កម្ពុជា កំពុង​ត្រៀម​នាំ​«ស្បែក​ក្រពើ» ចេញ​ទៅ​បារាំង

បន្ថែមពីលើ ការនាំចេញ នូវស្បែក និងសាច់ក្រពើ ទៅកាន់ប្រទេសវៀតណាម ថៃ និងចិន ក្នុងពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជា គ្រោងនឹងនាំចេញ ផលិតផលទាំងនេះ ទៅកាន់ប្រទេសបារាំង ក្នុងពេលឆាប់ៗខាងមុខនេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 01, 2015
  • ប្រធានបទ: ពាណិជ្ជកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពុជា គ្រោងនឹងនាំចេញស្បែកក្រពើ ចេញទៅកាន់ប្រទេសបារាំង ចាប់ពីខែឧសភានេះទៅ ដើម្បីបំពេញតម្រូវការ ដែលកាន់តែមានច្រើនឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប។ នេះបើតាមសេចក្ដីរាយការណ៍ របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក ដោយបានស្រង់សម្ដី អ្នកទទួលខុសត្រូវសមាគម អ្នកចិញ្ចឹមក្រពើ មកបញ្ជាក់។

អនុប្រធានសមាគម ​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើក​ម្ពុជា លោក សេន រិទ្ធិ ដែលមានកសិដ្ឋានចិញ្ចឹមក្រពើ ប្រមាណជិត​១០ ០០០ ក្បាល នៅក្នុងខេត្ត​សៀមរាប បានថ្លែងឡើងថា ស្បែក​ក្រពើ ១០០០ ​ស្បែក​នឹង​ត្រូវ​បាន​គេ​នាំ​ចេញ​ ទៅប្រទេស​បារាំង ​នៅ​ខែ​ក្រោយ។ ស្រង់សម្ដីសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ លោក សេន រិទ្ធិ បានបញ្ជាក់ថា ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ពេញ​​ចិត្ត​ ពី​អ្នក​ទិញ​អន្តរជាតិ​ ដោយ​សារ​តែ​ គុណភាព​របស់​ស្បែក​ក្រពើ និង​ការ​អភិរក្ស​ដ៏​រឹងមាំ​ របស់​សត្វ​ក្រពើ​ព្រៃ ខណៈ​ដែល​​កសិដ្ឋាន​​ចិញ្ចឹម​សត្វ​ក្រពើ​បាន​កើន​ឡើង ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ ឆ្នាំ​កន្លង​មក​នេះ​។

អ្នកជំនាញខាងចិញ្ចឹមក្រពើរូបនេះ បានថ្លែងឲ្យដឹង​ថា​៖ «ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ទិញ​ស្បែក​ក្រពើ​ ពី​ពួក​យើង​ ដោយ​សារ ​តែ​ស្បែក​ក្រពើ​របស់​យើង ​មាន​ភាព​ទន់​ជាង​គេ ហើយ​ប្រទេស​កម្ពុជា ​មាន​ចំនួន​សត្វ​ក្រពើ​ព្រៃ ​ក្នុង​ចំនួន​ច្រើន​បំផុត​ ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ នៅ​ក្នុង​តំបន់​ ដែល​ឆ្លុះ​បញ្ចាំង​ថា យើង​បាន​ធ្វើ​ការងារ​បាន​ល្អ​ នៅ​ក្នុង​ការ​ការពារ​សត្វ​ក្រពើ​ព្រៃ»។

អ្នកចិញ្ចឹមក្រពើ អាច​លក់​កូន​ក្រពើ ​ចាប់​ពី​អាយុ ៣ខែ ដល់ ១២​ខែ ​ក្នុង​តម្លៃ​ពី ១២​ ដល់​ ១៤​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ក្បាល​ ខណៈ​ដែល​ស្បែក​ក្រពើ​ ដែល​មាន​អាយុ ៣​ឆ្នាំ ​អាច​ត្រូវ​គេ​លក់​ក្នុង​តម្លៃ ៨០​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ក្បាល។

អនុប្រធាន​សមាគម​ចិញ្ចឹម​ក្រពើ ​សៀមរាប​អង្គរ ​លោក ​អ៊ុង ​វិសាល ​បានបង្ហាញ​ពី​ក្តី​សង្ឃឹម ​អំពី​ទីផ្សារ​អនាគត ​នៅ​ពេល​ស្បែក​ក្រពើ​កម្ពុជា​ ថានឹងទទួល​បាន ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទិញ​អន្តរជាតិ។ ​ប៉ុន្តែ​លោក​ថ្លែង​ថា ​កសិករ​ចិញ្ចឹម​សត្វ​ក្រពើ​កម្ពុជា​ នៅ​តែ​ប្រឈមនឹងបញ្ហា ​ក្នុង​ការ​ចាប់​យក​ទីផ្សារ​ក្រពើ​ ដែលមាន​តម្លៃ​ខ្ពស់​ ដោយ​សារ​កង្វះ​ដើម​ទុន​ និង​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម។

លោក​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​ អ្នក​ទិញ​មក​ពី​ EU ​កំពុង​ស្វែង​រក​ស្បែក​ក្រពើ​កម្រិត​ C តែ​មួយ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ស្ដង់​ដារ​របស់​ខ្លួន ​​មិន​ពិបាក​សម្រេច​បាន​នោះ​ទេ​។ ពួក​គេ​ផ្ដល់​តម្លៃ​ជាង​១០០​ដុល្លារ​អាមេរិក ​​​ក្នុង​មួយ​​​ក្បាល​សម្រាប់​ កម្រិត ​C​។ ​បើ​ស្បែក​ក្រពើ​របស់​យើង ​អាច​ត្រូវ​បាន​ចាត់​ក្នុង​កម្រិត​ B យើង​ទទួល​បាន​​២០​ភាគរយ​បន្ថែម​ ​និង​​សម្រាប់​កម្រិត​ A ​យើង​ទទួល​បាន​ជាង​​៥០​ភាគ​រយ​»​។​

កសិដ្ឋា​ន​ចិញ្ចឹម​ក្រពើ​ ប្រមាណជា​ ៣៥៧​ ត្រូវ​បាន​ចុះ​បញ្ជី ​​នៅ​ក្រសួង​​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​​នេសាទ​។ កូន​ក្រពើ​ប្រហែ​ល​៥០ ​០០០​ក្បាល ​ត្រូវ​​បាន​នាំ​ចេ​ញ ​​កាល​ពី​ឆ្នាំ​២០១៣ ខណៈការ​នាំ​ចេញ​កូន​ក្រពើ​ ដើម្បី​លក់​ស្បែក ​នៅ​ពេល​សត្វ​ក្រពើ​ធំ​ ត្រូវបានរដ្ឋាភិបាលកម្ពុជាជំរុញ តាំងពីឆ្នាំ ២០០១៥។ នេះបើតាមសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ ដដែល។ សារព័ត៌មាន បាន​ស្រង់​សម្ដីប្រធាន​ផ្នែក​អភិវឌ្ឍន៍​ក្រពើ​ នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ជល​ផល​ លោក ហេង សុវណ្ណារ៉ា​ មកបញ្ជាក់ទៀតថា ដំណើរ​​ការ​​នាំ​ចេញ​ពី​កម្ពុជា​ ត្រូវមានអាជ្ញាប័ណ្ណ​អនុញ្ញាត ជាលក្ខណៈ​អន្តរជាតិ ​ស្តី​ពី​ប្រភេទ​សត្វ​ព្រៃ​និង​ រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ (CITES​) ​ដែលជា​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​មួយ ​រវាង​រដ្ឋាភិបាល និងរដ្ឋាភិបាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...