កងទ័ពថៃ ប្រកាសថា នឹងរៀបចំកិច្ចប្រជុំការងារធំមួយ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងទ័ពថៃ ដែលបានប្រកាសថា ខ្លួនទើបនឹងទទួលបានការគាំទ្រពីព្រះមហាក្សត្រ បន្ទាប់ពីបានធ្វើរដ្ឋប្រហារនោះ ទើបនឹងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំកិច្ចប្រជុំការងារដ៏ធំមួយ នៅពេលខាងមុខនេះ។
កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)
នយោបាយថៃ - អ្នកនាំពាក្យរបស់របបដឹកនាំយោធា ដែលទើបនឹងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងនឹងអញ្ជើញគ្រប់តំណាងទាំងអស់ ពីខាងក្រសួងមន្ទីរនានា និងពីនាយកដ្ឋានផ្សេងៗ ដូចជានគរបាលជាតិជាដើម ដើម្បីជួបប្រជុំ និងចាប់ផ្ដើមធ្វើការងារ»។
អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក លោក ប្រាយុទ ចាន់អ៊ូចា បានប្រកាសដោយខ្លួនលោក កាលពីរសៀលថ្ងៃចន្ទថា ព្រះមហាក្សត្រថៃ បានយល់ស្របជាផ្លូវការ នូវការតែងតាំងលោកជាប្រមុខដឹកនាំក្រុមប្រឹក្សា ដែលកងទ័ពបង្កើតឡើង ដើម្បីដឹកនាំប្រទេសថៃ។ ក្នុងពេលជាមួយគ្នានោះ លោកបានព្រមានសារជាថ្មីថា លោកនឹងប្រើប្រាស់កម្លាំង ដើម្បីបង្ក្រាបទៅបាតុកម្មណាក៏ដោយ ដែលចង់ប្រមូលគ្នាធ្វើបន្តទៀត។
លោក ប្រាយុទ បានអះអាងថា កម្មវត្ថុចំបងរបស់លោក គឺត្រូវតែរៀបចំការបោះឆ្នោតឡើងវិញ ឲ្យបានរហ័សបំផុត តែលោកមិនបានថ្លែងដល់ពីកាលវិភាគមួយ នៅឡើយ។
បាតុករជាច្រើនពាន់នាក់ ដែលមិនបានខ្វល់នឹងច្បាប់អាជ្ញាសិករបស់កងទ័ព បានប្រជុំគ្នាធ្វើបាតុកម្មកាលពីថ្ងៃចន្ទទី២៦ ខែឧសភានេះ នៅខាងមុខស្ដូបជ័យជំនះ កណ្ដាលរាជធានីបាងកក ដើម្បីបរិហាពីរដ្ឋប្រហារ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោត។ បាតុកម្មនេះ បានទទួលនូវការប៉ះទង្គិចស្រាលមួយ ជាមួយនឹងកងកម្លាំងរៀបចំសណ្ដាប់ធ្នាប់ ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងខ្លាំងក្លានោះទេ។
បាតុកម្មនេះបានបំបែកជួរនៅវេលាល្ងាច តែបាតុករបានសន្យាគ្នាថា នឹងវិលត្រឡប់មកវិញនៅថ្ងៃនេះទៀត។
កងទ័ពបានចេញច្បាប់អាជ្ញាសិក កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក មុននឹងបានធ្វើរដ្ឋប្រហារនៅពីថ្ងៃក្រោយមក ដោយបានធ្វើការហាមប្រាមការប្រជុំជួបជុំគ្នា ចាប់ពី៥នាក់ឡើង និងបានបិទមិនឲ្យមានចរាចរណ៍ ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង ៥ភ្លឺ៕