ការស្លាប់បំបាត់​​ដាន របស់​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​​ក្រហម

លោកអៀងសារី បាន«ស្លាប់» នៅក្រោយបន្ទាប់ពីចូលទៅសម្រាកពេទ្យ នៅថ្ងៃទី៤ខែមិនាកន្លងទៅ។ នេះបើតាម លោក ឡាស អូសេន (Lars Olsen) អ្នកនាំពាក្យ របស់សាលាក្ដី ដែលទទួលបន្ទុកជំនុំជម្រះ លើអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ។ មានតួនាទីជាប្រមុខការទូតនៃរបបបីឆ្នាំប្រាំបីខែម្ភែថ្ងៃ អតីតបញ្ញាវ័ន្ដ ដែលបានទទួលយកមនោគមន៍វិជ្ជា «បដិវត្តន៍ឆ្នាំ១៧៨៩» រូបនេះ ធ្លាប់ជាមុខសញ្ញាទំនាក់ទំនងយ៉ាងសំខាន់ រវាងថ្នាក់ដឹកនាំសម្ងាត់ នៃកម្ពុជាប្រជាធិបតេយ្យ និងសម្ព័នមិត្តដ៏កម្ររបស់ពួកគេនៅលើពិភពលោក ជាពិសេស«ចិន»។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ហើយ នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ខែ​មិនា​នេះ ក្នុងអាយុ៨៧ឆ្នាំ។ អតីតថ្នាកដឹកនាំជាន់ខ្ពស់នៃរបបម៉ៅនិយម រួបនេះ កំពុងប្រឈមនឹងការវិនិច្ឆ័យទោស ក្នុងបទ​ចោទប្រកាន់ ទាក់ទងនឹងបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។


លោកអៀង សារី នៅក្នុងសាលាក្ដីខ្មែរក្រហម។

លោកអៀងសារី បាន«ស្លាប់» នៅក្រោយបន្ទាប់ពីចូលទៅសម្រាកពេទ្យ នៅថ្ងៃទី៤ខែមិនាកន្លងទៅ។ នេះបើតាម លោក ឡាស អូសេន (Lars Olsen) អ្នកនាំពាក្យ របស់សាលាក្ដី ដែលទទួលបន្ទុកជំនុំជម្រះ លើអតីតមេដឹកនាំខ្មែរក្រហម​ទាំង​នេះ។

មានតួនាទីជាប្រមុខការទូតនៃរបបបីឆ្នាំប្រាំបីខែម្ភែថ្ងៃ អតីតបញ្ញាវ័ន្ដ ដែលបានទទួលយកមនោគមន៍វិជ្ជា «បដិវត្តន៍ឆ្នាំ​១៧៨៩» រូបនេះ ធ្លាប់ជាមុខសញ្ញាទំនាក់ទំនងយ៉ាងសំខាន់ រវាងថ្នាក់ដឹកនាំសម្ងាត់ នៃកម្ពុជាប្រជាធិបតេយ្យ និង​សម្ព័នមិត្តដ៏កម្ររបស់ពួកគេ នៅលើពិភពលោក ជាពិសេស«ចិន»។ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីអំណាច ជា៣០ឆ្នាំ​ទៅហើយនេះ នៅថ្ងៃនេះ លោកអៀង សារីបានចាកលោកនេះទៅ ដោយមិនបានពន្យល់អ្វីអោយបានល្អិតល្អន់ ទៅលើ​ការទទួលខុសត្រូវរបស់លោក ឬដំណើរប្រព្រឹត្តិទៅនៃរបប ដែលរូបលោកផ្ទាល់បានរួមរស់ជាមួយ​រហូតដល់​ទី​បញ្ចប់។

