ព្រាប កុល៖ ទូរទស្សន៍កម្ពុជា មិនសូវផ្សាយរឿងពុករលួយ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 29, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងចង់ឃើញសារព័ត៌មាន ទូរទស្សន៍ ឲ្យបានច្រើនថែមទៀត ក្នុងការចូលរួម ដើម្បីផ្សព្វផ្សាយ ទាំងរបាយការណ៍ និងកម្មវិធី ដែលយើងបានធ្វើកន្លងមក (ពាក់ព័ន្ធអំពើពុករលួយ)។ (...) កន្លងមក យើងឃើញច្រើន ការផ្សាយព័ត៌មាន តាមវ៉េបសាយ និងវិទ្យុ តែមិនសូវឃើញព័ត៌មាន ផ្សាយតាមទូរទស្សន៍ទេ។ យើងចង់ឃើញ មានការចូលរួមពីពួកគាត់ ឲ្យបានច្រើន។» នេះជាការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលមានជំនាញ ខាងការឃ្លាំមើល អំពើពុករលួយក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន និងទូរទស្សន៍នាពេលកន្លងមកនេះ លោក ព្រាប កុល បានទទួលស្គាល់ថា អ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ ក្នុងការបំពងសំលេង ក៏ដូចជាការអប់រំ ឬការបំផុសឲ្យមានការពិភាក្សា និងស្វែងទៅរកដំណោះស្រាយ ទៅលើបញ្ហា ទប់ស្កាត់«អំពើពុករលួយ»ជាដើម។ លោកថា តាមរយៈនេះ អ្នកសារព័ត៌មាន គ្រប់ស្ថាប័នផ្សព្វផ្សាយ រាប់ទាំងទូរទស្សន៍ផង ជាការលើកកំពស់ ការអប់រំទាក់ទងនឹងតម្លាភាព សុច្ចរិតភាពក្នុងសង្គមកម្ពុជា តាមរយៈការផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងអំពើពុករលួយនេះ។
តេលោកបានបង្ហាញ ការសោកស្តាយ ដែលភាគច្រើននៃបណ្តាទូរទស្សន៍របស់កម្ពុជា មិនសូវយកចិត្តទុកដាក់ ឬចាប់អារម្មណ៍ លើការផ្សព្វផ្សាយ ពីបញ្ហានៃអំពើពុករលួយនេះ ដែលផ្ទុយពីបណ្តាប្រទេសជឿនលឿន និងប្រទេសប្រជាធិបតេយ្យ ដែលបណ្តាញសារព័ត៌មានរបស់គេ ពិសេសទូរទស្សន៍ មានការយកចិត្តទុកដាក់ជាខ្លាំង ទៅលើរឿង ដែលពាក់ព័ន្ធ នឹងការ«ប្រឆាំងអំពើពុករលួយ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថា៖ «ប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យ គាត់យកចិត្តទុកដាក់ ទៅលើប្រធានបទ នៃអំពើពុករលួយនេះណាស់។ រាល់កម្មវិធីធំៗ (ពាក់ព័ន្ធអំពើពុករលួយ) មានការចូលរួមច្រើន ពិសេសទូរទស្សន៍ ដែលគាត់ចូលរួម ដើម្បីផ្សព្វផ្សាយព័ត៌មាន។ នៅប្រទេសយើង សង្កេតឃើញទូរទស្សន៍ដែលមានឥទ្ធិពល ទូរទស្សន៍ធំៗ នៅកម្ពុជាយើងភាគច្រើន មិនទាន់បានយកចិត្តទុកដាក់ ទៅលើបញ្ហាអំពើពុករលួយនេះទេ។ គាត់ច្រើនតែគេច ពីកម្មវិធីណា ដែលទាក់ទងនឹងអំពើពុករលួយ។ (...) មិនសូវធ្វើបទសម្ភាស មិនសូវចាក់ផ្សាយ នូវការពិភាក្សា ដែលទាក់ទងនឹងប្រធានបទ (អំពើពុករលួយ) នេះ នៅឡើយដែរ។»
យ៉ាងណា លោកបានទទួលស្គាល់ថា នាពេលកន្លងមក គ្រប់អ្នកសារព័ត៌មានទាំងអស់ មានកិច្ចសហការគ្នាល្អ ជាមួយអង្គការលោក ក្នុងការចូលរួម ដើម្បីទប់ស្កាត់ និងកាត់បន្ថយ អំពើពុករលួយ តាមរយៈការផ្សព្វផ្សាយ នូវព័ត៌មាននានា ដែលទាក់ទងនឹងអំពើពុករលួយនេះ។ លោកបន្តថា ទាក់ទងនឹងអំពើពុករលួយនេះ អង្គការលោក ក៏មានកិច្ចសហការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអប់រំ និងផ្សព្វផ្សាយលើប្រធានបទ នៃអំពើពុករលួយនេះ ជាបន្តបន្ទាប់។
លោក ព្រាប កុល បានដាក់ក្តីសង្ឃឹម ទៅថ្ងៃខាងមុខថា បណ្តាទូរទស្សន៍ទាំងអស់ ពិសេសទូរទស្សន៍ធំៗ ពួកគាត់នឹងបន្ថែមនូវកម្មវិធីនេះ។ ហើយក្រុមការងារលោក នឹងលើកទឹកចិត្ត ឲ្យពួកគាត់ចូលរួម នូវរាល់កម្មវិធីណាសំខាន់ៗ ការផ្សព្វផ្សាយរបាយការណ៍ ឬកម្មវិធីដែលនិយាយពីប្រធានបទ នៃបញ្ហាអំពើពុករលួយនេះ ឲ្យបានច្រើនថែមទៀត។
» សូមទស្សនាកិច្ចសម្ភាសជាមួយលោក ព្រាប កុល ដូចខាងក្រោម៖