បណ្ដេញ​ចេញ​ពី​ការងារ​មុន​ថ្ងៃ​ចូល​ធ្វើ ព្រោះ​​សំណេរ​លើ​ហ្វេសប៊ុក

ទើបនឹងរកបានការងារធ្វើ នៅក្នុងទារកដ្ឋានមួយកន្លែង តែស្ត្រីម្នាក់នេះ ត្រូវបានប្រធានទារកដ្ឋាន បណ្ដេញចេញ លែងយកធ្វើការវិញ បន្ទាប់ពីនាងបានបង្ហោះសារមួយ នៅលើជញ្ជាំងហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 30, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនឲ្យតែ នៅលើហ្វេសប៊ុក ម្ចាស់គណនីអាចបង្ហោះអ្វី បានស្រេចនឹងចិត្តនោះទេ។ ជាពិសេស នៅពេលដែល​ការ​បង្ហោះ​នោះ អាចធ្វើឲ្យខ្លួនឯងរងទុក្ខមកវិញ។ តែ នាង ខេតលីន វ័ល (Kaitlyn Walls) អាយុ២៧ឆ្នាំ ទើបនឹងដឹងរឿងនេះ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

ស្ថានីយទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា ស្ត្រីវ័យក្មេងរូបនេះ ដែលមានកូនមួយ និងជាអ្នករស់នៅ ក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក បានបាត់បង់ការងាររបស់ខ្លួន នៅមុនពេល ដែលខ្លួនត្រូវចាប់ផ្ដើមការងារ នៅថ្ងៃដំបូង​ទៅ​ទៀត។ គ្រោះអាក្រក់នេះ បានកើតឡើង ដោយស្មានមិនដល់ បន្ទាប់ពីនាងរកបានការងារ នៅក្នុងទារកដ្ឋានមួយ និង​ក្រោយ​ពីនាង បានស្វែងរកការងារ ជាច្រើនខែកន្លងមកហើយ ដោយគ្មានបានលទ្ធផល ជាដុំកំភួននោះ។

ប៉ុន្តែការ​រមាស់​ដៃ ផ្ទៃមិនឆ្អែតរបស់នាង បាននាំរឿងនេះមកឲ្យនាង។ នៅលើជញ្ជាំងហ្វេសប៊ុក នៃគណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន នាង ខេតលីន វ័ល បានសរសេរថា៖ «ខ្ញុំចាប់ផ្ដើមការងារថ្មីរបស់ខ្ញុំ នៅថ្ងៃនេះ តែខ្ញុំមិនចូលចិត្តធ្វើការ នៅក្នុង​ទារកដ្ឋាន​អញ្ចឹងទេ»។ ហើយនាងថែមទាំងឆ្លើយបញ្ជាក់អះអាង ពីន័យនៃការសរសេរខាងលើនេះ ទៅនឹងការ​រិះគន់​ទាំង​ឡាយ ដែលបានសរសេរតប ក្នុងមតិយោបល់។ នាងអះអាងថា៖ «ឡុល (lol) មិនអីទេ។ ខ្ញុំគ្រាន់តែមិនចូលចិត្ត ឲ្យក្មេងៗ នៅជុំវិញខ្ញុំប៉ុណ្ណោះ។»

សម្ដីនិយាយលេង ដែលមិនចេញពីក្រអៅ បេះដូងរបស់នាង មិនបានមកជួយនាង ក្នុងការងារដែលនាងខំរកបាន ទាំង​លំបាកនោះឡើយ។ សម្ដីរបស់នាងទាំងនេះ បានដឹងដល់ប្រធានទារកដ្ឋាន ដែលបានចាត់វិធានការ បញ្ឈប់នាងភ្លាមៗ ខណៈនាងមិនទាំងទាន់ បានចាប់ផ្ដើមការងារនេះផង។

នាង ខេតលីន បាននិយាយសោកស្ដាយថា៖ «ខ្ញុំពិតជាត្រូវការ នូវការងារមួយនេះណាស់។  ខ្ញុំចិញ្ចឹមកូនខ្ញុំតែម្នាក់ឯង អញ្ចឹងខ្ញុំសាកល្បង ធ្វើយ៉ាងណា ដើម្បីដោះស្រាយជីវិតខ្លួន និងកូនឲ្យបាន។ ខ្ញុំបានយំ នៅពេលដែលខ្ញុំ បានអាន​នូវ​ចម្លើយ​ទាំងអស់ នៅលើហ្វេសប៊ុក។ ខ្ញុំអត់មានចង់ធ្វើអាក្រក់ ជាមួយនរណាទេ។»

ប៉ុន្តែ នាងខ្លួនឯង បានទទួលស្គាល់ថា ខ្លួន​ពិត​ជាបានធ្វើ នូវកំហុសដ៏ធំមួយ។ នាងនិយាយថា៖ «ជាកំហុសដ៏ធំ​មួយ​របស់​ខ្ញុំ។ ខ្ញុំអត់មានស្អប់ក្មេង ទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណឹង ខ្ញុំមានកូនស្រីម្នាក់ ដែលខ្ញុំស្រឡាញ់ចង់លេប។ តែពីថ្ងៃនេះ​ត​ទៅ ខ្ញុំលេងបង្ហោះអ្វីផ្ដេសផ្ដាសទៀតហើយ។»

នេះ ជាមេរៀន។ មិនមែនស្រាប់តែនាង ខេតលីន វ័ល តែម្នាក់ទេ តែសម្រាប់មនុស្សគ្រប់រូប ដែលត្រូវតែចែកឲ្យដាច់ ពីពិភពការងារ និងពិភពឯកជន ជាពិសេសនៅលើបណ្ដាញសង្គម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...