សង្គមស៊ីវិលព្រមានប្រើយន្តការសភា រឿងធ្វើច្បាប់សង្គមស៊ីវិល
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 29, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោយពីបានបញ្ចប់ ការពិនិត្យ និងតាក់តែងដោយក្រសួងមហាផ្ទៃហើយនោះ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយនេះ ត្រូវបានបញ្ជូនបន្ត មកកាន់ទីស្តីការគណរដ្ឋមន្រ្តី ដើម្បីផ្តល់សេចក្តីទុកចិត្ត មុននឹងស្នើដល់រដ្ឋសភា ធ្វើការអនុម័តដោយសម្លេង ៥០ភាគរយបូកមួយ។
រីឯក្រុមអង្គការសង្គមស៊ីវិលឯណេះវិញ បានជួបគ្នាជាថ្មី យ៉ាងប្រញាប់ប្រញាល់ និងបានប្រកាសនូវជំហររបស់ក្រុមខ្លួន ក្នុងការទប់ស្កាត់ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដើម្បីរង់ចាំ ឲ្យមានការពិភាក្សា ល្អិតល្អន់ជាមួយអង្គការសមាគម ជាមុនសិន។
លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការកម្ពុជា (CCC) បានលើកឡើងថា ទាំងរដ្ឋាភិបាន ទាំងសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំងអង្គការសង្គមស៊ីវិល សុទ្ធតែមានឆន្ទះតែមួយ ក្នុងការផ្តល់ពេលវេលា នៃការពិភាក្សាគ្នា រឿងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ពិសេសខាងមន្រ្តីរដ្ឋាភិបាល ក៏មិនចង់ឃើញច្បាប់មួយ ដែលធ្វើឡើយ ដោយមិនមានកិច្ចពិភាក្សា ជាមួយសង្គមស៊ិវិលមុននោះដែរ។
មេដឹកនាំអង្គការដដែលនេះ បានបន្តថា ក្នុងនាមជាអង្គការសង្គមស៊ីវិល នៅតែទាមទាឲ្យមានការពិគ្រោះយោបល់ បើទោះបីមន្រ្តីរដ្ឋាភិបាលនោះ នៅជំនះក្នុងការដាក់ច្បាប់នោះ ឲ្យអនុម័តដោយសភាក៏ដោយ។ លោកបានបញ្ជាក់ដូច្នេះថា៖ «បើកម្រិតក្រសួងមហាផ្ទៃ មិនមានការពិគ្រោះយោបល់ទេ សង្គមស៊ីវិលនឹងធ្វើការទាមទារ ក្នុងកម្រិតទីស្តីការកណរដ្ឋមន្រ្តី។ (…) បើទីស្តីការ នៅតែមិនអនុញ្ញាត ឲ្យមានការពិគ្រោះយោបល់ទៀតនោះ សង្គមស៊ីវិល នឹងប្រើប្រាស់នូវយន្តការសភា ដើម្បីទាមទារ ឲ្យមានការពិគ្រោះយោបល់។»។
លោក សារឿន បានថ្លែងឲ្យដឹងទៀតថា៖ «យើងនឹងធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យមានការពិគ្រោះយោបល់។ យើងនឹងមិនប្រើនូវយន្តការ ដែលធ្វើឲ្យរដ្ឋាភិបាលបាក់មុខទេ។ តែបើគាត់មិនស្តាប់យើង យើងក៏អាចប្រើប្រាស់ នូវយន្តការនេះជាចុងក្រោយ។ (…) រយៈពេលជាងពីរខែមកនេះ បើលោក (រដ្ឋាភិបាល) មិនស្តាប់យើងទេ យើងនឹងប្រើប្រាស់ យន្ដការចុងក្រោយនេះ។»
ពលរដ្ឋមិនគាំទ្រ មានចំនួនជាង២លាននាក់?