អ្នកស្និតនឹងប៉ុល ពត

ក្រុមអ្នកប្រវត្តិវិទូ បានភ្ជាប់ខ្លួនលោក ទៅជាអ្នកជិតស្និតម្នាក់ របស់ប៉ុល ពត បងធំទីមួយ ដែលបានស្លាប់ទៅមុនគេ នៅឆ្នាំ​១៩៩៨ ដោយមិនទាំងបានខ្វល់ខ្វាយ ជាមួយនឹងប្រព័ន្ធយុត្តិធម៌ សម្រាប់កាត់ទោសក្រុមខ្លួន ដែលត្រៀមនឹងបង្កើត​ឡើង​នៅពេលនោះអ្វីផង។ ភរិយារបស់លោកអៀង សារី ជាប្អូនស្រីរបស់ភរិយាទីមួយរបស់ប៉ុលពត ដែលមានឈ្មោះថា ខៀវ ធីរិទ្ធិ ហើយបានក្លាយមកជា អៀង ធីរីទ្ធិ។ លោកស្រីអៀង ធីរិទ្ធិ ដែលធ្លាប់ជារដ្ឋមន្ត្រីសង្គមកិច្ច និងជាស្ត្រីទីមួយផងដែរ​នេះ ក៏សព្វថ្ងៃត្រូវបានតុលាការចាត់ទុកថា មិនគ្រប់​លក្ខណៈតាមផ្លូវច្បាប់ សម្រាប់ប្រឈមនឹងការកាត់ទោស ដោយសារ​តែបាន«បាត់បង់សតិ»។

បើតាមអ្នកស្រាវជ្រាវ លោកអៀង សារី ជាថ្នាក់ដឹកនាំខ្មែរក្រហមដ៏កម្រមួយរូប ដែលបានគាំទ្រជាសារធារណ ក្នុងការ​ចម្រាញ់ចេញ ពីជួរអ្នកដឹកនាំនៃរបប នូវបុគ្គលណាដែលមិនគួរអោយទុកចិត្ត។

ប្រជាជនកម្ពុជាប្រមាណជា២លាននាក់ បានស្លាប់បាត់បង់ជីវិត នៅក្រោមរបបខ្មែរក្រហម ក្នុងអំឡុងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៩ ដែលបានអនុវត្តន៍ នូវមាគ៌ាលាយបញ្ចូលគ្នាមួយ រវាងកុម្មុយនីស និងជាតិនិយមជ្រុលហួសហេតុ។ របបនេះបាន​បណ្ដេញប្រជាជនចេញពីទីក្រុង ទៅកាន់ជនបទស្រែចំការ ហើយបានបង្ខំអោយធ្វើការជាទម្ងន់ បង្កអោយមាន​ការភ័យ​ខ្លាច និងត្រូវបញ្ជូនទៅសម្លាប់ចោល នូវជនណាដែលគេសង្ស័យថា ជា«ខ្មាំង»។ លោកស្ទេហ្វេន ហេដ័រ (Stephen Heder) និងប្រាអាន ទីទើម័រ (Brian Tittemore) បានសរសេរក្នុងសៀវភៅ របស់ពួកលោកយ៉ាងដូច្នេះថា  ទោះជាលោកខិតខំ​ការពារខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅតែមានភស្ដុតាងដែលបង្ហាញថា លោកអៀង សារី បាន«ជម្រុញជាច្រើន​ដង» អោយមានការចាប់ខ្លួន និងកម្ទេចចោល នូវបណ្ដាជនក្បត់ ដែលគួរអោយសង្ស័យទាំងឡាយ។ «គាត់បានបញ្ជាក់ជាចំហរ ដែលមិនដែលមាននរណាធ្វើដូចថា ជានយោបាយកម្ទេច នូវជនក្បត់ និងអ្នកដែលត្រូវបានចាត់ទុកថា ជាជនក្បត់»។

ប្រវត្តិអ្នកលេងសន្លឹកបៀ

កើតនៅឆ្នាំ១៩២៥ នៅកម្ពុជាក្រោម នៅក្នុងគ្រួសារខ្មែរមួយមធ្យម លោកអៀងសារី បានទទួលយកយ៉ាងលឿន នូវ​មនោគមន៍វិជ្ជាបដិវត្តន៍ នៅអំឡុងពេលដែលលោក បានទៅសិក្សានៅប្រទេសបារាំង។ បន្ទាប់ពីបានរៀបការជាមួយ​នឹងលោកស្រី អៀង ធីរិទ្ធិនៅឆ្នាំ១៩៥១ ដែលជាបញ្ញាវ័ន្ដចេញពីត្រកូលអ្នកមានមុខមាត់នោះ លោកអៀង សារី បាន​ត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ហើយបានចាប់ផ្ដើមកសាងគណបក្សកុម្មុយនីស។ នៅឆ្នាំ១៩៦៣ ប៉ុល ពត និងលោក ត្រូវបានអាជ្ញាធរនៅពេលនោះ ចាត់ទុកថាជាមុខសញ្ញា ដែលបានគម្រាមដល់សន្តិសុខសង្គម។ អ្នកទាំងពីរក៏បានរត់​គេចខ្លួន ជាមួយនឹងភរិយាផងខ្លួន ទៅកាន់ព្រៃម៉ាគីផ្នែកខាងជើងប្រទេស ហើយបានពង្រីកនូវបណ្ដាញ​របស់ចលនា​ពួកគេ ដើម្បីត្រៀមត្រឡប់មកវិញ នៅថ្ងៃណាមួយ។

