គង្គ ប៊ុនឈឿន កវីស្ទឹងសង្កែបានលាចាកលោកហើយ
ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីប៉ុន្មានម៉ោងមុននេះ។
លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោងក្នុងស្រុក។
លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺមហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយនៅក្នុងវត្តត្រពាំងគិន នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព [...]