«Symphony of the seas» នាវាទេសចរណ៍យក្សធំជាងគេ ចេញយាត្រាលើសមុទ្រ
ការចរចេញយាត្រាដំបូង របស់នាវាទេសចរណ៍ដែលធំជាងគេ នៅក្នុងពិភពលោកនេះ ធ្វើឡើងក្រោមក្រសែរភ្នែកមនុស្ស រាប់រយ-ពាន់នាក់ ដែលបានប្រមូលគ្នាមកជួបជុំ នៅក្បែរការដ្ឋានសាងសង់នាវា នៃក្រុង សាំងណាស៊ែរ (Saint-Nazaire) ជាប់មហាសមុទ្រអាត្លង់ទិក ភាគខាងលិច នៃប្រទេសបារាំង ដើម្បីទស្សនាការរំកិលខ្លួន នៅលើផ្ទៃសមុទ្រដំបូង របស់នាវាមួយនេះ ដែលពោរពេញដោយ ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។
នាវា «Symphony of the seas» ជាសមិទ្ធផលរបស់សហគ្រាសសង់នាវាបារាំង ឈ្មោះ «STX France» តាមការបញ្ជាទិញ របស់សហគ្រាសទេសចរណ៍អាមេរិក ឈ្មោះ «Royal Caribbean Cruises Ltd (RCCL)» ដែលមានទីតាំងកណ្ដាល ក្នុងក្រុងមីអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងសាខាធ្វើអាជីវកម្មច្រើនកន្លែង នៅក្នុងពិភពលោក ជាពិសេសក្នុងតំបន់ការ៉ាអីប និងសមុទ្រមេឌីទែរ៉ាណេ។ នាវានេះ មានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ ទទឹង៦៦ម៉ែត្រ កំពស់ផុតពីទឹក ៧០ម៉ែត្រ និងមានចំណុះជិត ៦៥០ ០០០ម៉ែត្រគូប [...]