សៀវភៅមួយក្បាល ថ្លៃជិត៤ម៉ឺនដុល្លារ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 02, 2015
- ប្រធានបទ: អស្ចារ្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សៀវភៅបោះពុម្ពលើកទីមួយ របស់ធម្មជាតិវិទូ លោក ឆាល ដ័វិន (Charles Darwin) ដែលនៅរក្សាភាពដើម និងមានចំណងជើងថា “On the Origin of Species” (ដើមកំណើតអម្បូរសត្វគ្រប់ប្រភេទ) នោះ ត្រូវបានដាក់លក់ដេញថ្លៃ ក្នុងតម្លៃប្រមាណ ២៦០០០ផោន (ប្រហែល ៣៩ ១៨៩ដុល្លារ)។ សៀវភៅដែលបោះពុម្ពក្នុងឆ្នាំ១៨៥៩ នេះ ត្រូវគេចាត់ទុកថាជាគ្រឹះនៃបដិវត្តន៍ ផ្នែកជីវវិទ្យា។
លោក ស៊ីម៉ុន វិគ័រ (Simon Vickers) ប្រធាននាយកដ្ឋានគ្រប់គ្រងសិលាចារឹក និងសៀវភៅកម្រ នៅស្ថាប័នដាក់លក់ដេញថ្លៃវត្ថុមានតម្លៃ និងវត្ថុសិល្បៈ Lyon & Turnbull របស់ចក្រភពអង់គ្លេស បាននិយាយថា៖ «នេះគឺជាសៀវភៅ ដែលលោក ដ័វិន បានរៀបចំចងក្រងទ្រឹស្ដីរបស់ខ្លួន»។
លោក ស៊ីម៉ុន បានបន្តទៀតថា សៀវភៅនេះ ប្រហែលជាមានសារៈសំខាន់ ក្នុងការរកឃើញពីទ្រឹស្ដីជីវវិទ្យា នៅក្នុងសតវត្សទី១៩។ វាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការសិក្សាជីវវិទ្យា និងជាអត្ថបទវិទ្យាសាស្ត្រ ដ៏មានប្រយោជន៍បំផុតមួយ ក្នុងចំណោមសៀវភៅនានាលើលោក។
ធម្មជាតិវិទូ លោក ដ័វិន បានចងក្រងនូវរាល់ជីវិតសត្វគ្រប់ប្រភេទ ដែលជាប់ខ្សែលោហិត ពីសត្វជំនាន់មុន។ លោកបានរកឃើញទ្រឹស្ដីរបស់ខ្លួននេះ នៅក្នុងដំណើរផ្សងព្រេងដ៏ល្បីមួយរបស់លោក ឈ្មោះហៅថា HMS Beagle កាលពីជិត ២០០ឆ្នាំមុន ដែលបាននាំរូបលោក ទៅដល់កោះ Galapagos ស្ថិតនៅបណ្ដោយឆ្នេររបស់ប្រទេសអេក្វាឌ័រ ក្នុងទ្វីបអាមេរិកឡាទីន៕