CPP សរសើរ គ.ជ.ប ថាបានធ្វើការ«ប្រកបដោយវិជ្ជាជីវៈ»
គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ សម្តែង «សេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២.១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦»។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនោះ គណបក្សប្រជាជនកម្ពុជា បានកោតសរសើរ គ.ជ.ប ក្នុងការផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរៀបចំការបោះឆ្នោតជាសកលមួយនេះ ប្រកបដោយ «ភាពសេរី យុត្តិធម៌ និងតម្លាភាព»។
គណបក្សកាន់អំណាចចាស់វស្សានៅកម្ពុជា ក៏បានសំដែងការសរសើរផងដែរ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោត ដើម្បីអ្វីមួយ ដែលគណបក្សអះអាងថា ជាការ«ទ្រទ្រង់ប្រព័ន្ធនយោបាយ សេរី ពហុបក្ស» ហើយបានថ្លែងអំណរគុណ [...]