យឹម សុវណ្ណ៖ ព្រះសង្ឃត្រូវមានសិទ្ធិចូលរួមបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: October 03, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះភាពប្រទាំងប្រទើស ទាក់ទងសិទ្ធិចូលរួមបោះឆ្នោត របស់ព្រះសង្ឃនោះ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរ គាំទ្រឲ្យអ្នកបួស អាចធ្វើការបោះឆ្នោតបាន ក្នុងនាមជាពលរដ្ឋមួយរូប។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពីធីកាន់បិណ្ឌវេណទី១ នៅវត្តអង្គតាម៉ិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា ព្រះសង្ឃ ជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវតែមានអត្តសញ្ញាណប័ណ្ណ ជាខ្មែរ ដូច្នេះព្រះសង្ឃ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោត។
លោក សុវណ្ណ បានថ្លែងឡើងថា៖ «បើយើងមិនធ្វើអត្តសញ្ញាណប័ណ្ណ ប្រគេនលោកសង្ឃទេ តើយើងទាំងអស់គ្នា ទុកព្រះសង្ឃជាអ្វី នៅក្នុងសង្គមខ្មែរ? មានសញ្ជាតិខ្មែរ ទាល់សំគាល់ថាមាន អត្តសញ្ញាណប័ណ្ណ មានសំបុត្រកំណើត។ ចុះបើមិនចេញអត្តសញ្ញាណប័ណ្ណ ឲ្យព្រះសង្ឃ មានតែចង់ឲ្យលោក គង់នៅក្រៅសង្គម? ខ្ញុំមិនយល់!។»
អ្នកនាំពាក្យរូបនេះ ទំនងជាចង់និយាយផ្តោតសំខាន់ ទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ថាបានត្បិតត្បៀត មិនចង់ឲ្យព្រះសង្ឃធ្វើការ បញ្ចេញសិទ្ធិធ្វើការបោះឆ្នោត ដូចជាពលរដ្ឋទូទៅ។ លោក សុវណ្ណ បានថ្លែងបរិហាថា៖ «គេធ្វើហ្នឹង មិនចង់ឲ្យព្រះសង្ឃទៅបោះឆ្នោត គេដឹងថាព្រះសង្ឃគាំទ្រ គណបក្សសង្គ្រោះជាតិ។ យើងមិនត្រូវធ្វើដូច្នេះទេ ទុកសិទ្ធិប្រគេនព្រះសង្ឃ ឲ្យព្រះសង្ឃ លោកមានសិទ្ធិបញ្ចេញមតិ ពិសេសអត្តសញ្ញាណប័ណ្ណ ត្រូវតែធ្វើប្រគេនលោកសង្ឃ។ បើយើងមិនធ្វើអត្តសញ្ញាណប័ណ្ណ ប្រគេនព្រះសង្ឃ យើងគោរពសាសនាយ៉ាងដូចម្តេច? យើងទុកព្រះសង្ឃយ៉ាងដូចម្តេច បានជាយើងទាំងអស់គ្នា មានអត្តសញ្ញាណប័ណ្ណ លែកលែងតែព្រោះសង្ឃ អត់មានអត្តសញ្ញាណប័ណ្ណ?»
សូមទស្សនា និងស្តាប់ការលើកឡើង របស់លោក យឹម សុវណ្ណ៖
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កំពុងស្វែងរកប្រតិកម្ម ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ ទាក់ទងនឹងការលើកឡើង របស់អ្នកនាំពាក្យគណបក្សប្រឆាំងខាងលើ។
ព្រះសង្ឃខ្មែរ តែគ្មានអត្តសញ្ញាណប័ណ្ណ ជាខ្មែរ...
ដោយឡែក ប្រធានសមាគម ជ័យលាភី បញ្ញាជនកម្ពុជា និងជាប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម លោក រស់ សារ៉ុម ក្នុង បានថ្លែងកាលពីពេលថ្មីៗនេះថា ព្រះសង្ឃត្រូវតែមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោត ដើម្បីបំពេញកិច្ច និងតួនាទីជាពលរដ្ឋខ្មែរ ម្នាក់ស្របតាមច្បាប់កំពូលរបស់កម្ពុជា។ លោក សារ៉ុម ដែលអះអាងថា ខ្លួនលោកជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងមុតមាំនោះ បានថ្លែងឡើងថា យោងតាមច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០០៤ បានកំណត់ថា ប្រជាពលរដ្ឋខ្មែរ ដែលអាចចុះឈ្មោះបោះឆ្នោតបាន លុះត្រាតែមាន «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» តែមួយគត់។ លោកថា «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តែមួយគត់»នោះហើយ ដែលបានចងអនុក្រិត្រ លេខ៦០ ចេញកាលពីឆ្នាំ២០០៧ ដោយហាមឃាត់ មិនឲ្យព្រះសង្ឃមានសិទ្ធិ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ (សញ្ជាតិខ្មែរ)។
ប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គមរូបនេះ បានលើកជាសំនួរថា តើព្រះសង្ឃ អាចទៅបោះឆ្នោតបានទេ បើគ្មានអត្តសញ្ញាណប័ណ្ណនោះ? លោកបន្តថា កាលពីពាក់កណ្តាល ឆ្នាំ២០១៥នេះ ក្រសួងមហាផ្ទៃបានចេញប្រកាស លេខ៦៣៧៥ប្រ.ក ថាព្រះសង្ឃ នៅតែមិនអាចប្រើប្រាស់ អត្តសញ្ញាណប័ណ្ណបានដដែល។ រីឯកាលពីសប្តាហ៍មុនកន្លងមកនេះ លោក ឌុច សុន សមាជិក គ.ជ.ប បានជួបជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទដារ៉ា ដើម្បីស្នើឲ្យចេញអត្តសញ្ញាណប័ណ្ណ ប្រគេនដល់ព្រះសង្ឃ តែលោក ម៉ៅ ច័ន្ទដារ៉ា មិនហ៊ានសម្រេច ដោយរង់ចាំស្នើយោបល់ ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក រស់ សារ៉ុម បានសួរទៀតថា តើបញ្ហានេះត្រូវដោះស្រាយដូចម្តេច?
លោក សារ៉ុម បានស្រង់សម្ដី របស់មន្រ្តីជាន់ខ្ពស់នៃគ.ជ.ប មកថ្លែងថា គ.ជ.ប បច្ចុប្បន្ននេះ ចង់ឲ្យព្រះសង្ឃចូលរួម ក្នុងការបោះឆ្នោតខុសពី គ.ជ.ប ចាស់ ដែលបិទសិទ្ធិព្រះសង្ឃ ក្នុងការចូលរួមបោះឆ្នោត។ ប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម បានបន្តថា៖ «គ.ជ.ប ក៏នឹងបញ្ជូលនូវបុព្វសិទ្ធិពិសេស របស់ព្រះសង្ឃនៅក្នុង បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលបាននឹងកំពុងព្រាង នាពេលបច្ចុប្បន្ននេះ»។
» សូមទស្សនា និងស្តាប់ការលើកឡើងរបស់លោក រស់ សារ៉ុម៖
» សូមអានអត្ថបទទាក់ទង ដោយចុចនៅលើទីនេះ៕