ជារៀងរាល់ព្រឹក «អូនស្រឡាញ់បងខ្លាំងណាស់!»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារៀងរាល់ព្រឹក បញ្ហាដដែលៗ បានកើតឡើង៖ នាង ជឺនី ហ្សីបស៊ី (Jenny Gibsy) ដែលមានអាយុទើបនឹង២០ឆ្នាំ បានភ្លេចបាត់អស់រលីង នូវអ្វីដែលនាងបានធ្វើ ពីម្សិលម៉ិញ ឬក្នុងពេលកន្លងមក។ សារព័ត៌មាន «Daily Mirror» បានស្រង់សម្ដីយុវតីវ័យក្មេង មករៀបរាប់ថា៖ «ហេតុការណ៍ បានកើតឡើង នៅខែវិច្ឆិកាឆ្នាំទៅម៉ិញ។ ខ្ញុំបានដួល នៅពេលកំពុងធ្វើការងារ។ ថៅកែរបស់ខ្ញុំ បានហៅឡានពេទ្យ មកយកខ្ញុំទៅ ហើយខ្ញុំបានសន្លប់លែងដឹងខ្លួន អស់រយៈពេលជាច្រើនថ្ងៃ។»
គឺនៅពេលនោះហើយ ដែលការពិនិត្យអាការៈ បានចេញលទ្ធផលមកថា នាង ជឺនី បានឈឺជំងឺ ភ្លេចការចងចាំ ដ៏កម្រមួយ ហើយជើងទាំងគូរបស់នាង កម្រើកលែងកើត។ នាងនិយាយទៀតថា៖ «ខ្ញុំក៏បានរងគ្រោះ នឹងជំងឺគាំងដំណើរការខួរក្បាល ដែលបញ្ចេញជារូបរាង កន្ត្រាក់ដៃជើង ចំនួនពីរដង ក្នុងមួយសប្ដាហ៍។ ទាំងអស់នេះ ធ្វើឲ្យខ្ញុំបាត់ការចងចាំ»។
ហើយជារឿយៗណាស់ ដែលនាង បានភ្ញាក់ពីដំណេកឡើង នៅពេលព្រឹក ហើយនាងមិនបាននឹកឃើញ ពីរឿងអ្វីៗក្នុងពេលកន្លងមកសូម្បីតែបន្ដិច បើទោះជា សង្សាបណ្ដូលចិត្តរបស់នាង ឈ្មោះ ស្ទូអាត៍ (Stuart) ដែលនាងមានទំនាក់ទំនង តាំងពី៣ឆ្នាំមកហើយ នោះក៏ដោយ។ បញ្ហានៃខួរក្បាលរបស់នាង បានជំរុញឲ្យនាងបោះបង់ចោល នូវការសិក្សា ដែលនាងកំពុងរៀន នៅសកលវិទ្យាល័យ «Nottingham Trent»។ នាងបាននិយាយថា៖ «ខ្ញុំភ្ញាក់ឡើង សឹងតែរាល់ព្រឹក ដោយមិនចាំពីអ្វីៗក្នុងពេលកន្លងមក មិនចាំថា ខ្ញុំជានរណា ឬនរណាខ្លះ ជាមនុស្សជិតដិតនឹងខ្ញុំ នោះឡើយ»។
ការសិក្សារបស់នាង អាចបាត់បង់ទៅបាន តែនាងមិនចង់បាត់បង់ សេចក្ដីស្នេហារបស់នាង ដែលបានជួយនាង ឲ្យមានរស្មីជីវិត នៅរៀងរាល់ពេល ដែលនាងបាននឹកឃើញឡើងវិញនោះឡើយ។ អញ្ចឹងហើយ នាងមានគំនិតមួយឡើង៖ បង្កើតសៀវភៅ រូបថតអនុស្សាវរីយ៍មួយ ហើយនាងបានបិតរូបថត សំបុត្ររថភ្លើង ឬសំបុត្រការប្រគុំតន្ត្រី... ឬរាល់អ្វីទៀត ដែលនាងធ្លាប់សាង ជាមួយ ស្ទូអាត៍ បុរសកំពូលស្នេហ៍របស់នាង។
នៅពេលដែលនាងភ្លេច នូវរាល់អ្វីៗ បុរសជាសង្សាក៏បានជួយយកសៀវភៅនេះ មកឲ្យនាងដែរ ដោយក្ដីសង្ឃឹមរបស់នាយ ធ្វើយ៉ាងណាឲ្យ ជឺនី នឹកឃើញឡើងវិញ។ ស្ទូអាត៍ បានថ្លែងឡើងថា៖ «ជារឿងងាយម្យ៉ាងដែរ។ បើគ្មានសៀវភៅនេះទេ ជឺនី បានប្រើពេលច្រើនណាស់ ដើម្បីរំលឹករឿងចាស់ឡើងវិញអំពីខ្ញុំ និងធ្វើឲ្យនាង ខឹងមួម៉ៅ កាន់តែខ្លាំងឡើង។»
នៅពេលនេះ នាង ជឺនី កំពុងព្យាយាមលួងលោមខ្លួននាង ពីបញ្ហាដែលកើតឡើង ចំពោះនាង ជាពិសេសពីជើងទាំងគូ របស់នាង។ នាងបានត្អូញត្អែរថា៖ «ខ្ញុំមានសំណាងតិចណាស់ ដែលជើងខ្ញុំទាំងគូ អាចកម្រើកបានឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំចាប់ផ្ដើម ទទួលយក នូវអ្វីៗដែលបានកើតឡើងនេះ។ ខ្ញុំព្យាយាមសន្សំប្រាក់ ឲ្យបានច្រើនបន្ដិច ដើម្បីអាចទិញរទេះរុញមួយ ដែលមានទម្ងន់ស្រាល។»។ ប្រាក់សន្សំទាំងនោះ បានមកពីបណ្ដាអ្នកជិតដិតទាំងអស់ ដែលតែងនៅស្ថិតជុំវិញនាង។ នាងបានថ្លែងថា៖ «ពួកគេទាំងនេះ ពិតជាអស្ចារ្យណាស់ ហើយខ្ញុំពិតជាអាចសង្ឃឹម លើពួកគេបាន»៕