ខេមរៈ សេរីមន្ត បាក់ខ្លាចគ្រោះថ្នាក់ ប្រកាសឈប់ទៅខេត្តព្រះសីហនុ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) លោក ខេមរៈ សេរីមន្ត បានចេញមកបដិសេធថា លោកមិនបានទៅច្រៀងនៅខេត្តព្រះសីហនុ ក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ Smartនោះ មិនមែនដោយសារតែមានជាប់ពាក់ព័ន្ធ ជាមួយជម្លោះរវាង លោក ព្រាប សុវត្តិ និងក្រុមហ៊ុនស្មាតនោះទេ។ មូលហេតុពិតប្រាកដនោះ គឺលោកនៅមានការខ្លាចរអារ ត្រង់កន្លែង ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទៅកាន់ខេត្តព្រះសីហនុ។
តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)
តារា - ចាប់តាំងពីបាន ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ត បានបិទចោល និងបដិសេធការច្រៀង និងការងារទាំងអស់ ដែលតម្រូវទៅខេត្តព្រះសីហនុ បើទោះបីជាមានតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ។
លោកខេមរៈ សេរីមន្ត ធ្លាប់បានប៉ាន់ប្រមាណប្រាប់គេគ្រប់គ្នាថា យ៉ាងហោច៥ឆ្នាំទៀត ទើបលោកនឹងពិចារណាបើកឆ្លងផ្លូវជាតិលេខ៤ ដើម្បីធ្វើដំណើរតាមផ្លូវនោះវិញ។ ពេលនេះ ទោះជាខាតបង់ប៉ុន្មាន ក៏លោកមិនទទួលយកការងារទាំងអស់ សម្រាប់ទឹកដីខេត្តព្រះសីហនុមួយនេះដែរ។ ការលើកឡើងរបស់តារាចម្រៀងរូបនេះ ស្របគ្នានឹង ក្រុមគ្រួសាររបស់លោក ដែលធ្លាប់ព្រលយប្រាប់តារាសិល្បៈដូចគ្នាដែរថា គ្រូទាយប្រាប់មិនឲ្យលោក ខេមរៈ សិរីមន្ត ឆ្លងកាត់តំបន់គ្រោះថ្នាក់នោះឡើយ ក្នុងរយៈពេល៥ឆ្នាំ រាប់គិតចាប់ពីបានកើតឡើង នូវគ្រោះថ្នាក់បុករថយន្ត ជាមួយរថយន្តកុងតឺណឺនោះ។
បើតាមការទម្លាយនេះ ទំនងជាតារាចម្រៀងរូបនេះ អាចនឹងគេចចេញពីផ្លូវជាតិលេខ៤ ឬខេត្តព្រះសីហនុយូរទៀត។ នោះជាករណី ដែលតារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ មិនមានវត្តមានទៅច្រៀង ក្នុងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្មាត នាខេត្តព្រះសីហនុ កាលពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក។ អវត្តមាននេះ ត្រូវបានលោក ខេមរៈ សេរីមន្ត បកស្រាយប្រាប់គេហទំព័រក្នុងស្រុកមួយថា គឺដោយសារតែលោក មិនហ៊ានធ្វើដំណើរ ទៅកាន់ទីនោះ ក្រោយជួបឧបទ្ទេវហេតុចរាចរណ៍ដ៏រន្ធត់រួចមក មិនមែនដោយសារតែជាប់ពាក់ព័ន្ធទៅនឹងរឿងចម្រូងចម្រាស់ រវាងលោក ព្រាប សុវត្ថិ ជាមួយក្រុមហ៊ុនស្មាត នោះទេ។
ទៅគ្រប់ខេត្ត តែអត់តែខេត្តព្រះសីហនុមួយ ...
លោកបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ទឹកដីខេត្តព្រះសីហនុ នៅតែធ្វើអោយ លោកមានការខ្លាចរអារនៅឡើយ បើទោះជាហេតុការណ៍គ្រោះថ្នាក់បុករថយន្ត ដែលបានកើតឡើងនៅម្តុំវាលរេញ បានកន្លងផុតទៅជាងមួយឆ្នាំក៏ដោយ។ និយាយរួម លោកនឹងឆ្លងកាត់ ផ្លូវជាតិ៤ ត្រឹមទីរួមខេត្តកំពង់ស្ពឺប៉ុណ្ណោះ ចំណែកបន្តពីនោះ គឺបិទចោលតែម្ដង បើទោះជាមានអ្នកណា ទទូចឲ្យលោកបន្តដំណើរដើម្បីការងារកើបប្រាក់ ក្នុងមួយលើកបានប៉ុន្មាននោះក៏ដោយ។
លោកបន្ថែមថា លោកនឹងទទួលយកការសម្តែង និងច្រៀង នៅគ្រប់បណ្តាខេត្តទាំងអស់ លើកលែងតែទឹកដីខេត្តព្រះសីហនុមួយចេញ ដែលលោកសុំមិនបង្ហាញវត្តមាន៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