ហាប្រេងសាំងចេះតែកើនតម្លៃ? តើមានការឃុបឃឹតគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុនក្នុងការតម្លើងថ្លៃឬ? លោកសុន ឆ័យបានឆ្លើយថា៖ «វាជា ការពិតមួយផ្នែកដែរ។ ក៏ប៉ុន្តែក៏យើងដឹងដែរ មានក្រុនហ៊ុនខ្លះដោយចំណេញច្រើនពេក ធ្វើជាឲ្យទឹកក្រូច។ ១០លីត្រ (សាំង) ឲ្យទឹកក្រូចមួយកំប៉ុងជាដើម ជាងវាងកុំឲ្យក្រុមហ៊ុនដ៏ទៃទៀត រិះគន់ថាខ្លូនទម្លាក់តម្លៃ។ ក៏មានក្រុមហ៊ុនខ្លះ ក៏បានផលពី កិច្ចសហការហ្នឹងដែរ ដោយសារតែខ្លួនរត់ពន្ធ ហើយអាចនឹងលក់តម្លៃទាបបន្តិចបន្តួច អាចនឹងមានការចំណេញ បាន ច្រើន។» ទាក់ទងនឹងការយកពន្ធច្រើន ទៅលើប្រេង លោកនិយាយថា ត្រូវតែបន្ថយពន្ធនោះ ដើម្បីធានាថា ប្រេងឥន្ទនៈ នាំចូលមកក្នុងប្រទេសកម្ពុជា មិនត្រូវគេរត់គេចពន្ធ ហើយងាកមកបង់ពន្ធវិញទាំងអស់។ លោកបញ្ជាក់ថា ប្រេងដែលបង់ ពន្ធត្រឹមត្រូវ មានប្រហែលជា៤០% ទៅ៥០% នៃប្រេងដែលប្រើប្រាស់ក្នុងស្រុក។ តែប្រសិនបើរដ្ឋកាត់បន្ថយពន្ធនោះ មកត្រឹតតែពាក់កណ្តាល ប្រេងសាំងដែលធ្លាប់តែគេចពន្ធ នឹងត្រឡប់មកបង់ពន្ធ ១០០% វិញ ដែលនឹងធ្វើអោយចំណូល ទៅក្នុងថវិការរដ្ឋ មានបរិមាណដូចគ្នា និងជួយអោយប្រជារាស្ត្រមានជីវភាពធូធារ ព្រោះតែតម្លៃប្រេង បូកនឹងតម្លៃពន្ធថោក នឹងអាចលក់ចេញថោកដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ លោកបានវាយតម្លៃថា ការកាត់បន្ថយពន្ធនេះ នឹងធ្វើអោយការត្រួត ពិនិត្យលើការរត់គេចពន្ធ មានប្រសិទ្ធិភាពជាងមុន។
ទាក់ទងនឹងទីផ្សារ នៃការនាំចូលប្រេងសាំងមកកម្ពុជា អ្នកតំណាងរាស្រ្តរូបនេះបានលើកឡើងថា ក្រុមហ៊ុនសូគីម៉ិច ក្រុមហ៊ុនតេលា មានការយកប្រេងពីប្រទេសវៀតណាម សឹងផ្តាច់មុខទាំងអស់។ លោកបានអោយតួលេខ ទៅលើការ យកប្រេងចូលមកក្នុងប្រទេសកម្ពុជា មានប្រមាណជា ៦៥%យកមកពីប្រទេសវៀតណាម ២០% យកមកពីប្រទេសថៃ ហើយនាំចូលមកពីស៊ាំងហ្កាពូរ មានបរិមាណតិចតួចប៉ុណ្ណោះ។ លោកទាមទារ អោយមានទីផ្សារប្រេងមួយបើកចំហរមួយ ហើយរដ្ឋត្រូវមានវិធានការណ៍ តាមដានក្រុមហ៊ុនធ្វើអាជីវកម្មប្រេងទាំងនោះ។ លោកបន្ថែមថា «ភាគច្រើនក្រុមហ៊ុនដែល មានសិទ្ធិយកប្រេងចូល ដូចជាមិនបើកចំហរទូលំទូលាយទេ។ ម្លោះហើយបានជាមានក្រុមហ៊ុនខ្លះ គេមានលទ្ធភាពនាំ ប្រេងមក គេអាចនឹងស្តុកទុក ឬតម្លើងតម្លៃទៅតាមចិត្តរបស់គេ ដែលធ្វើឲ្យការប្រណាំងប្រជែង ដើម្បីធានាតម្លៃ ឆ្លុះបញ្ចាំង ពីទីផ្សារពិតប្រាកដ មិនមាន អត់បានត្រឹមត្រូវ។»
បង្គោលផ្លាកបង្ហាញរបស់ក្រុមហ៊ុនប្រេង កាល់តិច។ រូបថត D.KEO/MONOROOM.info
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានព្យាយាមទាក់ទងជាមួយលោក គាត ឈុន អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការបំភ្លឺលើបញ្ហាយកពន្ធទៅលើប្រេងនេះ តែលោកពុំទទួលទូរស័ព្ទ។ ខណៈ អ្នកយកពត៌មានរបស់ទស្សនាវដ្តី មនោរម្យព័ងអ៊ីនហ្វូ សុំជួបដើម្បីធ្វើការបំភ្លឺទោះតាមទូរស័ព្ទក្ដី អ្នកទទួលខុសត្រូវរបស់ ក្រុមហ៊ុនប្រេងដូចជា ក្រុមហ៊ុនសូគីម៉ិច ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតេឡា ឬក្រុមហ៊ុនភីធីធីនោះ ពុំមាននរណាម្នាក់ចេញ មកបំភ្លឺបាននោះទេ ដោយភាគច្រើនបានឆ្លើយថា«ជាប់រវល់»។
តំលៃសាំងជាទូទៅ ដែលបានតាំងលក់ជាសាធារណៈ នាថ្ងៃព្រហស្បត្តិ ទី២០ ខែកញ្ញានេះនៅតាមស្ថានីយ៍សាំងនានា ក្នុងរាជធានីភ្នំពេញ មានតំលៃសាំងស៊ុបពែរថ្លៃ ៥ ៦៥០រៀលក្នុងមួយលីត្រ ក្នុងពេលតំលៃសាំងធម្មតាថ្លៃ ៥ ៤៥០រៀល ក្នុងមួយលីត្រ។
សូមបញ្ជាក់ថា នាចុងឆ្នាំ២០១២ខាងមុខនេះ ប្រទេសកម្ពុជានឹងអាចផលិតប្រេងដោយខ្លួនឯងបានជាលើកដំបូង សំរាប់ការផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស តែបើតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចឃើញថា តម្លៃប្រេងសាំងនឹងមិនមានការបញ្ចុះតម្លៃច្រើននោះទេ ព្រោះអ្នកវិនិយោកប្រេងសាំងនៅប្រទេសកម្ពុជា សុទ្ធតែបានដាក់ហ៊ុនជាមួយបរទេសលើករណីនេះ។ បើតម្លៃប្រេងមិនមានការថយចុះ គេនៅរងចាំមើលថា តើនយោបាយឈ្នះៗនិងនយោបាយកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងមានប្រសិទ្ធិភាពដល់កំរិតណា?
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