សម្រេចចិត្តសម្លាប់ខ្លួន ព្រោះជីវិតត្រូវរំខានដោយវីដេអូមួយ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 01, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបញ្ចេញរូបនាង នៅក្នុងវីដេអូមួយ ដែលមានលក្ខណៈបណ្ដុះបង្អាប់ ហើយត្រូវបានបង្ហោះ ធ្វើឲ្យដឹងអស់ទាំងមនុស្សម្នា នៅក្នុងសង្កាត់របស់នាងនោះ យុវតីជំទង់អាយុ១៥ឆ្នាំមួយរូប បានសម្រេចចិត្តធ្វើអត្តឃាត កាលពីយប់ថ្ងៃអង្គារ កន្លងមកនេះ ដោយបានលោតតាមបង្អួច ពីផ្ទះរបស់នាង ដែលស្ថិតនៅក្នុងក្រុង ស្តាំង (Stains នៃតំបន់ Seine-Saint-Denis) ភាគខាងជើង នៃតំបន់ជាយរដ្ឋធានី ប៉ារីស។ នេះបើតាមប្រភព ពីសមត្ថកិច្ចនគរបាលបារាំង បញ្ជាក់ប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង អាអេហ្វប៉េ។
ប្រភពនោះ បានថ្លែងបញ្ជាក់ថា យុវតីជំទង់ បានលោតតាមបង្អួច ពីផ្ទះរបស់នាង ដែលស្ថិតនៅជាន់ទី៤ នៃអាគារស្នាក់នៅ កណ្ដាលសង្កាត់មួយ សម្បូរទៅដោយមនុស្ស។ឪពុកម្ដាយ និងបងប្អូនប្រុស របស់យុវតី បានស្ថិតក្នុងផ្ទះនោះ នៅពេលដែលហេតុការណ៍កើតឡើង។ ប៉ុន្តែពួកគេ មិនបានចាប់អ្វីប្លែក នៅមុនពេលកើតហេតុ រហូតមកដល់ពេល ដែលឮស្នូរ បោកដ៏ខ្លាំងមួយ ទៅលើដី។
បើតាមប្រភពពីនគរបាល បានបញ្ជាក់ទៀតថា ក្មេងស្រីជំទង់ ទទួលរងនូវបញ្ហាជាច្រើន ដែលបណ្ដាល មកពីរូបភាពរបស់នាង នៅក្នុងវីដេអូមួយ ដែលមានលក្ខណៈបរិហារកេរ្តិ៍ បណ្ដុះបង្អាប់ ដល់រូបនេះ។ វីដេអូនោះ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ហើយមានមនុស្សជាច្រើន រយពាន់នាក់ ជាពិសេសអ្នករស់នៅ ក្នុងសង្កាត់ជាមួយ បានចូលទៅទស្សនា។ បន្ទាប់ពីការផ្សាយ របស់វីដេអូនោះ នាងតូចទំនងជាបានរង នូវសម្ពាធផ្លូវចិត្ត និងការប្រមាថជេរផ្ដាសារ ដែលមិនអាចទ្រាំទ្របាន ពីសំណាក់អ្នកនៅជុំវិញនោះ ថែមទៀត។
យ៉ាងណាក៏ដោយ សាកសពរបស់យុវតី ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ នៅក្នុងវិទ្យាស្ថាន វេជ្ជសាស្ត្រ និងច្បាប់ របស់រដ្ឋធានី ប៉ារីស ហើយការស៊ើបអង្កេត ត្រូវបានបើកធ្វើ ដោយអាជ្ញាធរតំបន់ «Seine-Saint-Denis» ដើម្បីស្វែងរក ពីមូលហេតុពិតប្រាកដ នៃមរណភាពដ៏រន្ធត់នេះ។
នេះ ចាត់ទុកជាការព្រមានមួយ សម្រាប់ឪពុកម្ដាយ ឬអាណាព្យាបាលទាំងអស់ ដែលមានកូនចៅ ចូលដល់វ័យជំទង់ ត្រូវតែធ្វើការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយទាំងឡាយ ដែលបានធ្វើតាមបណ្ដាញផ្សព្វផ្សាយនានា ដូចយ៉ាងទូរទស្សន៍ និងបណ្ដាញសង្គមជាដើម៕