ថតចម្រៀងបង្ហាញសុដន់ខ្លាំង អាចជាប់គុក១០ឆ្នាំ នៅអ៊ូហ្គង់ដា
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ៣១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 31, 2015
- ប្រធានបទ: អនាចារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
១០ឆ្នាំក្នុងពន្ធនាគារ ព្រោះបានថតចម្រៀងមួយ ដែលមានលក្ខណៈ អាសអាភាសជ្រុល សម្រាប់ក្រសែភ្នែក នៃប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអ៊ូហ្គង់ដា។ នេះជាទោស ដែលប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអាហ្វ្រិកខាងកើត មួយនេះ អាចនឹងដាក់ប្រឆាំងនឹងតារាចម្រៀងវ័យ២១ឆ្នាំ នាង ចេមីណា កានស៊ីអីម។ នាងត្រូវបានចោទប្រកាន់ ថាបានប្រព្រឹត្តិល្មើសនឹងច្បាប់ ព្រោះធ្វើរឿងអនាចារ បង្ហាញសាច់សុដន់ និងកំប៉េះគូទ ជ្រុលហួសហេតុ នៅក្នុងឃ្លីបចម្រៀង របស់នាង។
ឃ្លីបចម្រៀងរបស់នាង ដូចលោកអ្នក បានទស្សនានៅខាងលើ មានចំណងជើងដើមថា «In ensolo Yange»។ ឃ្លីបនេះ ត្រូវបានយកមកបង្ហោះ កាលពីចុងខែកញ្ញាឆ្នាំមុន ហើយមានមនុស្សចុចចូល ទៅទស្សនាប្រមាណជា ជាង៥សែនដងហើយ មកទល់សព្វថ្ងៃ។ សម្ដែងអមជាមួយនឹងតារាប្រុសម្នាក់ទៀត នាង ចេមីណា បានបង្ហាញរូបរាងរបស់នាង នៅក្នុងឃ្លីបចម្រៀង នូវឈុតឆាក«ហ៊ានៗ»មួយចំនួន ដែលមនុស្សមួយចំនួន គិតថា នេះជាការបង្កភាពស្រើបស្រាល។
ជាពិសេស សម្រាប់តុលាការក្នុងប្រទេសអ៊ូហ្គង់ដា ឃ្លីបវីដេអូរបៀបនេះ មានលក្ខណៈជាភាពយន្ដ កូនជ្រូក បើគេអនុលោមទៅតាមច្បាប់មួយ ទើបនឹងត្រូវបានអនុម័ត កាលពីខែកុម្ភៈឆ្នាំទៅម៉ិញ។ នាង ចេមីណា និងផលិតករ (អ្នកផលិតវីដេអូឃ្លីប) ត្រូវបានឃាត់ខ្លួន កាលពីខែវិច្ឆិកាកន្លងទៅ។ ពួកនាងត្រូវបានដោះលែងមកវិញ ជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានដាក់ ក្នុងការឃុំខ្លួន អស់រយៈពេល៥សប្ដាហ៍។ សវនាការកាត់ក្ដី ទំនងជាត្រូវធ្វើក្នុងចុងខែនេះ ឬដើមខែក្រោយយ៉ាងយូរ ហើយក៏ជាសវនាការដំបូងគេដែរ ដែលបានយកច្បាប់ថ្មីនោះ មកប្រើប្រាស់។
មេធាវីរបស់តារាចម្រៀង បានសុំឲ្យមានលើកពេលធ្វើសវនាការ រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចលើសេចក្ដីជំទាស់មួយ របស់ក្រុមសកម្មជនដើម្បីសេរីភាព ប្រឆាំងទល់នឹងច្បាប់ខាងលើ។ នាង ចេមីណា បានថ្លែងប្រាប់សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «នៅពេលដែលខ្ញុំថតឃ្លីបនេះ ខ្ញុំមិនគិតថាថាធ្វើវា ដើម្បីឲ្យក្មេងទស្សនាទេ។ ខ្ញុំថតសម្រាប់មនុស្សធំ។ ខ្ញុំក៏មិនបានលក់ ឬចែកចម្រៀងនេះដែរ។ (...) សិទ្ធិ នៃការគិត និងការនិយាយស្ដីរបស់ខ្ញុំ ត្រូវបានលេបត្របាក់។»
អ៊ូហ្គង់ដា ជាប្រទេសតូចមួយ ក្នុងទ្វីបអាហ្វ្រិកខាងកើត ដែលដឹកនាំដោយប្រធានាធិបតី អភិរក្សនិយមជ្រុលមួយរូប។ ឆ្នាំកន្លងទៅ ប្រធានាធិបតីរូបនេះ ក៏បានស្វែងរកការដាក់ទោសទណ្ឌដែរ ទៅរកការផ្សព្វផ្សាយទាំងឡាយ ដែលបម្រើឲ្យក្រុមស្រឡាញ់ភេទតែមួយ។ ប៉ុន្តែការប៉ុនប៉ងនេះ ត្រូវបានច្រានចោល ដោយក្រុមប្រឹក្សាធម្មនុញ្ញ។ យ៉ាងណាក៏ដោយ ក៏ឃ្លីបចម្រៀង របស់តារាចម្រៀងអន្តរជាតិធំៗ ដូចយ៉ាង Beyoncé Madonna ឬ Nicki Minaj ជាដើម សុទ្ធតែត្រូវបានហាមឃាត់ មិនឲ្យចាក់បញ្ចាំង នៅក្នុងប្រទេសឡើយ៕