មាជ សុវណ្ណារ៉ា៖ កុំយកខ្ញុំ ជាចំណាប់ខ្មាំងនយោបាយ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 17, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងលិខិតមួយ សរសេរដោយដៃរបស់លោក មាជ សុវណ្ណារ៉ា ចេញពីពន្ធនាគារព្រៃសរ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានក្នុងយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សុំកុំឲ្យយករូបលោក ទៅធ្វើជាចំណាប់ខ្មាំងនយោបាយ នៃការចរចា ជុំវិញបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប។ លោកបានសរសេរថា៖ «ខ្ញុំសុខចិត្តជាប់គុក រស់នៅក្នុងគុកអស់មួយជីវិត ឲ្យតែគ.ជ.ប ឯករាជ្យ»។
លោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរបញ្ជាដោយរដ្ឋាភិបាល នៅត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យ ព្រះអង្គឌួង ខណៈលោកកំពុងធ្វើដំណើរតាមរថយន្ត នាវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា។ ក្នុងថ្ងៃដដែលនោះ លោកត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅមន្ទីរអប់រំកែប្រែម១ ព្រៃសរ ក្រោមបទចោទ«ញុះញង់ ឲ្យប្រព្រឹត្តិអំពើកុប្បកម្ម ការប្រើអំពើហិង្សា និងការប្រឆាំងមន្ត្រីរាជការសាធារណៈ» នៅក្នុងព្រឹត្តិការណ៍វាយតប់គ្នា ដោយហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។
នៅក្នុងលិខិតសរសេរដោយដៃ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ទៀតថា រូបលោកមិនសំខាន់ទេ។ ផ្ទុយទៅវិញ លោកត្រូវការឲ្យពលរដ្ឋបានសុខ នយោបាយមានដំណើរការ មិនជាប់គាំង និងប្រព័ន្ធបោះឆ្នោតឯករាជ្យ សេរី ត្រឹមត្រូវ យុត្តិធម៌។
ករណីចាប់ខ្លួនរបស់លោក ត្រូវបានមតិសាធារណៈមួយចំនួន បូករួមទាំងគណបក្សសង្គ្រោះជាតិ និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលវិស័យសិទ្ធិមនុស្ស នៅកម្ពុជាផង និយាយថា ជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ជាខែល ដើម្បីអនុវត្តនូវនយោបាយ«ចាប់ចងមុន ដើម្បីស្រាយនៅក្រោយការចរចា» របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងបញ្ហាដ៏ចម្រូងចម្រាស នៃការបង្កើតគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត «ឯករាជ្យថ្មី»មួយ។
តែនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី១២ ខែវិច្ឆិកា គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ការចាប់ចងមនុស្សច្រើននាក់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជាការអនុវត្តច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងអំពើប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ របស់បុគ្គលទាំងនោះ។
លោកមេធាវី ចាន់ ចេន ការពាក្ដីឲ្យលោក មាជ សុវណ្ណារ៉ា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៧ ខែវិច្ឆិកានេះថា ការចាប់ឃុំខ្លួនកូនក្ដីលោក ជាបណ្ដោះអាសន្ននោះ គឺជាការរំលោភបំពានទៅលើសិទ្ធិបុគ្គល។ គ្មានការសង្ស័យពីតុលាការទេ តែតុលាការបានសម្រេចឃុំខ្លួន ដើម្បី«ការស៊ើបអង្កេត» ខណៈលោក មាជ សុវណ្ណរ៉ា មានអាស័យដ្ឋាន ទីលំនៅ និងការងាច្បាស់លាស់ អាចផ្ដល់កិច្ចសហការដល់ការស៊ើបអង្កេត របស់តុលាការបានគ្រប់ពេល។ លោកមេធាវី ចាន់ ចេន បានបញ្ជាក់ទៀថា៖ «ការពិតចំណុចនេះ វាមិនមែនជាការសង្ស័យទេ។ បើសង្ស័យ សង្ស័យថាកូនក្តីគាត់ប្រព្រឹត្តិ ឬមិនប្រព្តឹត្តិ។ តែផ្ទុយទៅវិញ មានភស្តុតាងជាច្រើន ដែលកូនក្តីរបស់ខ្ញុំលោក មាជ សុវណ្ណារ៉ា គាត់ឥតមានបានប្រព្រឹត្តិ ដូចការចោទប្រកាន់។»
មិនអាចទាក់មន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការបកស្រាយ ជុំវិញការលើកឡើងខាងលើនេះបានទេ នៅពេលនេះ៕
លិខិតចារដោយដៃ របស់លោក មាជ សុវណ្ណរ៉ា៖