«Harmony of the Seas» នាវា​ទេសចរណ៍​ធំ​​ជាង​គេ លើ​លោក

នាវាទេសចរណ៍ ដែលធំជាងគេក្នុងលោក មានឈ្មោះជាភាសាអង់គ្លេសថា «Harmony of the Seas» ទើប​នឹង​ត្រូវ​បាន​សាងសង់​រួច ដោយសហគ្រាសបារាំង ស្ថិតនៅក្រុង ស៊ាំងណាហ្សែរ (ភាគខាងលិចប្រទេសបារាំង) ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​សម្ភោធ​ប្រើ​ប្រាស់ នៅខែមេសាឆ្នាំខាងមុខ។
សកម្មភាពទម្លាក់ «Harmony of the Seas» ចុះក្នុងទឹក ថតដោយទូរទស្សន៍ជាតិបារាំង ប្រចាំតំបន់។
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 21, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«Harmony of the seas» ជានាវាទេសចរណ៍ខ្នាត«យក្ស» ដែលទើបត្រូវបានគេរុញទម្លាក់ទឹក កាលពីព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពីវាស្ថិតក្នុង ការដ្ឋានសាងសង់នាវានេះ រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក។

ជាស្នាដៃដ៏ធំសម្បើម និងពោរពេញដោយភាពសម្បូរបែប សម្រាប់នាវាមួយ ដែលមានបណ្ដោយប្រវែង ៣៦២​ម៉ែត្រ និងទទឹង៦៦ម៉ែត្រ និងដែលត្រូវបញ្ជូន ទៅក្រុមហ៊ុនម្ចាស់បញ្ជាទិញ ដែលជាសាខាមួយ របស់​សាជីវកម្ម​អាមេរិកដ៏ធំ ឈ្មោះ «Royal Caribbean Cruises Ltd» ហៅកាត់ជាភាសាអង់គ្លេស «RCCL»។

តាមពិតទៅ សាជីវកម្មមួយនេះ ធ្លាប់បញ្ជាទិញនាវាទេសចរណ៍ធំៗដូច្នេះ ពីសហគ្រាស ស៊ាំងណាហ្សែ បារាំង ចំនួន១២នាវាហើយ ក្នុងនោះមាននាវា ខ្នាតយក្សដូច្នេះចំនួនពីរ ដែលមានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ​ដូច​គ្នា ដោយគ្រាន់តែនាវាទាំងពីរនោះ មានប្រវែងទទឹងត្រឹមតែ ៦៥ម៉ែត្រប៉ុណ្ណោះ។ រីឯករណីពិសេសរបស់​នាវាថ្មី​នេះ គឺសង្កត់ធ្ងន់ទៅលើ ការសន្សំសំចៃផ្នែកថាមពល និងដាក់អ្នកដំណើរបានច្រើន​ជាង​មុន។

សហគ្រាសសាងសង់នាវារបស់បារាំង បានបង្ហើបប្រាប់ពីតួលេខត្រួសៗមួយចំនួនថា ដើម្បីបញ្ចប់នូវ​ការ​តុប​តែងលាបពណ៌ ទៅឲ្យនាវានេះ គេត្រូវការកម្រាលព្រំ រហូតដល់ទៅ ៩០ ០០០ម៉ែត្រការ៉េ ថ្នាំលាបរហូតដល់​ទៅ ៥០០ ០០០លីត្រ និងផ្ទាំងកញ្ចក់បិតបាំងនានា មានផ្ទៃក្រឡាដល់ទៅ ៨ ០០០ម៉ែត្រការ៉េ។ រីឯ​ស្ថាបត្យករ អ្នកបច្ចេកទេស បុគ្គលិក ជាង និងវិចិត្រករ ដែលត្រូវបានយកមក ឲ្យធ្វើការសាងសង់នាវានេះ មានចំនួន​ទាំង​អស់២ ៥០០នាក់។ សហគ្រាសបានបញ្ជាក់ទៀតថា នឹងដាក់នាវានេះឲ្យដំណើរការនៅលើផ្ទៃសមុទ្រ នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

ដំណើរកំសាន្ដដំបូងគេ ដែលដាក់ឲ្យនាវា ដ៏ធំសម្បើមនេះបម្រើការ នឹងចេញដំណើរពីទីក្រុង ស៊ូដថាមថុន (Southampton ចក្រភពអង់គ្លេស) មកទីក្រុង បាសឺឡូន ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៦ ដែលមាន​អ្នក​ដំណើរប្រមាណជា ៦ ៣៦០នាក់ និងបុគ្គលិកបម្រើការ ២ ១០០នាក់។ បន្ទាប់មក នាវា«Harmony of the Seas» នឹងដាក់ឲ្យធ្វើអាជីវកម្ម នៅក្នុងសមុទ្រមេឌីទែរ៉ាណេ សម្រាប់ដំណើរកំសាន្ដ ដែលមានរយៈពេល​៨ថ្ងៃ ចេញដំណើរ ពីទីក្រុងបាសឺឡូន៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...