សន្តិសុខ​ក្រុមហ៊ុន​អានកូ យក​កាំភ្លើង​អាកា​ជ្រលរ​អ្នក​បើកបរ​ម្នាក់?

ហេតុការណ៍បានឈាន ដល់ដំណាក់កាលមួយធំដុំ ព្រោះបន្ទាប់ពីប៉ះពារសម្តីគ្នាមួយប្រាវ នៅកន្លែង​ចត​ឡាន សន្ដិសុខ​របស់​ក្រុមហ៊ុន​អានកូ ដែលស្ថិតនៅក្បែរសាលាដំបូង រាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ បាន​រង​ការ​ចោទ​ប្រកាន់ ថា​បាន​​កាន់​កាំភ្លើង​អាកា (AK) គំរាម ទៅ​ដល់​អ្នក​បើកបរ ឱ្យមេធាវី ណាច ទ្រី។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ ទាស់ទែងពាក្យសម្តី នៅកន្លែងចតឡាននេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ៣០នាទី​រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចទល់មុខ ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ក្បែរសាលា​ដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ លោក ញ៉ែម ចន្ថា (ឬញ៉ែម វណ្ណា) ដែលជាអ្នក​បើកបរ​រថយន្ត ឲ្យលោកមេធាវី ណាច ទ្រី ទៅតុលាការ និងជាភាគីជម្លោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ​.អាំងហ្វូ​ថា លោកមិនទាន់ប្រាកដថា នឹងប្តឹងកងសន្តិសុខ របស់ក្រុមហ៊ុន អានកូ នោះនៅឡើយ ទោះជាដំបូង លោក​មាន​អារម្មណ៍​ខឹងខ្លះក៏ដោយ។

អ្នកបើកបររូបនេះ បានពន្យល់ថា៖ «ខ្ញុំអត់ទាន់បានថាប្តឹងទេ ព្រោះខ្ញុំត្រូវឆ្លងកាត់ យោបល់ថ្នាក់លើសិន ថ្នាក់​លើ​ខ្ញុំ (មេ) គាត់អត់ទាន់ដឹងរឿងទេ។ ខ្ញុំនឹងប្រាប់គាត់ថា រឿងបានកើតឡើងអញ្ចឹង គួរប្តឹងឬអត់? បើគាត់ឲ្យប្តឹងបាន​ខ្ញុំប្តឹង បើគាត់មិនឲ្យប្តឹង ក៏បញ្ចប់ទៅ»។ លោក ញ៉ែម ចន្ថា បានបញ្ជាក់បន្ថែមទៀត ពីហេតុការណ៍ដំបូង ដែល​ឈាន​ទៅដល់ជម្លោះនោះថា៖ «ខ្ញុំចតឡាន ព្រោះមេខ្ញុំគាត់ ទៅជម្រះ (ក្ដី) នៅតុលាកាក្រុង។ ខ្ញុំចតឡាននោះ មិន​មែនចតនៅមុខក្រុមហ៊ុន ឬចញ្ចើមផ្លូវ ឬខ្សែរទី១ទេ គឺខ្ញុំបានចតនៅខ្សែរទី២ ហើយខ្ញុំមិនមែនជាអ្នកខុសទេ គឺនគរបាលចររាចរណ៍ សណ្តាប់ធ្នាប់ជាអ្នកខុស បន្ទាប់មកសន្តិសុខ នៅក្រុមហ៊ុនអានកូ មកដេញខ្ញុំពីរដង»។

លោកបន្តសួរ ទៅសន្តិសុខនោះថា៖ «ហេតុអ្វីបានជាដេញ តែឡានរបស់ខ្ញុំ ឡានអ្នកផ្សេងជាច្រើន ចតនៅ​ជាប់ៗ​គ្នាមិនដេញ»។ សន្តិសុខក្រុមហ៊ុនខាងលើ បានតបថា "ចង់ដេញតែឡានរបស់លោក" រួចបន្តបោះ​ពាក្យ​សម្ដី ឲ្យលោកក្នុងពាក្យសម្តីមើលងាយថា «ខ្ញុំគេសោះ មានស័កប៉ុន្មាន (អញ)ដេញមិនចេញ»។ អ្នកបើក​រថយន្ត ឲ្យមេធាវី បានបន្ថែមថា ពេលនោះ សន្តិសុខដែលបានដេញលោក ក៏ដើរទៅយកកាំភ្លើង អាកាបត់ស្វៃ ពណ៍​ក្រហម​ចេញមកជ្រលរលោក តែលោកមិនបានតបតរអ្វីទាំងអស់។ លោកបានទាក់ទង តាមទូរស័ព្ទ ទៅកាន់​អាជ្ញាធរ​ខណ្ឌ ឲ្យជួយអន្តរាគមន៍ រហូតដល់មន្រ្តីខណ្ឌខណ្ឌ៧មករា មកសួរនាំសន្តិសុខរូបនោះ បែរជាឆ្លើយថា «យក​កាំភ្លើង​នេះ ទៅផ្ញើរអ្នកប៉ះកង់ នៅខាងមុខ»ឡាន លោកមេធាវី ណាច ទ្រី។

ក្រៅពីតួនាទីបើកឡាន ឲ្យលោកមេធាវី ណាច ទ្រី នេះ លោក ញ៉ែម ចន្ថា បានអះអាងទៀតថា លោកក៏ជាមន្ត្រី​បម្រើកាងារ នៅក្នុងការិយាល័យកាពារ នៃស្នងការនគរបាល ដែលមានលិខិតពីស្នងការ ឲ្យលោកចុះ​បេសកកម្ម​នេះ អស់រយៈពេល១៣ឆ្នាំ មកហើយ (ការអះអាងនេះ រាងចម្លែកបន្ដិច ត្រង់មន្ត្រីនគរបាល មាន​បេសកកម្ម​មកបើកឡាន ឲ្យមេធាវីម្នាក់?)។ យ៉ាងណាក៏ដោយ លោកថា នេះជាលើកទីមួយហើយ ដែល​មាន​សន្តិសុខ​ប្រមាថលោក ដោយយកកាំភ្លើងមកជ្រលរដូច្នេះ។ ទង្វើនេះ ជាការគម្រាមកំហែងមួយ បើតាមលោក ញ៉ែម ចន្ថា ខ្លួនលោក។

ដោយឡែក បើតាមលោកមេធាវី ណាច ទ្រី ផ្ទាល់ បានបដិសេធថា លោកមិនទាន់បានដឹងរឿងនេះទេ។ លោក​លើកឡើងថា៖ «ខ្ញុំមិនទាន់ទទួលបាន រឿងនេះទេ ខ្ញុំរវល់កាងារ នៅតុលាកាជាប់ជម្រះ (ក្តី) មិនបានដឺងថា យ៉ាង​ម៉េចនោះទេ»។ ទស្សនាវដ្តីមិនអាចសុំការបំភ្លឺបន្ថែម ពីតំណាងក្រុមហ៊ុនអានកូ ពីបញ្ហាសន្តិសុខខាងលើ​បាននៅឡើយ ដោយមិនអាចទាក់ទងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...