ព្យុងយ៉ាងគម្រាមប្រើ«សកម្មភាពពិត» ប្រឆាំងប្រព័ន្ធការពារកាំជ្រួច
កាលពីថ្ងៃចន្ទម្សិលម៉ិញ ប្រទេសកុម្មុយនីសកូរ៉េខាងជើង បានគម្រាមប្រើ«សកម្មភាពពិត»មួយ ប្រឆាំងនឹងប្រព័ន្ធការពារកាំជ្រួច មានឈ្មោះ «THAAD» របស់អាមេរិក ដែលគ្រោងនឹងត្រូវតម្លើង នៅក្នុងប្រទេសកូរ៉េខាងត្បូង។
«សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការ របស់កូរ៉េខាងជើង) នឹងបើកធ្វើប្រតិបត្តិការ នូវ"សកម្មភាពពិត"មួយ ដើម្បីត្រួតពិនិត្យឲ្យបានពេញលេញ នូវប្រព័ន្ធ"THAAD" ហើយសកម្មភាពនេះ នឹងកើតមាន នៅពេលដែលទីតាំងរបស់ប្រព័ន្ធនេះ ត្រូវបានដឹងច្បាស់រួចហើយ» នេះ ជាការប្រកាសឲ្យដឹង របស់មេបញ្ជាការរបស់កងទ័ពកាំភ្លើងធំ នៃប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ប្រទេសនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបន្តទៀតថា៖ «កងទ័ពកូរ៉េខាងជើង ដែលមានមធ្យោបាយគ្រប់គ្រាន និងទំនើបសម្បូរបែប ក្នុងការវាយលុកនោះ នឹងអនុវត្តន៍ នូវវិធានការខ្លាំងៗ [...]