សុខចិត្តទទួលពងមាន់ស្អុយ ព្រោះដឹងខ្លួន ថាបាន«ក្បត់»
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 02, 2015
- ប្រធានបទ: ជីវិតស្នេហ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីឲ្យ បុរសជាសង្សា រួមរស់ជាមួយគ្នា ទទួលទោស ដឹងពីកំហុសរបស់ខ្លួន ដែលបានក្បត់នាងនោះ ស្ត្រីជាតិអូស្ត្រាលីម្នាក់ បានបញ្ជាឲ្យបុរស ជាគូស្នេហ៍របស់ខ្លួន ឲ្យទូលប្រអប់ទឹកដោះគោ នៅពាក់ផ្លាកក្រដាស់ នៅនឹងខ្លួន ហើយឈរនៅតាមផ្លូវ។
ផ្លាកជាក្រដាសនោះ បានសរសេរថា៖ «ខ្ញុំបានកុហក សង្សារបស់ខ្ញុំ។ ខ្ញុំបានរំលាយពាក្យសម្ដី របស់ខ្ញុំ។ ខ្ញុំជាមនុស្សផ្លែល្វា។ ប្រសិនបើមាននរណាម្នាក់ ធ្លាប់ធ្វើឲ្យអ្នករងគ្រោះ ... សូមមេត្តាជេរប្រទេចខ្ញុំមកចុះ។»
គេហទំព័រ «9news.com» បានរាយការណ៍ថា នៅពីមុខ ស្ថានីយរថភ្លើង ញ៉ូថោន (Newtown) ដែលសម្បូរទៅដោយមនុស្សនោះ ស្ត្រីជាច្រើននាក់ ដែលដូចជាចង់សប្បាយ មិនបានទុកឲ្យឱកាសនេះ កន្លងផុតទៅឡើយ។ លោក ជេម ប្រេនសុន (James Branson) អ្នកកាសែតមួយរូប ដែលដើរកាត់តាមនោះ ក៏ឆ្លៀតថតជាវីដេអូ ឃើញមានមនុស្សស្រីបួននាក់ កំពុងគប់ពងមាន់ និងទឹកដោះគោស្អុយ ដាក់បុរសដែលកំពុងរងទណ្ឌកម្ម ក្រោមការសើចសប្បាយ ពីនាងជាសង្សា ដែលឈរនៅក្បែរ។
ដោយទ្រាំឈរមើល តទៅទៀតមិនបាន អ្នកកាសែតបានចូលអន្តរាគមន៍ ដោយសារតែអ្នក ដែលចោលពងមាន់ និងទឹកដោះគោស្អុយ ទាំងនោះ ហាក់ដូចជាធ្វើជ្រុលពេក។ លោក ប្រេនសុន បានសួរទៅអ្នកទាំងអស់នោះ ក្រែងលោពួកគេកំពុងបង្កើតឈុតឆាក បន្លំភ្នែក។ ប៉ុន្តែលោក បានដឹងភ្លាមថា បុរសជាសង្សាកំពុងក្លាយខ្លួន ជាជនរងគ្រោះហើយ ក្នុងពេលនេះ។
លោក ជេម ប្រេនសុន បាននិយាយរៀបរាប់ថា៖ «ដំបូងខ្ញុំគ្រាន់តែសើចប៉ុណ្ណោះ ព្រោះខ្ញុំគិតថា វាជារឿងគួរឲ្យចង់សើច។ តែបន្ទាប់មក ខ្ញុំគិតថា ចុះបើរឿងបែបនេះ កើតឡើងចំពោះស្ត្រីវិញ... វាអាចនឹងកើតរឿងដ៏អាក្រក់ ដែលខ្ញុំត្រូវមានវិប្បដិសារី អស់មួយជីវិត ប្រសិនជាខ្ញុំនៅតែឈរមើល។»៕