ហ៊ុន សែន ថាការបន្តប្រើឃ្លា«ដេកផ្ទះឈ្នះឯង» គឺចង់ផ្ដួលរាជានិយម
«ឥឡូវខ្ញុំកំពុងរង់ចាំមើល នូវរបស់ដែលហៅថា "ដេកផ្ទះឈ្នះឯង"» នេះ ជាការថ្លែងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីទាញឃ្លាបួនម៉ាត់នេះ ឲ្យពាក់ព័ន្ធជាមួយព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលទើបនឹងចេញផ្សាយ កាលពីម្សិលម៉ិញ។ ព្រះរាជសារ ដែលបានអំពាវនាវ ឲ្យពលរដ្ឋ ឲ្យ«ប្រើសិទ្ធិសេរីភាព បោះឆ្នោត ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្ត លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី»។
នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ មកពីរោងចក្រសហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ «វាមិនដែលម៉ែអាណា ដេកផ្ទះឈ្នះឯង (...) វាមិនដែលបង្កើតទ្រឹស្ដី ម៉ែអាណា ដេកផ្ទះឈ្នះឯង។ គេសំដៅលើសិទ្ធិពលរដ្ឋ ដែលអំពាវនាវឲ្យពលរដ្ឋ កុំចេញទៅបោះឆ្នោត។ ប៉ុន្តែខ្ញុំរង់ចាំមើល [...]