នៅឆ្នាំ១៩៧១ លោកអៀងសារី ត្រូវបានបញ្ជូនអោយទៅទីក្រុងប៉េកាំង ដោយគណបក្សកុម្មុយនីសរបស់ខ្លួន ដើម្បី​ទទួល​យកការគាំទ្រសម្ដេចនរោត្តម សីហនុ ដែលទើបនឹងត្រូវបានគេធ្វើរដ្ឋប្រហារទំលាក់ពីតំណែងថ្មីៗ ហើយបើកកា​រប្រយុទ្ធ​បះបោរ ប្រឆាំងនឹងរបបថ្មីមួយ ស្និតនឹងអាមេរិកាំង នៅទីក្រុងភ្នំពេញ។ របបនោះមានឈ្មោះថា សារធារណរដ្ឋខ្មែរ ដែល​មានលោកសេនាប្រមុខលុន ណុលជាប្រមុខរដ្ឋ។ នៅពេលនោះ លោកអៀង សារី ត្រូវគេអោយទទួលបន្ទុក​ខាងទំនាក់​ទំនងអន្តរជាតិ។ ដូច្នេះហើយ នៅពេលខ្មែរក្រហមបានអំណាចនៅឆ្នាំ១៩៧៥ រូបលោកបានក្លាយជារដ្ឋមន្ត្រីការបរទេស ហើយបានរៀបចំ ទៅដើរទៅប្រមែប្រមូល សិស្សនិស្សិតខ្មែរ នៅបរទេសអោយត្រឡប់ចូលស្រុក នៅក្រោមលេសថា «រមគ្នាកសាងប្រទេសឡើងវិញ»។

នៅក្រោយការដួលរលំនៃរបបនេះ នៅឆ្នាំ១៩៧៩ លោកអៀង សារី បានភៀសខ្លួនទៅកាន់តំបន់ព្រំដែនថៃ មុននឹង​ត្រូវ​បានតុលាការមួយបន្តុបដោយវៀតណាម កាត់ទោសលោក«ប្រហារជីវិត»។ លោកបានបន្តតួនាទីរបស់លោកជាបន្ត ជា​មួយនឹងប្រទេសចិន ហើយក្រុមខ្មែរក្រហមបានប្រែក្លាយជាចលនាតស៊ូមួយ។ នៅឆ្នាំ១៩៩៦ ដោយសារមានជម្លោះផ្ទៃក្នុង រវាងអ្នកតស៊ូមួយចំនួន ដែលចោទលោកពីលាភសង្ការះ ដែលបានមកពីការរត់ពន្ធព្រៃឈើ និងត្បូងមានតម្លៃនោះ លោក​អៀង សារីបានបំបែកខ្លួន ហើយមកចុះចូលជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញ មុនមរណភាពរបស់ប៉ុល ពត ពីរឆ្នាំ។ នៅ​ពេលនោះលោកទទួលបានការលើកលែងទោស ពីអតីតព្រះមហាក្សត្រនរោត្តម សីហនុ ហើយបានរស់នៅ​យ៉ាងសុខ​ស្រួល ក្នុងទីក្រុងភ្នំពេញ រហូតមកដល់មានការចាប់ខ្លួនលោក នៅឆ្នាំ២០០៧ ដើម្បីយកលោកមកជំនុំជម្រះ​ទោសម្ដង​ទៀត ក្នុងសាលាក្ដីខ្មែរក្រហមសព្វថ្ងៃ។

«លោកអៀង សារី ពេញចិត្ត និងបដិវត្តន៍ ដោយសារលោកនៅជាសមាជិតដ៏សំខាន់ម្នាក់» លោកដាវិដ ឆេនដ័រ ប្រវត្តិវិទូ ឯកទេសខាងប្រទេសកម្ពុជា បានពន្យល់យ៉ាងដូច្នេះ។ «លោកបានដឹងមុនអ្នកដទៃ ពីអ្វីដែលកំពុងចារទុក ហើយលោក បានលេងសន្លឹកប៊ៀររបស់លោក ទៅតាមចន្លោះដ៏ធំនៃបដិវត្តន៍ ដែលបានទុកអោយលោក»៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...