បំផ្លាញបូរាណវត្ថុដោយក្រុមអ៊ីស្លាម៖ ជា«វិនាសកម្មវប្បធម៌» បើតាម UNESCO
«ការវាយប្រហារទៅលើវត្ថុបូរាណទាំងនេះ មានលក្ខណៈធ្ងន់ធ្ងរជាវិនាសកម្មវប្បធម៌ ហើយវាក៏ជាបញ្ហាសុវត្ថិភាពដែរ ព្រោះវាបានធ្វើឲ្យកើតមាន នូវលិទ្ធិជ្រុលនិយម អំពើហិង្សា និងជម្លោះមិនអាចអត់អោនឲ្យបានមួយ នៅប្រទេសអៀរ៉ាក់» នេះជាការថ្លែងបរិហា របស់អគ្គនាយិកា នៃអង្គការអ៊ុយណេស្កូ លោកស្រី អៀរីណា បូកូវ៉ា (Irina Bokova) នៅក្នុងសេចក្ដីជូនដំណឹងមួយ។ ប្រតិកម្មរបស់អ្នកទទួលខុសត្រូវ របស់អង្គការអន្តរជាតិ ទទួលបន្ទុកខាងវប្បធម៌ពិភពលោកមួយនេះ បានធ្លាក់មកដល់បន្ទាប់ពីវីដេអូមួយ របស់ក្រុមអ៊ីស្លាមនិយមជ្រុល ត្រូវបានយកមកបង្ហោះផ្សាយ ឲ្យឃើញពីការវាយបំផ្លាញ ដ៏បង្ហិនបង្ហោចមួយ នៅក្នុងសារមន្ទីរក្រុងម៉ូស៊ូល ភាគខាងជើងនៃប្រទេសអៀរ៉ាក់។
លោកស្រី បូកូវ៉ា បានបន្តទៀតថា៖ «ដោយសារហេតុនេះហើយ ទើបខ្ញុំបានទាក់ទងប្រធានក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ជាបន្ទាន់ ដើម្បីសុំឲ្យកោះប្រជុំ ក្រុមប្រឹក្សាជាបន្ទាន់ [...]