សម្រាប់នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) លោក លោក តឹក វណ្ណារ៉ា វិញ បានលើកយកការ«មិន»គាំទ្រ របស់ក្រុមអង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ យុវជនមួយចំនួន តាមបណ្តាខេត្តក្រុងនានា មកបញ្ជាក់ថា អ្នកមិនគាំទ្រ មានចំនួនដល់ ជាងពីរលាននាក់។ ក្រៅពីការ«មិន»គាំទ្រ តាមបណ្តាញសង្គម ហ្វេសប៊ុក និង ទ្វីធ័រ ដែលមានចំនួនរាប់ម៉ឺននាក់ដែរនោះ នៅមានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួ៣៣៦អង្គការ ដែល«មិន»បានគាំទ្រ លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នេះ។
លោក តឹក វណ្ណារ៉ា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា «បញ្ចេញ»នូវសេចក្តីព្រាងច្បាប់ ចុងក្រោយបំផុត ដែលមានលក្ខណៈចម្រូងចម្រាស់នេះ មកដាក់ដើម្បីធ្វើការពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល។ លោកបានបន្តថា ដោយសារភាពស្ងៀមស្ងាត់ របស់រដ្ឋាភិបាលលើបញ្ហានេះ ទើបអង្គការលោក បានបង្កើតឲ្យមាន«សភាយុវជនត្រាប់» មួយសម្រាប់កិច្ចប្រជុំពេញអង្គ លើកទី៥ ដើម្បីក្រើនរំលឹក។
ច្បាប់ ដែលខ្វះធម្មនុញ្ញភាព?
លោក សួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃអង្គការសមាគមការពារ សិទ្ធិមនុស្សកម្ពុជា (CHRAC) បានចាត់ទុកថា សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ជាច្បាប់ដែល«ខ្វះ»ធម្មនុញ្ញភាព។ នាមជាសង្គមស៊ីវិល លោកនឹងឆ្លើយប្រាប់ទៅសាធារណៈជន និងជាតិទាំងមូលថា រដ្ឋាភិបាលកំពុងបង្កើតច្បាប់មួយ ដែលខ្វះ នូវដំណើរការខាងលិទ្ធិប្រជាធិបតេយ្យ និងមិនបានឆ្លើយតប ក្នុងការការពារនូវសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមកិច្ចការសាធារណៈ នោះឡើយ។
លោក ប៊ុនសក្ដិ បានធ្វើការអំពាវនាវ ទៅកាន់មហាជន ដោយនិយាយពាក្យធ្ងន់ៗថា៖ «រដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សកាន់អំណាច បានអនុម័តច្បាប់ ដែលមានទម្រង់យ៉ាងដូច្នេះ វាផ្ទុយទៅនឹងធម្មនុញ្ញ ដែលលើកកម្ពស់សិទ្ធិរបស់ពលរដ្ឋ។ (…) រដ្ឋាភិបាល ដែលដឹកនាំដោយ “បក្ស” បង្កើតនូវគោលនយោបាយ ចង្អៀតចង្អល់យ៉ាងដូច្នេះ តើគួគាំទ្រឬទេ?»
យ៉ាងយូរដើមខែមិថុនា...
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់កំហិតថា សេចក្តីព្រាងច្បាប់សង្គមស៊ីវិល ត្រូវគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សា និងអនុម័តយ៉ាងយូរ ត្រឹមចុងខែឧសភា ឆ្នាំ២០១៥នេះ មុននឹងត្រូវបញ្ជូនទៅរដ្ឋសភា ប្រជុំអនុម័ត ត្រឹមតែសម្លេង៥០%បូកមួយប៉ុណ្ណោះ។
ដូចគ្នានេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ពាក់ព័ន្ថនឹងសេចក្តីព្រាងច្បាប់អង្គការសមាគមនេះ មានការចូលរួមគ្រប់គ្រាន់ ពីសង្គមស៊ីវិល កាលពីឆ្នាំ២០១១រួចមកហើយ។ ដូច្នេះ មិនចាំបាច់ឲ្យមានការពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិលជាថ្មី ក្នុងឆ្នាំ២០១៥នេះទេ។ លោក សុភ័គ បានបន្តថា សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ មានលក្ខណៈគ្រប់គ្រាន់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានចុងក្រោយ ដែលបានឲ្យដឹង នៅក្នុងថ្ងៃទី២៩ ខែឧសភានេះ បានបញ្ជាក់ថា ទីស្តីការគណរដ្ឋមន្រ្តី បានធ្វើការពន្យាពេល ការអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅថ្ងៃទី៥ ខែមិថុនា ខាងមុខវិញ។ ការពន្យាពេលនេះ ព្រោះតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាសាមីក្រសួង ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ កំពុងជាប់បំពេញការងារក្រៅប្រទេស៕